សាកសពពលរដ្ឋលីប៊ីដែលបានស្លាប់នៅក្នុងការប្រយុទ្ធរបស់ពួកឧទ្ទាមក្នុងការដណ្តើមទីក្រុង ទ្រីប៉ូលី នៅដេករណូករណែកតាមដងផ្លូវខាងក្រៅអតីតអាគារស្នាក់ការកណ្តាលរបស់លោក ម៉ូអាម៉ារ ហ្កាដាហ្វី (Moammar Gadhafi)។ ប៉ុន្តែខណៈពេលដែលក្រុមប្រឆាំងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការតបតរបស់ក្រុមរដ្ឋាភិបាលតាមកន្លែងមួយចំនួននោះក៏ដោយ ក៏ប្រជាពលរដ្ឋ លីប៊ី ភាគច្រើន ប្រមើលមើលហូសពីព្រឹត្តិការណ៍ដ៏ខ្លោចផ្សាកាលពីសប្តាហ៍មុន ដោយពួកគេសង្ឈឹមថាប្រទេស លីប៊ី នឹងក្លាយជាប្រទេសដ៏ថ្មីស្រឡាងបំផុត និងធម្មតាមួយ។
ហេឋារចនាសម្ព័ន្ធភាគច្រើនឋិតនៅដដែល។ យន្តហោះចម្បាំងរបស់អង្គការ អូតង់ បានបំផ្លាញហេឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលជាច្រើន ប៉ុន្តែ ហេឋារចនាសម្ព័ន្ធជាមូលដ្ឋានសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ គឺទឹក អគ្គីសនី អាហារ ដែលកំពុងតែខ្វះខាតនោះ កំពុងចាប់មានឡើងវិញហើយ។
លោក ហ្វីតូរី អាប៊ុល ខាដឺរ៍ (Fitori Abdl Khadr) ដែលជាអ្នករស់នៅក្នុងរដ្ឋធានីដែលភាគច្រើនកាន់កាប់ដោយពួកឧទ្ទាម ចង់រក្សាចលនាវិវត្តនេះឲ្យមានបន្តទៅមុខ។
«ពួកយើងត្រូវឈប់ប្រយុទ្ធគ្នា ហើយពួកយើងត្រូវចាប់ផ្តើមកសាងប្រទេស»។
ឈរក្បែរឆ្នេរសមុទ្រ មេឌីទែរ៉ាណេ (Mediterranean) លោក អាប៊ុល ខាដឺរ៍ (Abdl Khadr) អាយុ២៣ឆ្នាំ ដែលមានស្ពាយកាំភ្លើងលើស្មាទទួលស្គាល់ថាការប្រយុទ្ធគ្នាមិនទាន់ចប់សព្វគ្រប់នៅឡើយទេ។ ពួកឧទ្ទាមទន្ទ្រាំជើងជាន់ពីលើបដារូបលោកហ្កាដាហ្វីដោយមោទនភាព ខណៈពេលដែលប៉ុស្តិ៍ត្រួតពិនិត្យដែលមើលទៅគ្មានរបៀបរៀបរយភាគច្រើននៅជុំវិញរដ្ឋធានីមិនមានបុគ្គលិកធ្វើការនោះ។ លោក អាប៊ុល ខាដឺរ៍ (Abdl Khadr) គិតថាវាស៊ីពេល ប្រហែលមួយសប្តាហ៍ទៀតសម្រាប់ការវាយប្រយុទ្ធគ្នានេះឲ្យបានចប់សព្វគ្រប់។ ក្នុងអំឡុងពេលនេះ គាត់គិតថាកងកម្លាំងប្រឆាំងអាចចែកកិច្ចការគ្នាធ្វើបាន។
«យើងអាចបង្កើតក្រុមខ្លះសម្រាប់ប្រយុទ្ធ និងក្រុមខ្លះទៀតសម្រាប់ការកសាង ប្រទេស។ យើងត្រូវការឲ្យប្រទេសលីប៊ីត្រឡប់ទៅរកភាពដើមវិញឲ្យបានឆាប់ដូចដែលយើងអាចធ្វើទៅបាន»។
ដោយធ្លាប់ធ្វើជាអ្នកបច្ចេកទេសកុំព្យូទ័រ គាត់សង្ឈឹមថាគាត់អាចចូលរួមក្នុងក្រុមទាំងពីរ។ លោក អាប៊ុល ខាដឺរ៍ (Abdl Khadr) បានឈប់ធ្វើការជាមួយនិងស្ថានីយ៍ទូរទស្សន៍រដ្ឋដែលឥឡូវនេះលែងមានដំណើរការទៅហើយនោះ ហើយបានទៅចូលរួមជាមួយនឹងគោលគំនិតរបស់ក្រុមប្រឆាំងកាលពី ៣ខែមុន។ ប៉ុន្តែគាត់និយាយថាភាពស្មោះស្ម័គ្ររបស់គាត់ជាមួយនិងក្រុមប្រឆាំងមានតាំងពីការចាប់ផ្តើមមាន ការបះបោរដំបូងម្ល៉េះកាលពីខែកុម្ភៈ។
«ពេលដែលខ្ញុំធ្វើការជាមួយរដ្ឋាភិបាល ខ្ញុំមើលឃើញព្រឹត្តិការណ៍ទាំងអស់។ ខ្ញុំដឹងរឿងធ្វើបដិវត្តន៍ ប៉ុន្តែរដ្ឋាភិបាលមិនដឹងទេ»។
លោក អាប៊ុល ខាដឺរ៍ (Abdl Khadr) ពន្យល់ពីមូលហេតុដែលគាត់ពន្យាពេលក្នុងការចូលរួមដោយចំហរជាមួយនិងក្រុមប្រឆាំង។ ឪពុករបស់គាត់បានអំពាវនាវឲ្យមានកំណែទម្រង់នៅក្នុងវេទិកាតាមប្រព័ន្ធអ៊ីនធឺណែត ហើយរឿងនេះបានដឹងដល់រដ្ឋាភិបាល។ គាត់និយាយថា គាត់និងឪពុករបស់គាត់ត្រូវបានគេចាប់ឃុំ បន្ទាប់ពីការតវ៉ាបានចាប់ផ្តើមឡើង។ គាត់និយាយថា គាត់ទទួលបានសារព្រមានពីវរសេនីយឯកហ្កាដាហ្វី។
«ខ្ញុំមានការភ័យខ្លាចចំពោះគ្រួសារ និងឪពុករបស់ខ្ញុំ។ ប្រហែលជាគេសម្លាប់គាត់ ហើយ។ អ្នកដឹងទេលោក ហ្កាដាហ្វីជាមនុស្សឆ្កួត។ គាត់សម្លាប់គេគ្រប់គ្នាដោយមិនរុញរា»។
អារម្មណ៍ខ្លាចស្លាប់នេះបានជួយលោកវរសេនីយឯក ហ្កាដាហ្វី ឲ្យដឹកនាំប្រទេស លីប៊ី អស់រយៈពេល ៤២ ឆ្នាំ ដែលជាការដឹកនាំផ្តាច់ការបំផុតមួយធ្វើឡើងតាមភាពចម្លែកខុសគេរបស់បុរសម្នាក់នេះ។ ស្ថាប័នរដ្ឋាភិបាលដែលប្រជាពលរដ្ឋធ្លាប់ស្គាល់មិនមានទៀតទេ។ ចំពោះសង្គមស៊ីវិលដ៏ដូចគ្នានេះដែរ។ ប៉ុន្តែ ក្តីសង្ឈឹមសម្រាប់ប្រទេស លីប៊ី ថ្មីរបស់លោក អាប៊ុល ខាដឺរ៍ (Abdl Khadr) មានគុណប្រយោជន៍មួយ។
«អ្នកដឹងទេ អ្នកដែលប្រយុទ្ធនៅក្នុងការបដិវត្តន៍នេះគឺមិនមែនជាអ្នកល្ងង់ខ្លៅនោះទេ។ ពួកគេជាអ្នកមានជំនាញច្បាស់លាស់។ យើងមានតាំងពីវេជ្ជបណ្ឌិតដែលមានកាំភ្លើង និងចូលរួមប្រយុទ្ធជាមួយពួកយើង។ យើងមានតាំងពីវិស្វករ។ អ្នកគ្រប់គ្នាដែលចូលរួមក្នុងបដិវត្តន៍នេះសុទ្ធតែជាអ្នកដែលមានជំនាញទាំងអស់»។
សម្រាប់លោក អាប៊ុល ខាដឺរ៍ (Abdl Khadr) ប្រសិនបើអ្នកជំនាញទាំងនេះអាចដាក់អាវុធចុះ និងចាប់ផ្តើមកសាងប្រទេសកាន់តែឆាប់ពេលណា គឺកាន់តែល្អពេលហ្នឹង។ សម្រាប់រូបលោកផ្ទាល់ លោកបានត្រឡប់ទៅធ្វើការនៅឯស្ថានីយ៍ទូរទស្សន៍រដ្ឋក្នុង សប្តាហ៍នេះហើយ ដើម្បីធានាថាអង់តែនសម្រាប់ការផ្សាយបន្ទាប់ពីរបបលោក ហ្កាដាហ្វី បានរលំនោះ មានដំណើរការស្រួលបួល៕
ប្រែសម្រួលដោយ ភី សុភាដា