ក្រុមប្រទេសស្ថិតនៅតាមទន្លេមេគង្គ មិនបានព្រមព្រៀងជាមួយប្រទេសលាវ អំពីសេចក្ដីស្នើរបស់ប្រទេសនេះ ចង់សាងសង់ទំនប់ទឹកវារីអគ្គីសនី នៅលើខ្សែទឹកធំនៅផ្នែកខាងក្រោមនៃទន្លេទេ។ ប្រទេសលាវឲ្យដឹងថា ទំនប់ទឹកនេះ នឹងមិនធ្វើឲ្យមានបញ្ហាធ្ងន់ធ្ងរទេ ចំណែកឯប្រទេសជិតខាងរបស់ខ្លួនវិញឲ្យដឹងថា ខ្លួនត្រូវការព័ត៌មានបន្ថែមទៀតអំពីផលប៉ះទង្គិចផ្នែកបរិស្ថានហើយនឹងសេដ្ឋកិច្ចនៃទំនប់ទឹកនេះ។
ប្រតិភូមកពីប្រទេសកម្ពុជា លាវ ថៃ និងវៀតណាម នៅថ្ងៃអង្គារ បានពន្យារពេលធ្វើសេចក្ដីសម្រេចអំពីផែនការរបស់ប្រទេសលាវសាងសង់ ទំនប់ទឹកវារីអគ្គីសនីនៅតាម ផ្នែកខាងក្រោមនៃ ទន្លេ មេគង្គ។
នៅឯកិច្ចប្រជុំរបស់គណ:កម្មការទន្លេមេគង្គនៅក្នុងរដ្ឋធានីវៀងច័ន្ទនៃប្រទេសលាវ ប្រទេសលាវទទូចថា ទំនប់ទឹកសាយ៉ាប៊ូរី នឹងត្រូវសាងសង់ឡើង ដោយបានឲ្យដឹងថា ទំនប់ទឹកនេះនឹងស្របទៅតាមបទដ្ឋានអន្ដរជាតិ។
ប្រតិភូលាវនិយាយថាទំនប់ទឹកនេះទំនងដូចជានឹងមិនមានផលប៉ះទង្គិចទៅលើបរិស្ថានរបស់ប្រទេសជិតខាងរបស់ខ្លួនទេ។
ក៏ប៉ុន្ដែលោកតែណាវុទ្ធ ប្រធានគណ:កម្មាធិការរួមរបស់គណ:កម្មការទន្លេមេគង្គនិយាយថា ប្រទេសកម្ពុជា ថៃ និងវៀតណាមមានការសង្ស័យមិនជឿអំពីការអះអាងថាគ្មានផលប៉ះទង្គិចនោះ។
«ប្រទេសទាំងបីចង់បានព័ត៌មានថែមទៀត នៅពេលដែលប្រទេសលាវ…ប្រទេសលាវមានបំណងចង់ឲ្យដំណើរការនោះចប់សព្វគ្រប់ទៅក្នុងរយ:ពេល៦ខែ»។
ប្រទេសកម្ពុជា ថៃ និងវៀតណាមចង់បានការវាយតម្លៃយ៉ាងលម្អិតនូវ ផលប៉ះទង្គិចទៅលើបរិស្ថានឆ្លងកាត់ព្រំប្រទល់។
ប្រទេសទាំងបួនព្រមព្រៀងគ្នាធ្វើកិច្ចប្រជុំលំដាប់ថ្នាក់រដ្ឋមន្ដ្រី ក្រោយមកទៀតនៅឆ្នាំនេះ ដើម្បីឲ្យបានសម្រេចកិច្ចព្រមព្រៀងមួយ។ នៅក្នុងក្របខ័ណ្ឌគណ:កម្មការនេះ ប្រទេសទាំងបួននៅជិតខាងគ្នានេះ សួរយោបល់គ្នាអំពីគម្រោងនោះសម្រាប់ទំនប់ទឹកនៅតាមដងទន្លេមេគង្គ ក៏ប៉ុន្ដែមិនត្រូវការការអនុញ្ញាតទៅវិញទៅមកទេ។
ប្រទេសវៀតណាមរិះគន់ខ្លាំងជាងគេអំពីគម្រោងនោះ ហើយស្នើយោបល់ថា គួរបញ្ឈប់ផែនការទាំងអស់សម្រាប់ទំនប់ទឹកនោះនៅតាមខ្សែទឹកធំនៃទន្លេមេគង្គ សម្រាប់រយ: ពេលយ៉ាងតិចដប់ឆ្នាំ។
ប្រទេសកម្ពុជាហើយនឹងប្រទេសវៀតណាម ព្រួយបារម្ភថាទំនប់ទឹកនេះ ដែលជាទំនប់ទឹកមួយពីបណ្ដាទំនប់ទឹក១១ដែលគេគ្រោងសង់នៅទន្លេមេគង្គ អាចមានផលប៉ះពាល់ទៅលើចំនួនត្រី ហើយនឹងផលិតកម្មស្រូវ។ ការសិក្សាមួយរបស់គណ:កម្មការនោះសន្និដ្ឋានថាទំនប់ទឹកនេះ នឹងមានផលប៉ះទង្គិចទៅលើចរាចរណ៍របស់ត្រី ហើយអាចជំរុញឲ្យប្រភេទសត្វដែលជិតផុតពូជ ដូចជាត្រីរាជនៅទន្លេមេគង្គទៅជាផុតពូជអស់រលីង។
ប្រទេសថៃលើកឡើងនូវការព្រួយបារម្ភរបស់ខ្លួនអំពីនិរន្ដរភាពនៃគម្រោង តម្លៃ៣ពាន់៥០០លានដុល្លារនេះ។
គម្រោងនេះត្រូវគេរំពឹងថានឹងផ្ដល់ភ្លើងអគ្គីសនីមានកម្លាំង១.២៦០មេហ្កាវ៉ាត់ ដែល៩៥%គេអាចលក់ទៅឲ្យប្រទេសថៃ។
ក៏ប៉ុន្ដែរបាយការណ៍មួយរបស់គណ:កម្មការនេះឲ្យដឹងថា ទំនប់ទឹកនេះអាចខាតបង់សមត្ថភាពប្រតិបត្ដិការរបស់ខ្លួនរហូតដល់ទៅ៦០% ក្នុងរយ:ពេល៣០ឆ្នាំ ដោយសារកករដែលនៅកកជាប់នៅក្នុងអាងទឹក។
មនុស្សប្រមាណ៦០លាននាក់ពឹងពាក់ទៅលើទន្លេមេគង្គសម្រាប់ជីវភាពរស់នៅរបស់ពួកគេ។
ប្រទេសលាវដែលជាប្រទេសក្រីក្រមួយ ជារដ្ឋមួយឥតមានជាប់នឹងសមុទ្រនោះហើយត្រូវគ្រប់គ្រងដោយគណបក្សកុម្មុយនិស្ដ ឲ្យដឹងថាទំនប់ទឹកនេះជាការចាំបាច់ដើម្បីឲ្យមានប្រាក់ចំណូល។
ទំនប់ទឹកដែលត្រូវបានសាងសង់នៅតាមទន្លេមេទឹកនៃទន្លេមេគង្គរហូតមកទល់ពេលនេះ ស្ថិតនៅផ្នែកខាងលើនៃទន្លេនេះនៅក្នុងប្រទេសចិន ដែលនៅក្នុងប្រទេសនេះ ទន្លេនេះគេស្គាល់ហៅថាទន្លេ (Lancang) ឡាញ់ថ្សាំង។
រដ្ឋាភិបាលទីក្រុងប៉េកាំងសាងសង់ទំនប់ទឹក៤ ដោយមិនបានសួរយោបល់ប្រទេសជិតខាងទេ ហើយមានផែនការសាងសង់ទំនប់ទឹក៤ថែមទៀតនៅក្នុងរយ:ពេលដប់ឆ្នាំខាងមុខនេះ។
ភាពទាល់ច្រកនេះកើតមានឡើងក្រោយពីសេចក្ដីរាយការណ៍នៅក្នុងសប្ដាហ៍នេះថាប្រទេសលាវចាប់ផ្ដើមសាងសង់ផ្លូវថ្នល់កាលពីឆ្នាំទៅសម្រាប់គម្រោងនេះ ។
លោកតែណាវុទ្ធមានប្រសាសន៍ថា គណ:កម្មការនេះបានសុំឲ្យមានការបំភ្លឺពីប្រទេសលាវ៕
ប្រែសម្រួលដោយ កងស៊ីវន