ពលរដ្ឋកម្ពុជាចំនួន៤៣នាក់ត្រូវបានបញ្ជូនដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃព្រហស្បតិ៍ក្រោមកិច្ចព្រមព្រៀងរវាងកម្ពុជានិងសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាននានា។
នេះ គឺជាក្រុមដ៏ធំជាងគេបំផុតដែលត្រូវបានបញ្ជូនចេញទៅប្រទេសកម្ពុជាវិញក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០២។ រហូតមកដល់ពេលនេះ មានពលរដ្ឋកម្ពុជាជិត៦០០នាក់ ហើយដែលបានប្រព្រឹត្តខុសច្បាប់សហរដ្ឋអាមេរិកនិងត្រូវត្រឡប់ទៅប្រទេសកំណើតវិញ។
លោកឧត្តមសេនីយ៍ ឌឹម រ៉ា មន្ត្រីជាន់ខ្ពស់ប៉ូលិសអន្តោប្រវេសន៍បានប្រាប់ទីភ្នាក់ងារសារព័ត៌មានAP ថាក្នុងចំណោមក្រុមដែលទើបមកដល់នេះមានស្ត្រីចំនួន៣នាក់។
លោកបន្ថែមថាអ្នកដែលមានក្រុមគ្រួសារនៅប្រទេសកម្ពុជានឹងអាចទៅស្នាក់នៅជាមួយនឹងក្រុមគ្រួសារបានហើយអ្នកដែលគ្មានគឺនឹងទទួលការហ្វឹកហ្វឺនការងារដោយអង្គការមួយដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិកមុននឹងធ្វើសមាហរណកម្មចូលក្នុងសង្គមកម្ពុជា។
លោកBill Herod ជនជាតិអាមេរិកាំងដែលធ្វើការជាមួយនឹងអង្គការជំនួយជនរងគ្រោះខ្មែរ KVAO បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថាអ្នកទាំងនោះបានជិះយន្តហោះមកដោយមានជាប់ខ្នោះផងដែរ។ លោកបន្ថែមថា «វាពិតជាលំបាកលំបិនខ្លាំងណាស់សម្រាប់ពួកគេទាំងនេះ» ហើយលោកបានរិះគន់គោលនយោបាយបញ្ជូនចេញរបស់សហរដ្ឋអាមេរិកនេះថា «មិនត្រឹមត្រូវនិងមិនយុត្តិធម៌ទេ»។
ជនដែលត្រូវបញ្ជូនចេញមួយចំនួនគឺ បានចាកចេញពីប្រទេសកម្ពុជាមកស្នាក់នៅសហរដ្ឋអាមេរិកជាមួយនឹងឱពុកម្តាយតាំងតែពីនៅកុមារ ហើយអ្នកខ្លះទៀតកើតនៅជំរំតាមព្រំដែនថៃ។ នេះបើតាមការបញ្ជាក់របស់ក្រុមគ្រួសារនិងសកម្មជនការពារសិទ្ធិរបស់ពួកគេក្នុងពេលកន្លងមក។
គោលនយោបាយនេះនាំឱ្យមានភាពល្អក់កករក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។ ប្រទេសកម្ពុជាចង់ឱ្យមានការកែសម្រួលកិច្ចព្រមព្រៀងនេះ ហើយបានផ្អាកការទទួលមួយរយៈប៉ុន្តែត្រូវសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា៕