- ដោយ សាយ មុន្នី
លោក សម រង្ស៊ី ប្រកាសពន្យារពេលការវិលត្រឡប់ប៉ុន្តែបញ្ជាក់ជំហរថានឹងត្រឡប់ចូលកម្ពុជាវិញ
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយ បានប្រកាសតាមបណ្ដាញសង្គម Facebook របស់លោក ប៉ុន្មាននាទីមុននេះថា ផែនការនៃការវិលត្រឡប់ចូលទៅក្នុងប្រទេសកម្ពុជាវិញតាមទីក្រុងបាងកកប្រទេសថៃ «ប្រហែលជាត្រូវពន្យារពេលបន្តិច» ដោយសារលោកអះអាងថាបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃ បានទទួលបញ្ជា«ពី[ថ្នាក់]ខ្ពស់មែនទែន» មិនអនុញ្ញាតឱ្យលោកឡើងជិះយន្តហោះ ដែលលោកគ្រោងនឹងជិះពីទីក្រុងប៉ារីសប្រទេសបារាំង ឆ្ពោះទៅទីក្រុងបាងកក ប្រទេសថៃ។
ការប្រកាសនេះ ធ្វើឡើង ក្រោយពីលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ត្រូវបានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើនបានរាយការណ៍ថា បានបដិសេធសំណើរបស់លោក សម រង្ស៊ី ដែលបានស្នើសុំការអនុញ្ញាតឆ្លងកាត់ប្រទេសថៃ ដើម្បីធ្វើដំណើរមាតុភូមិនិវត្តន៍ចូលក្នុងប្រទេសកម្ពុជាវិញ ក្រោយពីលោកបានរស់នៅនិរទេសខ្លួនក្នុងទីក្រុងប៉ារីសប្រទេសបារាំងអស់រយៈពេល៤ឆ្នាំ។
សារព័ត៌មានរ៉យទ័រ (REUTERS) បានឲ្យដឹងថា លោក សម រង្ស៊ី ដែលបានប្តេជ្ញាថានឹងវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញបាននិយាយថាគាត់ត្រូវបានរារាំងកាលពីថ្ងៃព្រហស្បតិ៍មិនឲ្យឡើងយន្តហោះពីទីក្រុងប៉ារីសទៅទីក្រុងបាងកក។
លោក សម រង្ស៊ី បង្ហោះសារតាម ធ្វីតធឺថា៖ «គ្មានអ្វីផ្លាស់ប្តូរនៅក្នុងផែនការធ្វើដំណើររបស់ខ្ញុំទេ។ ខ្ញុំកំពុងរៀបចំហោះហើរទៅកាន់ទីក្រុងបាងកកពីទីក្រុងប៉ារីសនាប៉ុន្មានម៉ោងខាងមុខនេះ។ របាយការណ៍ផ្ទុយពីនេះគឺជាព័ត៌មានក្លែងក្លាយ»។