ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​អាជ្ញា​តុលាការ​លីបង់​បញ្ជាក់​ជំហរ​លើ​ការចោទ​ប្រកាន់​ករណី​ធ្វើឃាត​អតីត​នាយក​រដ្ឋ​មន្រ្តី


លោក​រដ្ឋអាជ្ញា ​ដានីញែល ​ប៊ែឡឺមែរ(Daniel Bellemare) ​នៃ​សាលាក្តី​ពិសេស​នៅ​ប្រទេស​លីបង់។
លោក​រដ្ឋអាជ្ញា ​ដានីញែល ​ប៊ែឡឺមែរ(Daniel Bellemare) ​នៃ​សាលាក្តី​ពិសេស​នៅ​ប្រទេស​លីបង់។

ទីក្រុង​បេរូត៖ ប្រធាន​រដ្ឋអាជ្ញា​របស់​សាលាក្តី​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ ​នៅ​ប្រទេស​លីបង់​ដែល​ស៊ើបអង្កេត​ឃាតកម្ម​សម្លាប់​លោក​ រ៉ាហ្វីគ ហារីរី (Rafig Hariri) ​នាយក​រដ្ឋមន្ត្រី​លីបង់​ ​និយាយ​កាល​ពីថ្ងៃ​អង្គារ​ថា ពាក្យ​ចោទប្រកាន់​ដែល​លោក​បានដាក់​ជូន​តុលាការ​គឺ​ជា​ជំហាន​ទីមួយ​ដើម្បី​បញ្ចប់​និទណ្ឌភាព​ក្នុង​ប្រទេស​លីបង់។

លោក​រដ្ឋអាជ្ញា ​ដានីញែល ​ប៊ែឡឺមែរ(Daniel Bellemare) ​នៃ​សាលាក្តី​ពិសេស​នៅ​ប្រទេស​លីបង់​និយាយ​ថា​ពាក្យ​ចោទប្រកាន់​ដែល​ដាក់​ជូន​តុលាការ​នៅ​ថ្ងៃ​ច័ន្ទ​នឹង​មិន​ទាន់​បើក​បង្ហាញ​បាន​ទេ​នៅ​ពេល​លោក​ ដានីញែល ហ្វានសេន (Daniel Fransen) ចៅក្រម​បុរេ​ជំនុំ​ជម្រះ​ពិនិត្យ​ឯកសារ​ជំនួយ​ក្នុងពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ។​ ​សេចក្តី​ថ្លែង​ការណ៍​ក្នុង​វីដេអូ​ផ្សាយ​តាម​គេហ​ទំព័រ​របស់​សាលាក្តី​នេះ​ ​លោក​ ប៊ែឡឺមែរ​និយាយ​ថា​ការសម្ងាត់​មាន​សារៈ​សំខាន់​ណាស់​ក្នុង​តំណាក់​កាល​ដំណើរ​ការ​នីតិវិធី​នេះ។​ លោក​និយាយ​ថាប្រសិន​ពាក្យ​ចោទប្រកាន់​ទាំង​នេះ​មាន​សុពលភាព​នោះ​ខ្លឹមសារ​ក្នុង​ពាក្យ​ចោទប្រកាន់​នេះ​នឹង​ត្រូវ​ផ្សាយ​ជា​សាធារណៈ។

«សំណួរ​របស់​លោកអ្នក​នៅ​ពេលនេះ​នឹង​ត្រូវ​ឆ្លើយ​នៅ​ពេល​នោះ។ ​នៅ​ពេល​ដំណើរ​ការ​កាត់ទោស​បង្ហាញ​ដំណើរ​រឿង​ ​លោក​អ្នក​នឹង​មាន​ឱកាស​សប្បាយ​ចិត្ត​ចំពោះ​ឥទ្ធិពល​នៃ​ភស្តុតាង​ដែល​យើង​បាន​ប្រមូល។​ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ​ការ​សន្និដ្ឋាន​ផ្តេសផ្តាស់​អំពី​ខ្លឹមសារ​របស់​ពាក្យ​ចោទប្រកាន់​នេះ​នឹង​នាំឲ្យ​ខូច​ប្រយោជន៍​ផ្លូវ​ច្បាប់​ពីព្រោះ​ចៅក្រម​បុរេ​ជំនុំ​ជម្រះ​ប្រហែល​មិន​យល់​ស្រប​ជាមួយ​ខ្ញុំ​ទេ»។​ក្នុង​ប្រទេស​លីបង់​ ការ​ធ្លាយ​ព័ត៌មាន​ពី​សាលាក្តី ​និង​សេចក្តី​អត្ថាធិប្បាយ​របស់​ហះសាន​ណាស្រាល់ឡះ ​ (Hassan​ Nassrallah)​ ប្រធាន​ក្រុម​ហិបូឡា(Hezbollah) បាន​នាំឲ្យ​មាន​ការ​សន្និដ្ឋាន​ជា​ច្រើន​ថា​ ​សមាជិក​របស់​ក្រុម​ជីវពល​និកាយ​ស៊ីអ៊ីត​(Shiit)​ អាច​នឹង​ជាប់​ចោទប្រកាន់​ពីបទ​ដាក់​គ្រាប់បែក​ក្នុង​ឡាន​ក្រុង​នៅ​ឆ្នាំ​២០០៥​ ​ដែល​បាន​សម្លាប់​លោក​ រ៉ាហ្វីគ​ ហារីរី​ នាយក​រដ្ឋមន្ត្រី​លីបង់​ប្រាំ​អាណត្តិ​ និង​មនុស្ស​២២​នាក់​ផ្សេង​ទៀត​នៅ​តាម​មាត់​សមុទ្រ​ក្រុង​បេរូត(Beirut)៕

ប៊ែឡឺមែ​និយាយ​ថា​ ​គេ​មិន​អាច​បង្ខំ​រក​យុត្តិធម៌​ភ្លាមៗ​បាន​ទេ។ ​លោក​និយាយថា​ គេ​ត្រូវ​រក​ភស្តុតាង​គួរ​ទុកចិត្ត​បាន​និង​រឹងមាំ​ ​ហើយ​លោក​និយាយ​ជាថ្មី​អំពីឯករាជ្យ​ភាព​របស់​សាលាក្តី​នេះ។ ​លោក​បន្ថែម​ថា​ ​ជំហាន​ដំបូង​ក្នុង​ដំណើរការ​នីតិវិធី​ក៏​ជា​ជំហាន​ឆ្ពោះ​ទៅរក​ការ​បញ្ចប់​និទណ្ឌភាព​ក្នុង​ប្រទេសលីបង់​ដែរ។

លោក​រដ្ឋអាជ្ញា​និយាយ​សង្កត់​ធ្ងន់​ថា​ ​អ្នក​ត្រូវ​ចោទ​ប្រកាន់​នៅតែ​ជា​ជន​គ្មាន​ទោសពៃរ៍​រហូត​ដល់ពេល​តុលាការ​សម្រេច​ថា​ ​មាន​ទោស។

«វា​មាន​ន័យ​ថា​ ​ក្រុម​រដ្ឋអាជ្ញា​នឹង​ត្រូវ​បញ្ជាក់​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​នៅ​តុលាការ​ថា​ ​គេ​មាន​ទោស​កំហុស​ ​ដោយ​គ្មាន​ការ​សង្ស័យ។​ បើ​មាន​ការ​សង្ស័យ​ ​នោះ​ជន​ជាប់ចោទ​នឹងត្រូវ​សម្រេច​ឲ្យ​រួច​ខ្លួន។​ ជន​ជាប់ចោទ​មាន​សិទ្ធិ​ការពារ​ខ្លួន​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​ក្នុង​ពាក្យ​បណ្តឹង»។

សាលាក្តី​ឯករាជ្យ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​តាម​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.។​ កាលពី​ថ្ងៃច័ន្ទ​ ​លោក បាន គីមូន​ (Ban Ki-moon) ​អគ្គ​លេខាធិការ​អ.ស.ប.​ និយាយ​នៅ​សន្និសីទ​មួយ​ក្នុង​ទីក្រុង អាប៊ុយ ដាប៊ី​ (Abu Dhabi)​ថា​ដំណើរការ​នីតិវិធី​ឯករាជ្យ​មិនគួរ​ភ្ជាប់​នឹង​កិច្ច​ពិភាក្សា​នយោបាយ​ទេ ហើយ​បាន​ព្រមាន​ប្រឆាំង​នឹង​បុរេ​វិនិច្ឆ័យ​អំពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត។

ក្រុម​ហិបូឡា​បាន​ខឹង​សម្បារ​នឹង​ការ​សន្និដ្ឋាន​ជាមុន​ដែល​ថា​ ​តុលាការ​នឹង​ចោទ​សមាជិក​ខ្លះ​របស់​ខ្លួន​ ​ ​បាន​ដក​រដ្ឋមន្ត្រី​របស់​គេ​ចេញ​ពី​គណៈ​រដ្ឋមន្ត្រី​កាលពីសប្តាហ៍​មុន បង្ខំ​ឲ្យ​រដ្ឋាភិ​បាល​ដួលរលំ​ និង​ធ្វើឲ្យ​ប្រទេស​នេះ​ឆ្លាក់​ចូល​ក្នុង​ភាព​ច្របូក​ច្របល់​នយោបាយ។ ការ​ពិភាក្សា​អំពី​រដ្ឋាភិ​បាល​ថ្មី​បាន​លើក​ពេល​រហូត​ដល់​សប្តាហ៍​ក្រោយ។ ក៏ប៉ុន្តែ​ ​សូម្បី​នៅពេល​នោះ​ ​គេ​រំពឹង​ថា​ ​ការចរចា​អំពី​នាយក​រដ្ឋមន្ត្រី​ថ្មី​អាច​ធ្វើឡើង​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។

នៅ​ទីក្រុង​ បេរូត​មិនមាន​ប្រតិកម្ម​ទាក់ទង​នឹង​ការ​ប្រគល់​ពាក្យ​ចោទប្រកាន់​ទៅសាលាក្តី​នេះ​ទេ។​ មេ​ដឹកនាំ​នយោបាយ​មិន​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ទេហើយ​សាធារណ​មតិ​នៅ​តាម​ផ្លូវ​ក៏​ស្ងប់ស្ងាត់​ដែរ។​ កាល​ពីព្រឹក​ថ្ងៃ​អង្គារ​ ​កងទ័ព​បាន​បំបែក​ការ​តវ៉ា​របស់​អ្នក​គាំទ្រ​ក្រុម​ប្រឆាំង​នៅ​ទីក្រុង​បេរូត​ភាគ​ខាង​លិច៕

ប្រែសម្រួល​ដោយ​លោក​ពិន ស៊ីសុវណ្ណ

XS
SM
MD
LG