ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រឿង​ចម្រូង​ចម្រាស​ក្នុង​សំណុំ​រឿង​០០៣​និង​០០៤​មាន​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ


អ្នក​វិភាគ​ខ្លះ​និយាយ​ថា ​សេចក្តី​ប្រកាស​ព័តមាន​ដ៏​សំខាន់​របស់​សហ​ព្រះ​រាជ​អាជ្ញា​ អាច​ជា​ការ​ដាក់​សម្ពាធ​ដល់​សហ​ចៅក្រម​ស៊ើប​អង្កេត​ឲ្យ​ធ្វើ​តាម​ការ​ចង់​បាន​របស់​ លោក​សហ​ព្រះ​រាជអាជ្ញា។
អ្នក​វិភាគ​ខ្លះ​និយាយ​ថា ​សេចក្តី​ប្រកាស​ព័តមាន​ដ៏​សំខាន់​របស់​សហ​ព្រះ​រាជ​អាជ្ញា​ អាច​ជា​ការ​ដាក់​សម្ពាធ​ដល់​សហ​ចៅក្រម​ស៊ើប​អង្កេត​ឲ្យ​ធ្វើ​តាម​ការ​ចង់​បាន​របស់​ លោក​សហ​ព្រះ​រាជអាជ្ញា។

អ្នក​ឃ្លាំមើល​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​បង្ហាញ​ឲ្យ​ឃើញ​ថា ​ភាព​ចម្រូងចម្រាស​ចុងក្រោយ​ទាក់ទង​នឹង​ដំណើរការ​នាំខ្លួន​ជន​សង្ស័យ​បន្ថែម​មក​ជំនុំជម្រះ​ទោស​ មាន​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ។

អ្នក​ឃ្លាំមើល​អន្តរជាតិ​មួយ​ចំនួន​សម្រាប់​សាលាក្តី​ខ្មែរក្រហម​កត់​សម្គាល់​ថា​ សម្ពាធ​នយោបាយ​ ដែល​រារាំង​មិនឲ្យ​មាន​ការ​កាត់ទោស​បន្ថែម​លើ​ជន​សង្ស័យ​ជា​កម្មាភិបាល​ខ្មែរក្រហម​នោះ​ ត្រូវ​គេ​ចាត់​ទុក​ថា​ជាស្នូល​នៃ​ភាព​ចម្រូង​ចម្រាសចុង​ក្រោយ​ក្នុង​តុលាការ​កាត់ទោស​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប.។

សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​លោក​ Andrew ​Cayley​ ជនជាតិ​អង់គ្លេស ​បាន​និយាយ​ ជា​ចំហ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​ថា ​សហ​ចៅក្រម​ស៊ើប​អង្កេត​ទាំង​ពីរ​ ខកខាន​មិន​បាន​ស៊ើប​អង្កេត​ឲ្យ​បាន​គ្រប់គ្រាន់​លើ​សំណុំ​រឿង​០០៣​ទាក់ទង​នឹង​ បទ​ឧក្រិដ្ឋ​ ទីតាំង​ឧក្រិដ្ឋកម្ម​ និង​មិន​បាន​កោះហៅ​ជនសង្ស័យ​មក​សាកសួរ​ដើម្បី​នាំ​ខ្លួន​ ជន​សង្ស័យ​បន្ថែម​ទៀត​មក​ជំនុំ​ជម្រះ​ទោស​ទេ។​ ភ្លាមៗ​នោះ​ សហ​ចៅក្រម​ស៊ើប​អង្កេត​ទាំងពីរ​គឺ​ លោក​យូ ប៊ុនឡេង​ និងលោក​ Siegfried Blunk​ ជនជាតិ​អាល្លឺម៉ង់​បាន​ចាត់​ទុក​ថា​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហ​ព្រះរាជ​អាជ្ញា​ជា​ការ​ខុស​ច្បាប់​និង​រំលោភភាព​សម្ងាត់​របស់​តុលាការ​ ហើយ​លោក​ទាំងពីរ​បាន​បង្គាប់​ជា​ផ្លូវការ​និង​ជា​សាធារណៈ​ឲ្យ​លោក​សហ​ព្រះរាជ​អាជ្ញា​លុបចោល​ភាគខ្លះ​នៃ​សេចក្តី​ថ្លែង​ការណ៍​នោះ។

លោក​ Brad Adams​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch​ ទទួល​បន្ទុក​នៅ​តំបន់​អាស៊ី​ បាន​ថ្លែង​ប្រាប់​ វីអូអេ ខ្មែរ ​តាម​រយៈ​ ទូរស័ព្ទ​ថា ​សហចៅក្រម​ស៊ើប​អង្កេត​បាន​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ទាត់ចោល​សំណុំ​រឿង​ទាំង​ឡាយ​ដែល​សហ​ព្រះរាជអាជ្ញា​បាន​ស៊ើប​អង្កេត​យ៉ាង​ល្អិតល្អន់​និង​ច្បាស់លាស់ ​ហើយ​ចៅក្រម​ធ្វើ​ដូច្នេះ​ទំនង​ជា​មកពី​ហេតុផល​នយោបាយ។

«តុលាការ​ឥតលំអៀង​នឹង​និយាយ​ថា​ តាមពិត​ទៅ​លោក​ Cayley ​ជាអ្នក​ដែល​ធ្វើការ​តាម​វិជ្ជាជីវៈ​ រីឯ​លោក​ Blunk​ និង​លោក​យូ ប៊ុនឡេង​គឺជា​អ្នក​ធ្វើការ​តាម​ផ្លូវ​នយោបាយ​ និង​គ្មាន​វិជ្ជាជីវៈ»។

លោក​ Brad Adams ​បាន​អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ព្យាយាម​រារាំង​សឹងតែ​គ្រប់​សំណុំ​រឿង​នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម​តាំងពី​មានការ​ចរចា​បង្កើត​តុលាការ​កាត់ទោស​ខ្មែរក្រហម​ដំបូង​ម្ល៉េះ។​ តែ​លោក​បញ្ជាក់​ថា​ អ.ស.ប.​ ដែល​ចូលរួម​ មាន​តួនាទី​ជំរុញ​ឲ្យ​មាន​ដំណើរការ​ស្វែង​រក​ការណ៍​ពិត​ និងផ្តល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ។​ លោក​ក៏​សង្ឃឹម​ដែរ​ថា​ ចៅក្រម​អ.ស.ប.​នឹង​បំពេញ​តាម​គោល​ការណ៍​នេះ​ដើម្បី​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​កម្ពុជា។

«ប្រសិន​បើ​អ.ស.ប.​មិនអាច​ធ្វើដូច្នោះ​បានទេ​ អ.ស.ប.​គួរតែ​ដើរ​ចេញ​ ពីព្រោះ​ភាគី​កម្ពុជា​មាន​សមត្ថភាព​ ហើយ​ពូកែ​ណាស់​ខាង​បង្កើត​ការ​កាត់ទោស​ដែល​ជា​ឆាកល្ខោន​ និង​ធ្វើ​ការ​កាត់ក្តី​ដើម្បី​ហេតុផល​ និង​ផល​ប្រយោជន៍​នយោបាយ»។

លោក​ Brad Adams ​ថ្លែង​ថា​ មាន​ពលរដ្ឋ​ខ្មែរ​ច្រើន​ណាស់​ដែល​រងគ្រោះ​ និង​ស្លាប់​នៅ​ក្នុង​មហា​វិនាសកម្ម​នៃ​របប​ខ្មែរក្រហម​ ហើយ​វា​ប៉ះ​ទង្គិច​ដល់​កម្ពុជា​យូរ​ណាស់​មក​ហើយ។​ កិច្ចការ​តុលាការ​នេះ​គួរ​ជា​កិច្ចការ​សាធាណៈ​ មិនត្រូវ​បិទ​បាំង​ទេ។

ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ បាន​បដិសេធ​ថា​ រដ្ឋាភិបាល​មិន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង ​និងមិន​ជ្រៀតជ្រែក​ការ​សម្រេច​របស់​តុលាការ​ទេ។ ​លោក​ចាត់ទុក​ថា ​រឿង​របស់​សាលាក្តី​ខ្មែរក្រហម​នៅ​ក្រៅ​កិច្ចការ​របស់​រដ្ឋាភិបាល។

«ការ​សម្រេច​គឺ​អាស្រ័យ​ទៅ​ដោយ​នីតិវិធី​ ហើយ​និង​អាស្រ័យ​លើ​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ដែល​បម្រើការ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​នោះ»។

ទោះជា​យ៉ាងណា​ក៏ដោយ​ រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​មន្ត្រី​ផ្សេងៗ​ទៀត​បាន​ប្រកាស​ជា​សាធារណៈ​ថា​ ខ្លួន​នឹង​រារាំង​មិនឲ្យ​មាន​ការ​នាំ​ ខ្លួន​ពួក​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម​មក​កាត់ទោស​បន្ថែមទៀត​ ក្រៅ​ពី​៥​នាក់​ក្នុង​សំណុំ​ រឿង​០០១​និង​០០២​នោះទេ​ ដោយ​ព្រួយ​បារម្ភ​ថា​ វា​អាច​ប៉ះពាល់​ដល់​សន្តិភាព​និង​សន្តិសុខ។

លោក​បណ្ឌិត​ John Ciorciari ​សាស្ត្រាចារ្យជំនួយផ្នែក​គោល​នយោបាយ​សាធារណៈ​នៃ​សាលា​ Gerald R. Ford ​របស់​សាកល​វិទ្យាល័យ​រដ្ឋ ​Michigan ​បាន​ថ្លែង​ថា​ ការ​ប្រកាស​របស់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​លើ​ករណី​០០៣​និង​០០៤ ​គឺ​ជា​ការ​បញ្ជាក់ថា​ ការ​សង្ស័យ​របស់​ក្រុម​អ្នក​សង្កេត​ការណ៍​លើ​សាលាក្តី​ខ្មែរក្រហម​គឺ​ជា​ការ​សង្ស័យ​ត្រឹម​ត្រូវ។

«ប្រសិន​បើ​សំណុំ​រឿង​០០៣​ និង​០០៤​ ប្រាកដជា​ត្រូវ​ទាល់ចោល​ ហើយ​ទោះ​ជា​សំណុំ​រឿង​០០២​ អាច​ដំណើរការ​បាន​ក៏ដោយ​ ក៏​សាធារណជន​នឹង​មើល​ឃើញ​ថា​សាលាក្តី​នេះ​ស្ថិត​ក្នុង​ការ​ត្រួតត្រា​ដោយ​នយោបាយ​ដ៏តឹងរឹង​ ហើយ​ថែម​ទាំង​មាន​ការ​ជ្រៀតជ្រែក​ជាចំហ​ទៀត​ផង»។

លោក ​Ciorciari ​បាន​អះអាង​បន្ថែម​ថា​ យោងតាម​វិធាន​ផ្ទៃ​ក្នុង ​លោក​សហ​ព្រះរាជ​អាជ្ញា​ Adrew ​Cayley ​មាន​សិទ្ធិ​ក្នុង​ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជា​សាធារណៈ ​ដោយ​ធ្វើការ​សង្ខេប​អំពី​បទឧក្រិដ្ឋ​នានា​ដែល​លោក​បាន​លើក​ឡើង​នៅ​ក្នុង​ដីការ​សន្និដ្ឋាន​ជាបឋម​របស់​លោក​ ដាក់​ជូន​សហ​ចៅក្រម​ស៊ើប​អង្កេត។​ លោក​បាន​បន្ថែម​ ទៀត​ថា​ គេពិបាក​ជៀសវាង​ការ​សន្និដ្ឋាន​ដែល​ថា​ ការ​ស៊ើប​អង្កេត​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​តិចតួច​ ពីព្រោះ​គេគ្រោង​ទាត់​ចោល​សំណុំ​រឿង​ទាំងនេះ​រួច​ទៅ​ហើយ។

លោក ​Jeffrey S. Brand​ ជា​នាយក​និង​ជា​សាស្ត្រាចារ្យ​សាលា​ច្បាប់​នៃ​សាកល​វិទ្យាល័យ​ច្បាប់​ San Francisco​ រដ្ឋ​កាលីហ្វ័រញ៉ា​ បាន​សរសេរ​ប្រាប់​ វីអូអេ ខ្មែរ ​តាម​សារ​អេឡិចត្រូនិច​អ៊ីម៉េល​ថា​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហ​ព្រះរាជ​អាជ្ញា​ លោក​ Andrew​ Cayley ​ធ្វើឡើង​ដើម្បី​ជំរុញឲ្យ​បន្តការ​ស៊ើប​អង្កេត​លើ​អង្គហេតុ​ ដែល​បញ្ជាក់​ក្នុង​សំណុំ​រឿង​០០៣។​ ការ​បង្គាប់​បញ្ជា​ឲ្យ​លោក​ Cayley ​លុបចោល​ភាគ​ខ្លះ​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​នោះ​គឺ​ជា​ភស្តុតាង​បន្ថែម​ទៀត​ ដែល​បង្ហាញ​ថា​ គេ​គ្មាន​បំណង​បន្ត​សំណុំ​រឿង​០០៣​នេះ​ទេ។​ លោក​បាន​សង្កត់ធ្ងន់​ថា​ បញ្ហា​នេះ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​របស់​តុលាការ​ ជា​ពិសេស​ជនរង​គ្រោះ។

«តាម​ទស្សនៈ​របស់ខ្ញុំ​ ការ​បង្គាប់​បញ្ជា​របស់​តុលាការ​ពេលនេះ​មិន​ការពារ​ផល​ប្រយោជន៍​ជន​រងគ្រោះ​ឲ្យបាន​សមរម្យ​ទេ»។

លោក ​Jeffrey S. Brand ​បាន​បន្ថែម​ថា​ តុលាការ​ផ្តល់​ភស្តុតាង​តិចតួច​ក្នុង​សេចក្តី​ សម្រេច​ចុង​ក្រោយ​បំផុត​របស់ខ្លួន​ នូវអ្វី​ជា​អង្គហេតុ​ជាក់លាក់​ ហើយអ្វី​ជា​គ្រោះ​ថ្នាក់​កើត​ចេញពី​អ្វី​ដែល​លោក​ Cayley ​បាន​សរសេរ​នោះ។

«សហ​ចៅក្រម​ហាក់ដូច​ជាព្រួយ​បារម្ភ​ទាក់ទង​នឹង​ទស្សនៈ​របស់​លោក​សហ​ព្រះរាជអាជ្ញា​ Cayley ​ដែល​បង្ហាញ​ពី​ភាព​ចាំ​បាច់​នៃ​ការ​ស៊ើប​អង្កេត​បន្ថែម​នោះ​ ច្រើន​ជាង​ ការ​ព្រួយ​បារម្ភ​អំពី​អង្គហេតុ​ដែល​ត្រូវ​បាន​ទម្លាយ​ការណ៍​ពិត​នោះ»។

សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ លោក​ Andrew ​Cayley ​និង​សហ​ព្រះ​រាជ​អាជ្ញា​ជាតិ ​លោក​ស្រី​ជា លាង​បាន​ខ្វែង​គំនិត​គ្នា​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ជន​សង្ស័យ​បន្ថែម​ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​៥នាក់​សម្រាប់​សំណុំ​រឿង​០០៣​និង​០០៤។ ​ការ​បដិសេធ​របស់​លោក​ស្រី​ធ្វើ​ឡើង​មុនពេល​លោក​ Andrew ​Cayley ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក។​ លោក​ Cayley ​ចាត់​ទុក​ថា​ ជនទាំង​៥នាក់​ថ្មី​នោះ​ស្ថិត​ក្នុង​យុត្តាធិការ​របស់​សាលាក្តី​ ហើយ​វា​ផ្ទុយ​ពី​លោកស្រី​ជា លាង​ ដែល​មាន​ជំហរ​ស្រដៀង​នឹង​ជំហរ​រដ្ឋាភិបាល​ដែល​ថា​ ជន​ទាំងនោះ​មិន​ស្ថិត​ក្នុង​យុត្តាធិការ​ដែល​ត្រូវ​នាំ​ខ្លួន​មក​ជំនុំជម្រះ​ទោស​ទេ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​ Cayley​ បាន​ចេញ​ជា​សារធារណៈ​ នៅ​ពេល​មាន​ការ​ខ្វែង​គំនិត​គ្នា​ នៅពេល​មាន​សម្ពាធ​ពី​ជនរង​គ្រោះ​ដែល​ថា​ ខ្លួន​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​សម្រាប់​ដាក់ពាក្យ​ប្តឹង​ នៅ​ពេល​មានការ​សង្ស័យ​ថា ​រដ្ឋាភិបាល​រារាំង​ និង​នៅពេល​មិនមាន​កិច្ច​សហការ​ល្អពី​ភាគី​កម្ពុជា​ដើម្បី​បន្ត​នីតិវិធី​ក្នុង​ តុលាការ​នោះ។

អ្នក​វិភាគ​ខ្លះ​និយាយ​ថា ​សេចក្តី​ប្រកាស​ព័តមាន​ដ៏​សំខាន់​របស់​សហ​ព្រះ​រាជ​អាជ្ញា​ អាច​ជា​ការ​ដាក់​សម្ពាធ​ដល់​សហ​ចៅក្រម​ស៊ើប​អង្កេត​ឲ្យ​ធ្វើ​តាម​ការ​ចង់​បាន​របស់​លោក​សហ​ព្រះ​រាជអាជ្ញា។

មន្ត្រី​អ្នក​ការ​ទូតម្នាក់​ក្នុង​ទីក្រុង​ញូវយ៉ក ​ដែលជា​តំណាង​ប្រទេស​អ្នកផ្តល់​ជំនួយ​ បាន​ថ្លែង​ថា​ លោក​អគ្គ​លេខា​ធិការ​អ.ស.ប.​ Ban Ki-Moon​ និង​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​សំខាន់ៗ​មួយចំនួន​ ត្រូវ​គេ​ប្រាប់​ឲ្យដឹង​អំពី​រឿង​រ៉ាង​ចុងក្រោយ​ដែល​កើត​ ឡើង​ក្នុង​តុលាការ​ខ្មែរ​ក្រហម។ ​អ្នក​ការទូត​ដដែល​នោះ​អះអាង​ថា​ លោក​ Ban Ki-Moon ​និង​តំណាង​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ត្រូវ​គេ​ជូន​ដំណឹង​ដើម្បី​ឲ្យ​ពិចារណា។

អ្នក​ការទូត​ដដែល​បាន​បន្ថែម​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ធានា​ប្រាប់​អ.ស.ប.​និង​ ប្រទេស​ផ្តល់ជំនួយ​អំពី​ការ​មិន​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ អំពី​ឯករាជ្យ​ភាព​របស់​ តុលាការ។​ ការ​ធានា​នេះ​ធ្វើ​ឡើង​ ជាពិសេស​នៅ​ពេល​លោក​ Ban Ki-Moonបំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​ទៅ។​ មាន​របាយ​ការណ៍​ថា​ ពេល​នោះ​ ​រដ្ឋាភិបាល​បានបញ្ជាក់​ថា​ ខ្លួន​ឈប់​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ ដែលនាំ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព​របស់​តុលាការ​ហើយ។​ គួរ​រំឭក​ដែរ​ថា​ ការ​លាឈប់​ពី​តំណែង​របស់​សហ​ព្រះ​រាជអាជ្ញា​អន្តរជាតិ​គឺ​លោក​ Robert Pertit​ និង​សហ​ចៅក្រម​គឺ​លោក​ Marcel Lemond ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ទាក់ទង​នឹង​បញ្ហា​មិន​មាន​ឯករាជ្យភាព​ និង​មិនមាន​កិច្ច​សហការ​គ្រប់គ្រាន់​ក្នុង​សាលាក្តី​នេះ៕

XS
SM
MD
LG