ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​ផ្សព្វផ្សាយ​តិចតូច​អំពី​ការ​ធ្វើ​អាជីវ​កម្ម​លើ​ធនធាន​ធម្មជាតិ


ស្ថានីយ៍​ប្រេង​ឥន្ធនៈ​ Chevron មួយ​កន្លែង។
ស្ថានីយ៍​ប្រេង​ឥន្ធនៈ​ Chevron មួយ​កន្លែង។

ការ​ស្ទង់​មតិ​មួយ​បង្ហាញ​ថា​ ​ក្រុម​អ្នក​ជំនួញ​ខ្មែរ​ក្នុង​សហគ្រាស​ធុនតូចនិង​មធ្យម​មាន​ការ​យល់​ដឹង​តិចតួច​អំពី​ការ​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​មូលហេតុ​ដោយសារ​តែ​កង្វះ​ការ​ផ្ដល់​ព័ត៌មាន​ដល់​ពួក​គេ។

ការ​ស្ទង់​មតិ​មួយ​ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅថ្ងៃ​អង្គារ​នេះបាន​បង្ហាញ​ថា​ ​មា្ចស់​សហ​គ្រាស​ធុនតូច​ ​និង​មធ្យម​ភាគច្រើន​ ​មិន​បាន​ដឹង​អំពី​នីតិវិធី​ ​និង​ការ​រីកចម្រើន​ជឿនលឿន​នានា​នៅ​ជុំវិញ​ការ​ធ្វើ​អាជីវ​កម្ម​ធនធានរ៉ែ​ ​ឧស្ម័ន ​និង​ធនធាន​ប្រេង​ ​ឬ​ហៅ​ថា​ ឧស្សាហ​កម្ម​និស្សារណ​កម្ម​នោះ​ទេ។

ក៏ប៉ុន្តែ​របាយ​ការណ៍​ស្ទង់មតិ​ទៅ​លើ​ម្ចាស់​សហ​គ្រាស​ចំនួន​៥៤៨​នាក់​ ​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​១៦បង្ហាញ​ថា​ ​អ្នក​ជំនួញ​ទាំងនោះ​ត្រូវការ​ឲ្យ​រដ្ឋាភិបាល​គ្រប់គ្រង​ឲ្យ​បាន​ល្អ​នូវ​ចំណូល​ធនធាន​ធម្មជាតិ។

លោក​នៅ ​សីហា ​ប្រធាន​ក្រុម​ស្ទង់​មតិ​ ​បាន​បង្ហាញ​របាយ​ការណ៍​នេះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​ ​ក្រៅពី​ក្រុម​ហ៊ុន​រុករក​ប្រេង​ ​Chivron​ ​របស់​សហ​រដ្ឋ​អាមេរិក​ ​ក្រុម​សហ​គ្រឹន​ធុនតូច​ និង​មធ្យម​មិន​បានយល់​ដឹង​អំពី​នីតិវិធី​បន្ថែម​ច្រើន​នោះ​ទេ។

«មិនដឹងថា​ ​គេ​កំពុង​រុករក​នៅ​តំបន់ណា? ​គេ​កំពុង​ដេញ​ថ្លៃ​នៅ​តំបន់ណា?​ ​ហើយ​ក្រុមហ៊ុន​ណា​ជា​អ្នក​ទទួល​អាជ្ញាប័ណ្ណ?​ កំពុង​ត្រូវបាន​ជ្រើសរើស? ​មិនសូវ​ដឹងរឿងទេ។ ​ភាគច្រើន​អត់សូវ​មាន​អ្នកដឹង​ទេ។​ ហើយ​ដល់​ពេល​ដឹងស្រាប់តែ​ឮ​អំពី ​Chivron ​ដែល​ល្បីជាង​គេ»។

លទ្ធផល​នៃ​ការ​ស្ទង់​មតិ​បង្ហាញ​ថា​ ​កង្វះ​ការ​យល់ដឹង​ទាំងនោះ​គឺ​ដោយសារ​តែ​ខ្វះ​ការ​ផ្តល់​ព័ត៌មាន​ តាម​បណ្តាញ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​ស្ទង់​មតិ​ដដែល​លើកឡើង​ថា​ ​៧០ភាគរយ​នៃ​អ្នក​ទទួល​សម្ភាសន៍​រំពឹង​ថា​ ការ​ធ្វើ​អាជីវកម្ម​ប្រេង​ ឧស្ម័ន​ និង​រ៉ែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ។​ ក៏ប៉ុន្តែ​ពួកគេ​នៅ​ខ្វល់ខ្វាយ​អំពី​អំពើ​ពុករលួយ​ ​ដែល​រីករាល​ដាល​នៅ​ក្នុង​ប្រទេស​សព្វ​ថ្ងៃ​នេះ។

៣៨​ភាគរយ​នៃ​សហគ្រឹន​ចំនួន៥៤៨នាក់​យល់​ថា​ ​រដ្ឋាភិបាល​អាច​នឹង​គ្រប់គ្រង​ចំណូល​ពីការ​ធ្វើ​ អាជីវ​កម្ម​ធនធាន​ធម្មជាតិ​ទាំងនេះ។​ រីឯ​៣១​ភាគរយ​ទៀត​គិត​ថា​ ​រដ្ឋាភិបាល​ពុំមាន​លទ្ធភាព​គ្រប់គ្រង​ ចំណូល​នោះ​ទេ​ ​ដោយសារ​តែ​អំពើ​ពុករលួយ។ ​ហើយ​អំពើ​ពុករលួយ​នេះ​នៅ​មិនទាន់​មាន​យន្តការ​គ្រប់គ្រង​ឲ្យ​បាន​ល្អ​នៅ​ឡើយ។

យ៉ាងណា​ក៏ដោយ​ ​៣១ភាគរយ​នៃ​អ្នក​ត្រូវ​បាន​សម្ភាសន៍​ផ្សេង​ទៀត​មិន​ផ្តល់​យោបល់​អំពី​ការ​គ្រប់គ្រង​ចំណូល​នៃ​ឧស្សាហ​កម្ម​និស្សារណ​កម្ម​នេះ​ទេ។

ការ​ស្ទង់​មតិនេះ​ផ្តួចផ្តើម​ដោយ​អង្គការ​សម្ព័ន្ធភាព​កម្ពុជាដើម្បី​តម្លាភាព​ចំណូល​ធនធាន​ធម្មជាតិ។

ប្រទេស​កម្ពុជា​រំពឹង​ថា​ ​នឹង​ចាប់ផ្តើម​ធ្វើការ​ផលិត​ប្រេង​ជាលើក​ដំបូង​នៅ​ក្នុង​ខែធ្នូ​ឆ្នាំ​២០១២​ ​ដោយ ក្រុមហ៊ុន​អាមេរិកាំង​ ​Chevron ​ដែល​កាន់កាប់​ប្លុក«A» ​នៅក្នុង​ដែន​សមុទ្រ​កម្ពុជា។

ចំណូល​ពីឧស្ម័ន​និង​ធនធាន​ប្រេង​អាច​នឹង​កើន​រហូត​ទៅ​ដល់​១.៧០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២១។

យោង​តាម​ការ​ស្ទង់​មតិ​ដដែល​បាន​បង្ហាញ​ទៀត​ថា​ ​ក្រុម​សហគ្រឹន​ប្រាថ្នា​ចង់ឲ្យ​មាន​ការ​គ្រប់គ្រង​ចំណូល​អំពី​ឧស្សាហ​កម្ម​និស្សារណ​កម្ម​នេះ​ ​ឲ្យ​បាន​ល្អ​ ​ហើយ​ចំណូល​ទាំងនេះ​គួរតែ​ត្រូវ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ​ការ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ និង​បន្ធូរ​បន្ថយ​ពន្ធអាករ​ជាដើម។

លោក​ម៉ម សម្បត្តិ​ ​ប្រធាន​អង្គការ​សម្ព័ន្ធ​ភាព​កម្ពុជាដើម្បី​តម្លាភាព​ចំណូល​ធនធាន​ រំពឹង​ថាប្រទេស​កម្ពុជា​អាច​នឹង​គេច​ផុត​ពី​បណ្តាសារ​ធនធាន​ធម្មជាតិ។

«យើង​សង្ឃឹម​ថា​ ​ប្រទេស​ដែល​ពោរពេញ​ទៅ​ដោយ​ទឹកចិត្ត​មេត្តា ​ករុណា​ ​មុទិតា​ ​និង​ឧបេក្ខានេះ​នឹង​ បាន​ទទួល​ពរជ័យ​ពី​ធនធាន​ធម្មជាតិ​ ​ដែល​មាន​ច្រើន​សន្ធឹកសន្ធាប់​ទាំងនេះ»។

ដោយឡែក​ លោក​ស្មាន ទៀត​ ​តំណាងរាស្រ្ត​មក​ពី​គណបក្ស​កាន់​អំណាច​ ​និង​ជា​អនុប្រធាន​ គណៈ​កម្មាធិការ​ហិរញ្ញ​វត្ថុ ​និង​ធនាគារ​របស់​រដ្ឋសភា​ ​មាន​ប្រសាសន៍​ថា​ ​នៅ​មិនទាន់​ដល់​ពេល​វេលា​ជជែក​លម្អិត​អំពី​ចំណូល​ធនធាន​ធម្មជាតិ​នៅ​ឡើយ​ទេ។

ដោយ​ឡែក​ ​លោក Glenn Kandle​ ​ទីប្រឹក្សា​នយោបាយ​ ​និង​គ្រប់គ្រង​ឧស្សហ​កម្ម​និស្សារណ​កម្ម​ របស់​អង្គការ​កម្ម​វិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ​ UNDP​ ​មាន​ប្រសាសន៍​ថា​ ​គេ​គួរតែ​យល់​ថា​ ​បច្ចុប្បន្ន​នេះ​ ​ប្រទេស​កម្ពុជា​នៅ​ក្មេង​ខ្ចីណាស់​ក្នុង​ផលិតកម្ម​ប្រេងនិង​ឧស្ម័ន៕

XS
SM
MD
LG