ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​គណបក្ស​ជំទាស់​ប្តឹង​ទាស់​សាលក្រម​តុលាការ​ខេត្ត​កណ្តាល


លោក ​ចាន់ ​ចេង អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ។
លោក ​ចាន់ ​ចេង អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រុម​មេធាវី​បាន​ប្តឹង​ទាស់សាល​ក្រម​របស់​តុលាការ​សាលា​ដំបូង​ខេត្ត​កណ្តាលនៅ​ថ្ងៃ​ច័ន្ទ​នេះ។ តុលាការ​សាលា​ដំបូង​ខេត្ត​កណ្តាល​ ដែល​បានផ្តន្ទាទោស​ដោយ​កំបាំង​មុខលោក​ចាន់ ចេង​ អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​មេធាវី​ជួង ជួងី​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​ទៅ​៣​លាន​រៀល​ពី​បទ ​«ផ្តល់​មធ្យោបាយ​ឲ្យជន​ជាប់​ចោទ​ឈ្មោះ​មាស​ ប៉េង​រត់​ចេញ​ពី​ពន្ធនាគារ»។

តុលាការក៏​បាន​សម្រេចផ្តន្ទាទោស​លោក ​មាស ប៉េង ​អតីត​ជំទប់​ទី២ ​ឃុំ​បន្ទាយ​ដែក​ ខាង​គណបក្ស​សម ​រង្ស៊ី​ បច្ចុ​ប្បន្ន​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ស្រុក​កៀន​ស្វាយ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៨​ខែ​ពីបទ​រត់​ចេញ​ពី​មន្ទីរ​ឃុំឃាំង។​

ការ​ផ្តន្ទាទោស​ទាំង​នេះ​ធ្វើឡើង​ក្រោយ​ពី​តុលាការ​សាលា​ដំបូង​ខេត្ត​កណ្តាល​បើក​សវនាការ​ដោយ​កំបាំង​មុខ​ជន​ជាប់​ចោទ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៤។​

លោក​ សំ សុខគង់ ​មេធាវី​របស់​លោក​ចាន់ ចេង​បាន​យក​បណ្តឹង​ទាស់​ទៅ​ដាក់​ជូន​តុលាការ​សាលា​ឧទ្ធរណ៍​នៅ​រសៀល​ថ្ងៃ​នេះ ដោយ​សារអ្វី ​ដែល​លោក​អះអាង​ថា ​ការ​កាត់ក្តីកូន​ក្តី​របស់​លោក​ដោយ​កំបាំង​មុខ ​និង​ដោយ​មិន​មាន​យុត្តិធម៌។​

«ក្រុម​មេធាវី​យល់​ឃើញ​ថា ​ការ​កាត់ក្តី​កាល​ពី​ថ្ងៃ​ទី​២៤​ខែ​កក្កដា​ឆ្នាំ​២០១៤​មិន​មាន​វត្តមាន​ជន​ជាប់​ចោទ​ ដូចជា​កូន​ក្តី​ខ្ញុំ ​អ្នក​តំណាង​រាស្ដ្រ​ឯក​ឧត្តម​ចាន់ ចេង​ ចូលរួម​សវនាការទេ។​ ហើយ​នៅ​ពេល​ដែល​ប្រកាស​សាល​ក្រម​ថ្ងៃ​ទី​១៣​ខែ​មិនា​ឆ្នាំ​២០១៥​ កូន​ក្តី​ខ្ញុំ​យល់​ថា​ មិន​អាច​ទទួល​យក​បាន​ ហើយ​មិន​បាន​ផ្តល់​ភាព​យុត្តិធម៌​ចំពោះ​គាត់»។​

ដោយ​ឡែក​ លោក​មេធាវី​ជួង ជូងី​បញ្ជាក់​ថា ​លោក​បាន​ប្រាប់​ឲ្យ​មេធាវី​របស់​លោក​ប្តឹង​ទាស់​ដូច​គ្នា​ដែរ។​

លោក​មាស ប៉េង សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​កៀនស្វាយ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ ឲ្យ​ដឹង​ថា ​ការ​ប្តឹង​ទាស់​របស់​លោក​ធ្វើឡើង​ដោយ​សារការ​ដាក់​ទោស​មក​លើ​រូប​លោក​មិន​ត្រឹម​ត្រូវ​ ដោយសារ​លោក​មិន​បាន​រត់​គេច​ពី​ពន្ធនាគារ​នោះ​ឡើយ។​

«ខ្ញុំ​មើល​ឃើញ​ថា ​ការសម្រេច​ទោស​នេះ​មិន​ត្រឹម​ត្រូវ​តាម​គតិ​យុត្តិធម៌​ទេ»។​

សំណុំ​រឿង​លោក​មាស ​ប៉េង​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១១​មក​ម្ល៉េះ។ ​លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ប្រឆាំង​ទៅ​នឹង​អ្នក​កាន់​កាប់​អចលន​វត្ថុ​ដោយ​សុច្ចរិត​នៅ​ក្នុង​រឿង​ទំនាស់​ដីធ្លី​មួយ​ជាមួយ​នឹង​លោក​ប្រាក់ ​សាវុធ ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ក្រចេះ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​ត្រូវ​ឃុំ​ឃាំង​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល។​ នៅ​ក្នុង​អំឡុង​ពេល​នោះ ​លោក​ជួង ​ជូងី ​មេធាវី​ការពារក្តី​ បាន​រក​ឃើញ​ថា ​ការ​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​ធ្វើ​ឡើង​ដោយមិន​មានដីការ​ឃុំ​ខ្លួន​ទេ។ ​ហើយ​លោក​ជួ ជូងី​ក៏បាន​ស្នើ​ឲ្យ​លោក​ចាន់ ចេង​ ​តំណាង​រាស្ដ្រ ​ដឹក​លោក​មាស ​ប៉េង​ចេញ​ពី​ពន្ធនាគារ​ទៅ​កាន់​លំនៅដ្ឋាន​វិញ។​

នៅ​ក្នុង​ពេល​នេះ​ លោក​ចាន់ ចែង​នៅ​ជាប់​អភ័យ​ឯក​សិទ្ធិ​តំណាង​រាស្ដ្រដែល​តាម​ច្បាប់គាត់​មិន​អាច​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន ​ឬ​ចោទ​ប្រកាន់​ណា​មួយ​នោះ​ទេ។​

វីអូអេ​បានព្យាយាម​ទាក់ទង​សុំការ​បកស្រាយពីលោក​ឈាង វុន ​តំណាង​រាស្ដ្រ​ខាង​គណបក្ស​ប្រជាជន​ និង​ជា​អ្នក​នាំពាក្យ​រដ្ឋ​សភា​ តែ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ៕

XS
SM
MD
LG