ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រយុទ្ធ​អំពើ​ពុករលួយជា​អាទិភាព​ខ្ពស់​នៃ​យុទ្ធនាការ​របស់​ប្រធានាធិបតីលីបេរីយ៉ា​


លោក​ស្រី​ប្រធានាធិបតី​ អ៊ែលឡិន​ ចនសុន​ សឺរលីហ្វ​ នៃ​ប្រទេស​​លីបេរីយ៉ា​នៅ​ពេល​សម័យ​ប្រជុំ​សន្និសីទ​​កំពូល​នៃ​សហភាព​អាហ្វ្រិក​ទី​១៧​ នៅ​មជ្ឈមណ្ឌល​សន្និសីទ​ស៊ីប៉ូប៉ូ​ នៅ​ទីក្រុង​ម៉ាឡាបូ​ ប្រទេស​អេក្វាតូរីយ៉ាល់​ហ្គីនេនៅ​ថ្ងៃ​ទី​១​កក្កដា​ឆ្នាំ​២០១១។​
លោក​ស្រី​ប្រធានាធិបតី​ អ៊ែលឡិន​ ចនសុន​ សឺរលីហ្វ​ នៃ​ប្រទេស​​លីបេរីយ៉ា​នៅ​ពេល​សម័យ​ប្រជុំ​សន្និសីទ​​កំពូល​នៃ​សហភាព​អាហ្វ្រិក​ទី​១៧​ នៅ​មជ្ឈមណ្ឌល​សន្និសីទ​ស៊ីប៉ូប៉ូ​ នៅ​ទីក្រុង​ម៉ាឡាបូ​ ប្រទេស​អេក្វាតូរីយ៉ាល់​ហ្គីនេនៅ​ថ្ងៃ​ទី​១​កក្កដា​ឆ្នាំ​២០១១។​

នៅ​ក្នុង​ប្រទេស​លីបេរីយ៉ា​ (Liberia)​ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ជា​រឿង​សំខាន់​មួយ​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​ប្រធានាធិបតី។​ នាយក​គណកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​ប្រទេស​លីបេរីយ៉ា​ ស្នើ​សុំ​ឲ្យ​មាន​អំណាច​ដើម្បី​កាត់ទោស​ផ្ទាល់​មក​លើ​មន្ដ្រី​រដ្ឋាភិបាល​ណា​ដែល​បាន​ប្រើ​ប្រាស់​ថវិកា​សាធារណ:​ដោយ​មិន​ត្រឹមត្រូវ។

នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត​សម្រាប់​អាណត្ដិ​ទីពីរ​ លោក​ស្រី​ប្រធានាធិបតី​ អ៊ែលឡិន​ ចនសុន​ សឺរលីហ្វ​ (Ellen​ Johnson​ Sirleaf)​ ថ្លែង​ថា​ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​លោក​ស្រី​ បាន​នាំ​ឲ្យ​អ្នក​វិនិយោគ​ មាន​ការ​ទុកចិត្ដ​មក​លើ​ប្រទេស​ជាតិ​ ដែល​ទើប​នឹង​រើប​រើ​ពី​សង្រ្គាម​ អាយុ​ ១៤​ ឆ្នាំ។

«យើង​ចង់​បង្ហាញ​ទៅ​ពិភព​លោក​ថា​ ប្រទេស​លីបេរីយ៉ា ​អាច​ក្លាយ​ទៅ​ជា​រឿង​នៃ​ប្រទេស​មាន​ជោគជ័យ​មួយ​ នៅ​ពេល​ក្រោយ​សង្រ្គាម ។​ ការ​ចាប់​អារម្មណ៍ល្អ​មក​លើ​យើង​ទាំង​អស់​គ្នា​ នឹង​បើក​ទ្វារ​ឲ្យ​មាន​ការ​គោរព​ពី​អន្ដរជាតិ។​ អ្នក​វិនិយោគ​ច្រើន​លើសលប់​នឹង​យក​ធនធាន​របស់​គេ​មក​ប្រើ​ប្រាស់​ក្នុង​ប្រទេស​យើង»។

គូ​ប្រជែង​នយោបាយ​ មាន​សំណួរ​អំពី​សេចក្ដី​ប្ដេជ្ញាចិត្ដ​របស់ប្រធានាធិបតី​ដោយ​និយាយ​ថា​ រដ្ឋាភិបាល​របស់​លោក​ស្រី​ មាន​ឥទ្ធពល​ច្រើន​ពេក​មក​លើ​អ្វី​ដែល​ហៅ​ថា​ ការ​ស៊ើប​អង្កេត​ឯករាជ្យ។​ លោក​ អាការុស​ គ្រៃយ៍​ (Acarous​ Gray)​ ជា​អគ្គលេខាធិការ​របស់​ក្រុម​ជំទាស់​ធំ​ ហៅ​សភា​សម្រាប់​ការ​ផ្លាស់​ប្ដូរ​តាម​បែប​ប្រជាធិបតេយ្យ​ (Congress​ for​ Democratic​ Change)។

«គណកម្មការ​ជម្រះ​បញ្ជី​ទូទៅ​ (General​ Auditing​ Commission)​ មិន​ត្រូវ​រង់ចាំ​ដើម្បី​ធ្វើ​ការ​ជម្រះ​បញ្ជី​របស់​ក្រសួង​និតិប្រតិបត្ដិ​របស់​រដ្ឋាភិបាល​ លុះ​ណា​តែ​មាន​សេចក្ដី​ស្នើ​របស់​ប្រធានាធិបតី​នោះ​ទេ។ យើង​ចង់​ប្រគល់​ស្វ័យភាព​ទូលំទូលាយ​ទៅ​ឲ្យ​ពួក​គេ​ ដើម្បី​ឲ្យ​អាច​ចូល​ទៅ​បាន​មុន​ ដោយ​មិនមាន​ការ​រឹតត្បឹត»។

លោក​ ចេរ៉ូម​ វែរឌីយេ​ (Jerome​ Verdier)​ ដឹកនាំ​គណកម្មការ​ផ្សះផ្សា​ជាតិ​នឹង​ការពិត​ (Truth​ and​ Reconciliation​ Commission)​ របស់​លីបេរីយ៉ា។​ លោក​ថ្លែង​ថា​ អំពើ​ពុក​រលួយ​មិន​ឈប់​ឈរ​ អាច​បញ្ឆេះ​សង្គ្រាម​ឡើង​វិញ ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ស្រេក​ឃ្លាន​ចង់​បាន​និតិរដ្ឋ។

«អំពើ​ពុករលួយ ​ជា​រឿង​ធ្ងន់ធ្ងរ​បំផុត។​ បើ​បណ្ដោយ​ឲ្យ​ចេះ​តែ​មាន​បន្ដ​ ខ្ញុំ​ជឿជាក់​ថា​ ពលរដ្ឋ​ លីបេរីយ៉ា​ នឹង​ចាត់​ចែង​ការណ៍​ដោយ​ខ្លួន​ឯង។​ ព្រោះ​ថា​បើ​គេ​មិន​មាន​ការ​ទុកចិត្ដ​លើ​តុលាការ​ បើ​គេ​មិន​ទុក​ចិត្ដ​លើ​មេ​ដឹកនាំ​ និង​មេ​ដឹកនាំ​នយោបាយ​ទេ​ តើ​អនាគត​ទៅ​ជា​យ៉ាង​ណា​ទៅ?»។

មេធាវី​ ហ្វ្រាន់ស៊ីស​ ចនសុន​ អាលីសុន​ (Frances ​Johnson​ Allison)​ ជា​ប្រធាន​គណកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ។​ លោក​ស្រី​ថ្លែង​ថា​ កិច្ចការ​របស់​គណកម្មការ​ បាន​ជួប​ប្រទះ​និង​ការ​លំបាក​ដោយសារ​តែ​ការ​ខ្វះខាត​មេធាវី​ និង​ការ​មាន​អំណាច​ច្បាប់​មិន​គ្រប់​គ្រាន់។

«យើង​មិន​មាន​អំណាច​កោះ​ហៅ​គេ​ទេ។​ ហេតុ​ដូច្នេះ​ហើយ​នៅ​ពេល​ដែល​យើង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​និមួយៗ​ បើ​យើង​ហៅ​គេ​ឲ្យ​ចូល​មក​បង្ហាញ​ឯកសារ​ ហើយ​គេ​មិន​ព្រម មក​ យើង​ឈប់តែ​ត្រឹម​នោះ។​ យើង​មិន​អាច​ទៅ​តុលាការ​បាន​ទេ​ ពីព្រោះ​តុលាការ​នឹង​ប្រាប់​យើង​ថា​ ‘យើង មិន​អាច​កោះ​ហៅ​ឯកសារ​បាន​ទេ​ លុះត្រា​តែ​មាន​ករណី​មួយ​ព្យួរ​នៅ​ចំពោះ​មុខ​យើង»។

លោក​ស្រី​ ចនសុន​ អាលីសុន ​កំពុង​ស្នើ​សុំ​ឲ្យ​ក្រុម​អ្នក​តាក់តែង​ច្បាប់​ ប្រគល់​អំណាច​កាត់​ទោស​ផ្ទាល់​ទៅ​ឲ្យ​គណកម្មការ។

«នៅ​ពេល​ដែល​យើង​ធ្វើការ​ស៊ើបអង្កេត​ យើង​ត្រូវ​បញ្ជូន​សេចក្ដី​រាយការណ៍​ ទៅ​ឲ្យ​ក្រសួង​យុត្ដិធម៌​អំពី​ការ​រកឃើញ​ ដោយ​ផ្ដល់​អនុសាសន៍​ឲ្យ​មាន​ការ​កាត់ទោស។ បើ​គេ​មិន​ធ្វើ​ក្នុង​រយៈ​ពេល​បី​ខែ​ទេ​ យើង​អាច​ឡើង​តុលាការ។​ តែ​ ឧបសគ្គ​ គឺ​យើង​មិន​មាន​មេធាវី​ ដែល​ទទួល​យក​ករណី​យើង​ទៅ​ឡើង​តុលាការ»។

លោក​ស្រី ចនសុន​ អាលីសុន ថ្លែង​ថាការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​ លីបេរីយ៉ា​ បាន​ត្រូវ​រឹតត្បឹត មិន​ត្រឹម​តែ​ពី​លក្ខខ័ណ្ឌ​លើ​គណកម្មការ​របស់​លោក​ស្រី​ បុណ្ណោះ​ទេ​ តែ​ពី​អ្វី​ដែល​លោក​ស្រី​ហៅ​ថា​ ការ​ខ្វះ​ការ​ប្តេជ្ញាចិត្ដ​ពី​សាធារណជន​ផង​ដែរ។

«ចំពោះ​ ឥរិយាបថ​សង្គម​របស់​ប្រជាពលរដ្ឋ​ ខ្ញុំ​មិន​ដឹង​ថា​ ពួក​គេ​ត្រៀម​ជា​ស្រេច​ហើយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ ឬ​ទេ។​ ខ្ញុំ​មើល​ឃើញ​ភាព​មាន​យោបល់​ផ្ទុយ​គ្នា។​ មនុស្ស​ខ្លះ​ អ្នក​កាត់​ទោសឲ្យ​ជាប់​គុក ​តែ​សាធារណជន​ស្រែក​តវ៉ា។​ អ្នក​ខ្លះ​ទៀត​មិន​ជា​បញ្ហា​ទេ។​ ហេតុ​ដូច្នេះ​ហើយ​ យើង​ មាន​អារម្ភ​ច្របូក​ច្របល់​ដែរ​ដោយ​មិន​ដឹង​ធ្វើ​អ្វី។​ តើ​យើង​ដែល​ជា​ពលរដ្ឋ​លីបេរីយ៉ា​ចង់​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ ពិត​ប្រាកដ​មែន​ឬ​ក៏​ដូចម្ដេច?។

លោក​ ចូ ប៉េម៉ាកប៊ី​ (Joe​ Pemagbi) អ្នក​សម្រប​សម្រួល​សម្រាប់​ក្រុម​ស្រាវ​ជ្រាវ​សង្គម​ស៊ីវិល របស់​ប្រទេស​លីបេរីយ៉ា​ ហៅ ​ស្ថាប័ន​សង្គម​បើក​ចំហរ​ (Open​ Society​ Institute)។​ លោក​ថ្លែង​ថា​ ទោះ​ជា​គ្មាន​ការ​កាត់ទោស​ក៏ដោយ​ ក៏​ការ​ស៊ើប​អង្កេត​របស់​គណកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​អំពើ​ពុក​រលួយ។

«ដំណើរ​ហេតុ​ដែល​មាន​ការ​ស៊ើប​អង្កេត​លើ​មនុស្ស​ណា​ម្នាក់​ ជួន​កាល​ វា​អាច​ប្រើ​ជា​វិធានការ​ធ្វើ​ឲ្យ​ញញើត​ នៅ​ក្នុង​ការ​បញ្ចេញ​ឈ្មោះ​ឲ្យ​គេ​ស្គាល់​ ឲ្យ​មាន​ការ​អាម៉ាស​មុខ។​ពេល​ណា​គេ​បញ្ចេញ​ឈ្មោះ​អ្នក​ ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​ នោះ​គឺ​វា​ហាក់​ដូច​ជា​បណ្ដាល​ឲ្យ​មាន​ទុយ៌ស​ដល់​អ្នក​ នៅ​ក្នុង​សហគមន៍​ដ៏​តូច​មួយ​នេះ។​ ដូច្នេះ​ គ្រាន់​តែ​ប៉ុណ្ណេះ​ វា​ជា​សមិទ្ធិ​ដ៏​ធំ​មួយ​ដល់​កិច្ចការ​របស់​យើង​ជា​ស្រេច​ទៅ​ហើយ»។

តែលោកស្រី​ ចនសុន​ អាលីសុនថ្លែង​ថា​វា​នៅ​ពុំ​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។

«យើង​ត្រូវការ​ធ្វើ​ឲ្យ​លើស​ពី​ការ​បញ្ចេញ​ឈ្មោះ​ និង​ការ​ធ្វើ​ឲ្យ​អាម៉ាសមុខ​នោះ​ទៅ​ទៀត។​ យើង​ត្រូវ​បញ្ជូន​សញ្ញា​ឲ្យ​បាន​ខ្លាំងក្លា​ជាង​នេះ​ ដូច​ជា​ប្រាប់​ឲ្យ​ដឹង​អំពី​ការ​នាំ​មនុស្ស​ទៅ​កាត់ទោស​ជា​ដើម​ផង​ដែរ»។

លោកស្រី​ចង់​ឃើញ​រដ្ឋាភិបាល​បង្កើត​តុលាការ​ដាច់ឡែក​ មួយ​ដើម្បី​កាត់​សេចក្តី​ករណី​ពុករលួយ​ឲ្យ​បាន​ឆាប់​រហ័ស។​ក្រុម​អ្នក​តាក់តែង​ច្បាប់​ លីបេរីយ៉ា​ កំពុង​ពិចារណា​លើ​សេចក្ដី​ព្រាងច្បាប់​មូយ​ដែល​នឹង​ហាម​ប្រាម​ដល់​ចៅក្រម​ មិន​ឲ្យ​ផ្ដល់​ការ​បង់​ប្រាក់​ធានា​ មិន​ជាប់គុក​ ដល់​មន្ដ្រី​រដ្ឋាភិបាល​ណា​ដែល​ជាប់​ចោទ​ពី​បទ​ប្រព្រឹត្ដ​អំពើ​ពុករលួយ៕

ប្រែ​សម្រួល​ដោយ​ អ៊ូ​ ធួក

វីដេអូថ្មីៗបំផុត

XS
SM
MD
LG