កាលពីថ្ងៃទី៣១មិនាកន្លងមកនេះ ក្រុមមន្ត្រីសាលាក្រុងឡូវែល មកធ្វើបទបង្ហាញអំពីគម្រោងបង្កើតទីក្រុងខ្មែរ A Little Cambodia នៅមជ្ឈមណ្ឌលគាំពារសុខភាពមនុស្សចាស់ គឺ Lowell Elder Care នៃទីក្រុងឡូវែល។ បទបង្ហាញនេះពន្យល់អំពីម្រោងអភិវឌ្ឍន៍ Little Cambodia ឬ Cambodia Town។ ឈ្មោះជាភាសាខ្មែរមិនទាន់បានកំណត់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែអាចមានឈ្មោះថា ភូមិវប្បធម៌ខ្មែរនៃក្រុងឡូវែល ភូមិខ្មែរនៃក្រុងឡូវែល ឬកូនទីក្រុងខ្មែរនៃក្រុងឡូវែល។
លោក Bernard Lynch ដែលជានាយកគ្រប់គ្រងទីក្រុងឡូវែល Lowell City Managerបានដឹកនាំមន្ត្រីសាលាក្រុម៥នាក់មកធ្វើបទបង្ហាញ និងសួរយោបល់ពលរដ្ឋខ្មែរ-អាមេរិកាំង ដែលជាពាណិជ្ជករ តំណាងសហគមន៍ និងសមាគមខ្មែរ។លោក Lynch មានប្រសាសន៍ប្រាប់អ្នកចូលរួមជិត១០០នាក់យ៉ាងដូច្នេះថា៖
«កន្លងមកសាលាក្រុងបានជួសជុលផ្លូវ កែលម្អឧទ្យានប៉ៃលិន ដែលជាមណ្ឌលកីឡា កន្លែងលេងបាល់ ហើយការខិតខំប្រឹងប្រែងជាបន្តនៅថ្ងៃនេះគឺការបង្កើតតំបន់ពិសេសមួយដែលហៅថា ភូមិខ្មែរ ឬទីក្រុងខ្មែរដើម្បីជាការទទួលស្គាល់នូវការចូលរួមចំណែកទាំងសេដ្ឋកិច្ច វប្បធម៌ នយោបាយរបស់សហគមន៍ខ្មែរនៅក្នុងទីក្រុងឡូវែល»។
លោកបន្ថែមថា កន្លងមកសាលាក្រុងបានចំណាយប្រហែល៣០ម៉ឺនដុល្លារ ហើយសាលាក្រុងវាយតម្លៃថា ក្នុងដំណាក់កាលចាប់ផ្តើមគម្រោងនេះ សាលាក្រុងឡូវែលនឹងចំណាយរវាង៦០០០០០ ឬ៧០០០០០ដុល្លារ គួបផ្សំនឹងថវិកាភាគទានពីសហគមន៍ពាណិជ្ជករខ្មែរ។ គម្រោងនេះនឹងចាប់ផ្តើមជាផ្លូវការនៅរដូវក្តៅក្នុងពេលយ៉ាងយូរ៣ខែទៀត។ ការអភិវឌ្ឍនិងការកែលម្អទីក្រុងខ្មែរនេះនឹងបន្តរហូត ដូច្នេះមិនអាចកំណត់ថា គ្រោងទាំងមូលចំណាយអស់ប៉ុន្មានទេ។
ក្នុងពេលធ្វើបទបង្ហាញអំពីម្រោងអភិវឌ្ឍន៍Little Cambodia ឬ Cambodia Townនេះ លោក Adam Baccke ជំនួយការរបស់នាយកគ្រប់គ្រងទីក្រុងឡូវែល មានប្រសាសន៍ថា នៅតាមផ្លូវសំខាន់ចំនួន៤ចូលទីក្រុងខ្មែរ ឬភូមិខ្មែរនេះ នឹងមានខ្លោងទ្វារ ឬ រូបចម្លាក់ ឬ ស្លាកសញ្ញា ដែលមានរចនាបថវប្បធម៌ខ្មែរដើម្បីបង្ហាញប្រាប់អ្នកដំណើរថា គេបានចូលដល់ភូមិខ្មែរ ឬក្រុងខ្មែរ។
លោកមានប្រសាសន៍ថា៖ «នេះគឺជាគម្រោងបង្កើតក្រុងខ្មែររបស់យើង។ ទីមួយនឹងមានការដាក់ស្លាកសញ្ញាសម្គាល់ ដូចជាខ្លោងទ្វារសម្គាល់ថា ហ្នឹងគឺជាខ្លោងទ្វារចូលក្រុងខ្មែរ ឬក៏អ្វីផ្សេងៗ ដែលមានរចនាបថជាខ្មែរ»។
លោក Bacckeបន្តថា សាលាក្រុងនិងសហគមន៍ខ្មែរគួររៀបចំកម្មវិធីកម្សាន្តផ្សេងៗដើម្បីផ្សព្វផ្សាយ និងទាក់ទាញចំណាប់អារម្មណ៍ចំពោះគម្រោងនេះ។
លោករ៉ាស៊ី អាន នាយកប្រតិបត្តិនៃសមាគមខ្មែរក្រុងឡូវែល មានប្រសាសន៍ថា ខ្មែរម្ចាស់ហាងជាច្រើនចាប់អារម្មណ៍នឹងគ្រោងនេះ ហើយចង់កែលម្អកន្លែងរកស៊ីរបស់ខ្លួនឲ្យមានលក្ខណៈជាខ្មែរ។ លោកសង្ឃឹមថា ការអភិវឌ្ឍទីក្រុងខ្មែរនេះនឹងបង្កើនការងារធ្វើ បង្កើនសកម្មភាពរកស៊ី សកម្មភាពទេសចរណ៍ សកម្មភាពវប្បធម៌ ហើយជាលទ្ធផល សាលាក្រុងនឹងកើនចំណូលពន្ធពីការរីកចម្រើននេះ។
លោកមានប្រសាសន៍ថា «សាលាក្រុងបានជម្រាបថា ដើម្បីឲ្យកិច្ចការនេះរីកចម្រើន គេត្រូវការឲ្យអ្នកណាចង់ចូលរួមខាងហ្នឹង ដូចជាយើងមានមុខរបររកស៊ីអ្វីមួយ យើងចង់ធ្វើឲ្យហាងយើងមានរចនាស្អាត យើងត្រូវចំណាយ២០% សាលាក្រុងចំណាយ៨០%»។
លោកពន្យល់ថា ម្ចាស់ហាងត្រូវលើកគម្រោងកែលម្អ ឬគម្រោងអភិវឌ្ឍន៍កន្លែងរកស៊ីរបស់ខ្លួនជូនទៅសាលាក្រុង ហើយបើសាលាក្រុងយល់ថា វាទាក់ទងនឹងគម្រោងអភិឌ្ឍន៍របស់សាលាក្រុង នោះសាលាក្រុងនឹងជួយចំណាយ៨០%។
អ្នកចូលរួមទាំងអស់អបអរសាទរគម្រោងនេះ។
លោកឈួរ ហេង អាយុជាង៥៤ឆ្នាំ បានសម្តែងការគាំទ្រ ហើយប្តេជ្ញាថា នឹងចូលរួមភាគទានដល់គម្រោងនេះ ជាពិសេសការធ្វើខ្លោងទ្វារ ឬរូបចម្លាក់ជារចនាបថខ្មែរ។
«មានផ្សារខ្មែរ បងប្អូនស្រុះស្រួល។ លុយខ្ញុំសុំស្ម័គ្រចិត្តជួយមុនគេ។ បើច្រើនអត់មានទេ តែបើល្មមរត់រួច ខ្ញុំស្ម័គ្រចិត្តជួយ។ សូមអរគុណ អស់យោបល់»។
អ្នកស្រីហាក់ ស៊ីផន មករស់នៅស.រ.អា.ក្នុងឆ្នាំ១៩៨៥ជាមួយប្តី និងកូន៤នាក់។ អ្នកស្រីនិយាយថា៖
«ខ្ញុំត្រេកអរណាស់ដែលបានគេធ្វើអញ្ចឹង សប្បាយចិត្ត។ គេចង់បានយោបល់យើង»។
រីឯអ្នកស្រី ដាយអិន ហាំង ដែលមករស់នៅក្នុងស.រ.អា.ក្នុងឆ្នាំ១៩៨១ បន្ថែមថា «ខ្ញុំគាំទ្រ១០០%។ ខ្ញុំសប្បាយចិត្តមែនទែន ហើយវាស្រួល សម្រាប់អ្នកមកពីក្រៅ គេដឹងថា ចូលកន្លែងហ្នឹងគឺចូលក្រុងខ្មែរយើងហើយ»។
លោករស់ វង្ស ប្រធានមណ្ឌលគាំពារសុខភាពមនុស្សចាស់នៃក្រុងLowell និងលោក Bernard Lynch បានសម្រេចឲ្យធ្វើបទបង្ហាញនិងពិភាក្សាគម្រោងក្រុងខ្មែរនៅមណ្ឌលគាំពារសុខភាពមនុស្សចាស់ ព្រោះអតីតជនភៀសខ្លួនទាំងនេះជាអ្នកបង្កើតសហគមន៍ខ្មែរនៅទីនេះ។
លោករស់ វង្សពន្យល់ថា «យើងទទួលស្គាល់ថា ចាស់ៗដឹកនាំកូនខ្មែរ។ ដូច្នេះហើយគាត់មកទីក្រុងនេះ៣០ឆ្នាំ។ គាត់រត់ យកក្មេងជំនាន់ខ្ញុំមក គេចគ្រាប់ គេចអម្បែង ទម្រាំមកដល់ស្រុកនេះ។ ហើយគាត់អត់ចេះភាសា ខំធ្វើការឲ្យក្មេងជំនាន់ក្រោយទៅរៀន មានការងារល្អ គ្រួសារល្អ។ គាត់ធ្វើការច្រើន ដើម្បីជួយសង្គមខ្មែរឲ្យលូតលាស់ សង្គមខ្មែរលូតលាស់ ជួយថែទាំវប្បធម៌ខ្មែរ។ ដូច្នេះហើយ បើគេបង្កើត Little Cambodiaក្នុងទីក្រុងឡូវែល គេគួរមកទីនេះ ព្រោះចាស់ៗយើងនេះជាអ្នកមេដឹកនាំ»។
ម្ចាស់ហាងដែលរវល់ មិនមានពេលមកចូលរួមស្តាប់គម្រោងអភិវឌ្ឍន៍នេះក៏បានសម្តែងការគាំទ្រដែរ។
លោកយុទ្ធគឺជាម្ចាស់ហាង7 Video ស្ថិតក្នុងតំបន់គម្រោងអភិវឌ្ឍន៍នេះ។ ហាងរបស់លោកមានលក់ឌីវីឌី ខារ៉ាអូខេ កុនខ្មែរ និងកុនបរទេស ហើយនឹងផលិតផលសិប្បកម្មខ្មែរជាដើម។
លោកនិយាយថា «វាជាមោទនភាពសម្រាប់ប្រជាជនខ្មែររស់នៅទីក្រុងឡូវែលផងដែរ ដែលមានទីក្រុងខ្មែរ។ រកចំណូលកាន់តែច្រើន ហាង ដូចជាហាងខ្ញុំ បង់ពន្ធកាន់តែច្រើន។ ហើយសាលាក្រុងយកចិត្តទុកដាក់នឹងសមាគម សហគមន៍ខ្មែរ ឲ្យមានមុខមានមាត់»។
អ្នកស្រីម៉ាលី ម្ចាស់ហាងលក់ទំនិញ និងភោជនីយដ្ឋានប៉ៃលិន មានប្រសាសន៍ថា អ្នកស្រីមានគំនិតរៀបចំហាងទំនិញរបស់អ្នកស្រីឲ្យមានរចនាបថ លក្ខណៈខ្មែរតាំងពីមុនគម្រោងអភិវឌ្ឍន៍របស់សាលាក្រុងម៉្លេះ ពីព្រោះហាងរបស់អ្នកស្រីបានរៀបចំកម្មវិធីសិល្បៈ វប្បធម៌ខ្មែរជាច្រើន ដូចជាការសម្តែងរបស់តារាចម្រៀង សិល្បៈករមកពីប្រទេសកម្ពុជា។
អ្នកស្រីមានប្រសាសន៍ថា «ខ្ញុំពេញចិត្តណាស់ក្មួយ។ ខ្ញុំគិតថា បើគេអត់ជួយចេញ ក៏ខ្ញុំនៅតែធ្វើ។ គិតអញ្ចឹងរួចហើយ។ យើងចង់បានកន្លែងហ្នឹងស្អាត ចង់បានកន្លែងហ្នឹងជាខ្មែរ។ ប៉ុន្តែដល់ឥឡូវសាលាក្រុងគេចាប់ផ្តើមធ្វើអញ្ចឹង ដូចថា ការស្រម៉ៃរបស់យើងបានសម្រេច»។
លោកអ៊ូ សុវណ្ណ មន្ត្រីកុងស៊ូខ្មែរប្រចាំក្រុងឡូវែល និយាយថា ការបង្កើតក្រុងខ្មែរនេះនឹងជួយពង្រីកទំនាក់ទំនងជំនួញរវាងជនជាតិខ្មែរនៅក្រុងឡូវែល និងពាណិជ្ជករខ្មែរនៅស្រុកខ្មែរ។
«ការបង្កើតក្រុងខ្មែរហ្នឹងមានសារៈប្រយោជន៍ក្នុងការបង្កើនមុខរបរអ្នកបើកហាងលក់ម្ហូប ជាពិសេស ថ្មីៗនេះអាជីវករយើងទើបចាប់ផ្តើមនាំអង្ករខ្មែរចូលទីក្រុងដែលមានខ្មែររស់នៅ ដូចជាក្រុងឡូវែលនេះតែម្តង។ កាលណាយើងមានហាងលក់ទំនិញ និងសិប្បកម្មច្រើន វានឹងបង្កើតការងារធ្វើសម្រាប់ខ្មែរយើងនៅទីនេះ»។
អ្នកចូលរួមទាំងអស់មានមោទនភាពនឹងគម្រោងនេះ ហើយគេចាប់អារម្មណ៍ជាពិសេសទាក់ទងនឹងការរៀបចំឲ្យមានរចនាបថវប្បធម៌ខ្មែរនៅទីក្រុងខ្មែរ ឬភូមិខ្មែរនេះ៕