ក្រុមអ្នកតាក់តែងច្បាប់ទាំងគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ កំពុងអំពាវនាវឲ្យរដ្ឋបាលលោកអូបាម៉ាចាត់វិធានការណ៍បន្ទាបតម្លៃប្រេងឥន្ធនៈដែលឡើងខ្ពស់ ដោយនិយាយថា តម្លៃប្រេងកំពុងប៉ះពាល់ដល់ពលរដ្ឋអាមេរិកាំង នៅរាល់ពេលដែលពួកគេចូលទៅចាក់សាំងឡាន។ ព្រឹទ្ធសភាបានរៀបចំការបោះឆ្នោតសាកល្បងមួយកាលពីល្ងាចថ្ងៃអង្គារលើច្បាប់ដែលនឹងតម្លើងពន្ធដារនិងបញ្ចប់ប្រាក់ឧបត្ថម្ភសម្រាប់ក្រុមហ៊ុនប្រេងឥន្ធនៈឯកជនធំៗចំនួន៥ ហើយបង្វិលប្រាក់នោះទៅជួយបន្ទាបបំណុលជាតិវិញ។
ថ្នាក់ដឹកនាំនៃគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាកំពុងផ្តោតអារម្មណ៍លើបញ្ហាក្រុមហ៊ុនប្រេងឥន្ធនៈធំៗនិងរោងចក្រចម្រាញ់ប្រេង នៅពេលសភាដឹកនាំដោយគណបក្សសាធារណរដ្ឋបានអនុម័តច្បាប់ដែលមានបំណងពង្រីកនិងបង្កើនល្បឿនខួងយកប្រេងនៅក្នុងសរអា។
ព្រឹទ្ធសមាជិកគណបក្សប្រជាធិបតេយ្យ លោកស្រី Claire McCaskill មកពីរដ្ឋ Missouri ជាសមាជិកព្រឹទ្ធសភាម្នាក់នៃក្រុមព្រឹទ្ធសមាជិកគណបក្សប្រជាធិបតេយ្យច្រើននាក់ទៀតដែលបានតាក់តែងលិខិតទៅឲ្យគណៈកម្មការពាណិជ្ជកម្មសហព័ន្ធដោយសុំឲ្យគណៈកម្មការធ្វើការស៊ើបអង្កេត ថាតើរោងចក្រចម្រាញ់ប្រេងអាចបន្ថយស្តុកប្រេងសម្រាប់ទុកប្រើប្រាស់ថ្ងៃក្រោយ ដើម្បីរក្សាតម្លៃប្រេងដែលខ្ពស់ខុសធម្មតាបានដែរឬទេ។
«ពួកគេមិនគ្រាន់ត្រឹមតែបានកាត់បន្ថយការចម្រាញ់ប្រេងរបស់ពួកគេតែប៉ុណ្ណោះទេ ពួកគេថែមទាំងបាននាំប្រេងចេញទៅប្រទេសដទៃទៀតដែរ នូវប្រេងដែលពួកគេបានផលិតនៅទីនេះ ក្នុងប្រទេសនេះ។»
លោកស្រី McCaskill និងព្រឹទ្ធសមាជិកគណបក្សប្រជាធិបតេយ្យដទៃៗទៀតបាននិយាយថារោងចក្រចម្រាញ់ប្រេងបានកាត់បន្ថយចំណុះរបស់ខ្លួន ពីជិត៩០ភាគរយមកនៅ៨១ភាគរយ គឺនៅចំពេលមួយដែលក្រុមអ្នកប្រើប្រាស់រងទុក្ខនឹងតម្លៃប្រេងឡើងថ្លៃខ្ពស់ខ្លាំង។ ក្រុមព្រឹទ្ធសមាជិកទាំងនោះបាននិយាយថា រោងចក្រចម្រាញ់ប្រេង បានបង្កើនប្រាក់ចំណេញរបស់ខ្លួនទ្វេដងនៅក្នុងពេលតិចជាង៦ខែ ហើយចង់ឲ្យគណៈកម្មការពាណិជ្ជកម្មសហព័ន្ធស៊ើបអង្កេតថាតើនេះជាការធ្វើឲ្យប្រេងឡើងថ្លៃដោយការដាក់កំណត់លើតម្លៃដែរឬទេ។ នៅឯសវនាការរបស់គណៈកម្មាធិការឋាមពលនៃព្រឹទ្ធសភានៅថ្ងៃពុធនេះ ក្រុមអ្នកតាក់តែងច្បាប់ ទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បាននិយាយថា ពួកអ្នកបោះឆ្នោតរបស់ពួកគេម្នាក់ៗក្នុងមណ្ឌលបោះឆ្នោតកំពុងត្រូវប៉ះពាល់ខ្លាំងនឹងតម្លៃប្រេងខ្ពស់ ដែលជាពិសេសនៅពេលសេដ្ឋកិច្ចមានភាពមិនពិតប្រាកដ។
ព្រឹទ្ធសមាជិកគណបក្សប្រជាធិបតេយ្យ លោក Joe Manchin មកពីរដ្ឋ West Virginia បានអំពាវនាវឲ្យរដ្ឋបាលលោកអូបាម៉ាជួយដោះស្រាយ។
«តម្លៃប្រេងឡើងថ្លៃខ្ពស់កំពុងសម្លាប់យើងគ្រប់ៗគ្នា។ នៅក្នុងរដ្ឋ West Virginiaគ្មានថ្ងៃណាមួយ ដែលថាខ្ញុំមិនបានទទួលទូរស័ព្ទនិងលិខិតពីអ្នកស្រុកទេ។»
លោក Ken Salazar រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ក្រុមព្រឹទ្ធសមាជិកថា គ្មានចម្លើយឆាប់និងងាយៗចំពោះការធ្វើឲ្យប្រេងចុះថ្លៃនោះបានទេ៕
ប្រែសម្រួលដោយ នុច សារីតា