ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ការ​ស៊ើបអង្កេត​ជា​បន្ទាន់​គួរ​ត្រូវ​ធ្វើ​លើ​ការិយាល័យ​សហចៅក្រម​ស៊ើប​អង្កេត


នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដដែល​បាន​គូស​បញ្ជាក់​ថា​ ជា​ការណ៍​ចាំបាច់​បំផុត​ដែល​អង្គការ​​សហប្រជាជាតិ​ចាត់ការ​ឲ្យ​បាន​​ម៉ឺងម៉ាត់​ដើម្បី​ស្ដារ​ទំនុកចិត្ត​និង​កេរ្តិ៍ឈ្មោះ​របស់​សាលាក្ដីខ្មែរ​​​ក្រហម។
នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដដែល​បាន​គូស​បញ្ជាក់​ថា​ ជា​ការណ៍​ចាំបាច់​បំផុត​ដែល​អង្គការ​​សហប្រជាជាតិ​ចាត់ការ​ឲ្យ​បាន​​ម៉ឺងម៉ាត់​ដើម្បី​ស្ដារ​ទំនុកចិត្ត​និង​កេរ្តិ៍ឈ្មោះ​របស់​សាលាក្ដីខ្មែរ​​​ក្រហម។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ លោក​ ឆាំង ​យុគ ​បាន​អំពាវនាវ​ដល់​អង្គការ​សហប្រជាជាតិនៅ​ថ្ងៃពុធ​នេះ​ឲ្យ​ចាត់​វិធានការ​ឲ្យបាន​ម៉ឺងម៉ាត់បំផុតប្រឆាំង​នឹង​ការ​ចោទប្រកាន់​ស្ដីពី​អំពើ​ពុករលួយនៅក្នុងការិយាល័យ​សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ ដើម្បី​អ្វី​មួយ​ដែល​លោកហៅ​ថា ជា​ការស្ដារ​កិត្តិ​យសរបស់​សាលាក្ដី​នេះ​ឡើងវិញ​ពីការ​អាប់ឱន​ដោយសារ​ការ​ចោទ​ប្រកាន់ពី​ការ​ជ្រៀត​ជ្រែក​និង​ចំណោទ​នៃ​ភាពពុករលួយ។

លោក​ ឆាំង​ យុគ ​បាន​ស្នើ​យ៉ាងដូច្នេះ​ដោយ​សំអាង​លើ​មូលហេតុ​នៃ​ការ​លាឈប់​ពី​ការងារ​របស់សហ​ចៅក្រម​ស៊ើបអង្កេត​អន្ដរជាតិ ​លោក ​ស៊ីកហ្វ្រ៊ីត ​ប៊្លុង។ លោក ​ប៊្លុង​ដែល​បាន​ប្រកាស​លាលែង​ពី​ការងារ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ច័ន្ទ ​ហើយ​លោក​បាន​លាតត្រដាង​ថា ​មាន​ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោ​បាយ​ពី​រដ្ឋាភិបាល​កម្ពុជា​ចូល​ក្នុង​កិច្ចការ​ស៊ើប​អង្កេត​របស់​លោក​ក្នុង​សំណុំ​រឿង​ចុងក្រោយ​ ០០៣​ និង០០៤។

លោក​ ឆាំង ​យុគ ​ដែល​មជ្ឈមណ្ឌល​របស់​លោក​បាន​រួមចំណែក​ក្នុង​ការ​ផ្ដល់​ឯកសារ​ស្ដីពី​របបខ្មែរ​ក្រហម​ជាច្រើន​ដល់​សាលាក្ដី​ពិសេស ​បាន​លើកឡើង​នៅ​ក្នុងសេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​ថា​ ការ​លា​ឈប់​ពីការងារ​របស់​លោក​ចៅក្រម ​ស៊ីកហ្វ្រ៊ីត​ ប៊្លុង ​ជា​រូបភាព​កាន់​តែ​អាក្រក់​បន្ថែមលើ​គម្រោង​ការ​អាក្រក់ ​និង​ការ​ប៉ាន់ប្រមាណលើ​អំពើ​ពុករលួយ​ដែល​កើតមាន​នៅ​ក្នុង​ការិយាល័យសហចៅក្រម​ស៊ើបអង្កេត​រួចទៅ​ហើយនោះ។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដដែល​បាន​គូស​បញ្ជាក់​ថា​ ជា​ការណ៍​ចាំបាច់​បំផុត​ដែល​អង្គការសហប្រជាជាតិ​ចាត់ការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​ស្ដារ​ទំនុកចិត្ត​និង​កេរ្តិ៍ឈ្មោះ​របស់​សាលាក្ដីខ្មែរក្រហម។

លោក ​ឆាំង ​យុគ ​បាន​ទទូច​ថា ​មិន​ត្រូវ​ឲ្យមាន​ការលាឈប់​ពី​ការងារ​របស់​ចៅក្រម​ដោយ​ពុំមានការស៊ើបអង្កេត​លើ​អ្វី​ដែល​បាន​លើកឡើង​នោះឡើយ។

«ដំណើរការ​ហ្នឹង​មាន​ភាពពុករលួយ​ មានន័យថា​ មានភាព​មិនប្រក្រតី។ ដូច្នេះ​ចាំបាច់​ត្រូវតែ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ។ ហើយ​ការលាលែង​ដោយ​មិនបាន​ធ្វើ​ការស៊ើប​អង្កេត​នេះ​មិនមែន​ជាទម្លាប់​ល្អរបស់​អង្គការ​សហប្រជាជាតិ​ទេ។ ការលាលែង​មិនមែន​ជាដំណោះស្រាយ​ហើយ​មិនត្រូវ​ឲ្យការលាលែងនេះកន្លង​ទៅ​ផុតដោយ​គ្មាន​ការស៊ើបអង្កេត»។

អង្គការគំនិតផ្ដួច​ផ្ដើមយុត្តិធម៌សង្គមសេរី OSJI​ ​របស់សហរដ្ឋអាមេរិក​ ​កាល​ពីឆ្នាំ២០០៧ បាន​បរិហារអំពើ​ពុករលួយនៅសាលាក្ដីខ្មែរ​ក្រហមខាងភាគីកម្ពុជា។​ ហើយ​បន្ទាប់​មក​កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ​(UNDP)​បាន​បង្កក​លុយ​ជំនួយបរទេសដល់ភាគីកម្ពុជាចំនួន​ ​៧២ម៉ឺន​ដុល្លារ​អាមេរិក។

កាលពី​ខែ​កញ្ញា​ លោក ​អ៊ុត ឈន អគ្គ​សវនាករនៃអាជ្ញាធរ​ជាតិសវនកម្មកម្ពុជាដែល​ត្រូវបានតែង​តាំង​ជាទីប្រឹក្សាឯករាជ្យរបស់សាលាក្ដីខ្មែរ​ក្រហមសម្រាប់​ធ្វើ​ការត្រួតពិនិត្យ​លើ​ការចោទប្រកាន់ស្ដីពី​អំពើពុក​រលួយ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​បានអះអាងថា លោកមិន​បានរក​ឃើញបញ្ហាធ្ងន់ធ្ងរទាក់ទងនឹងការ​ចោទ​ប្រកាន់ពីភាព​មិន​ប្រក្រតី​ ​និងអំពើ​ពុករលួយក្នុងសាលាក្ដីខ្មែរ​ក្រហមនោះ​ទេ។

លោក​ឆាំង ​យុគ​ បាន​ដាស់តឿន​ថា​ ប្រសិន​បើ​មិនមាន​ការ​ចាត់​ការពី​អង្គការ​សហប្រជាជាតិ​នោះទេ​ អង្គភាព​ក្នុង​សាលាក្ដីខ្មែរ​ក្រហម​ទាំងមូល​រួមទាំង​អង្គការ​សហប្រជាជាតិ​ខ្លួនឯង​ផង​នឹង​ជាប់ប្រឡាក់​ប្រឡូស​ក្នុង​ការ​ស៊ុមគ្រលុំ​ជាមួយ​រដ្ឋាភិបាល។

តែ​លោក​យូ ​ប៊ុនឡេង​ សហ​ចៅក្រម​ស៊ើបអង្កេត​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍មួយ​ដែរ​នៅ​ថ្ងៃ​ពុធ​នេះ​ដោយ​បញ្ជាក់​ថា ​លោក​បាន​ធ្វើ​ការ​សហការ​ជាមួយ​នឹង​ដៃគូ​អន្តរជាតិលោកស៊ីកហ្វ្រ៊ីត​ ប៊្លុង​ក្នុង​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​០០៣​និង​០០៤​ដោយ​ឯករាជ្យ​ពី​ការ​ជ្រៀត​ជ្រែក​នានា។

លោក​នេត្រ ​ភក្ដ្រា​ អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​ខាងភាគី​កម្ពុជា​អះអាង​ថា ​សហ​ចៅក្រម​កម្ពុជានិង​បន្ដ​ជំហរ​បែបនេះ​តទៅទៀត។

«គាត់​នឹង​បន្ដ​ឯករាជ្យភាព ​ហើយ​នឹង​ប្រយុទ្ធ​ប្រឆាំង​ទៅនឹង​រាល់​ការ​ប៉ុនប៉ង​ជ្រៀតជ្រែក​នានា​ពីមជ្ឈដ្ឋាន​ខាងក្រៅ ​និង​មជ្ឈដ្ឋាន​ខាងក្នុង​ខាង​សហចៅ​ក្រមស៊ើបអង្កេត»។

ក្នុង​ពេល​ជាមួយគ្នានេះ​ដែរ ក្រសួង​ការបរទេស​កម្ពុជា​ក៏បាន​បញ្ជាក់​ជំហ​របស់​ខ្លួន​ឡើងវិញ​ថា ​រដ្ឋាភិបាល​ខ្មែរ​មិន​ដែល​ជ្រៀតជ្រែក​ ហើយ​ក៏​នឹង​មិន​ជ្រៀតជ្រែក​ចូលកិច្ចការ​ផ្ទៃក្នុង​របស់​សាលាក្ដីខ្មែរក្រហម​ដែរ។​ ហើយ​រដ្ឋាភិបាល​កម្ពុជា​គោរព​ឯករាជ្យភាព​របស់​តុលាការ​នេះ ​ក៏ប៉ុន្ដែ​សេចក្ដីថ្លែង​ការណ៍​ដដែល​នៅតែ​ព្រមាន​ជាប្រយោល​ថា ​ខ្លួន​មានសិទ្ធិ​រក្សា​នូវ​«សន្តិភាព ​និង​ការផ្សះផ្សា​នៅ​ក្នុង​ប្រទេស»៕

XS
SM
MD
LG