មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ព្រមានថា ប្រទេសជាសមាជិកនៃគណៈកម្មាការទន្លេមេគង្គអាចនឹងប្តឹងទៅតុលាការអន្តរជាតិ ប្រសិនបើប្រទេសឡាវនៅតែចចេសបន្តគម្រោងសាង់សង់ទំនប់វារីអគ្គីសនីសាយ៉ាបូរីទៀតនោះ។ ការព្រមាននេះត្រូវបានធ្វើឡើងខណៈដែលរដ្ឋមន្ត្រីនៃបណ្តាប្រទេសទន្លេមេគង្គក្រោម ត្រៀមសម្រេចចុងក្រោយលើគម្រោងសាងសង់ទំនប់ដ៏ចម្រូងចម្រាស់នោះនៅក្នុងសប្តាហ៍នេះ។
លោក វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មានប្រសាសន៍នៅក្នុងបទសម្ភាសន៍មួយជាមួយវីអូអេខ្មែរកាលពីថ្ងៃសុក្រថា ប្រទេសឡាវ អាចនឹងមានការប្តឹងផ្តល់គ្នាទៅតុលាការអន្តរជាតិលើបញ្ហាសង់ទំនប់។
«ប្តឹងផ្តល់ទី១គឺប្រទេសឡាវមិនអនុវត្តនូវកិច្ចព្រមព្រៀង។ ទី២មិនអើពើនឹងការព្រួយបារម្ភរបស់ប្រទេសជាសមាជិកហើយយើងមានអង្គការអន្តរជាតិច្រើនណាស់ដែលមិនគាំទ្របូកទាំងសហរដ្ឋអាមេរិកក៏មិនបានគាំទ្រដែរ។»
ការព្រមាននេះ ធ្វើឡើងនៅខណៈពេលដែលរដ្ឋមន្ត្រីធនធានទឹកនិងធនធានធម្មជាតិនៃបណ្តារប្រទេសទន្លេមេគង្គក្រោមទាំងបួនគឺកម្ពុជា វៀតណាម ថៃ និងឡាវ ត្រៀមជួបប្រជុំគ្នានៅក្នុងខេត្តសៀមរាប នៅថ្ងៃទី៨និង៩ ក្នុងសប្តាហ៍នេះ ដើម្បីសម្រេចចុងក្រោយថាតើត្រូវអនុញ្ញាតឲ្យមានការសាង់សង់ទំនប់វារីអគ្គីសនីដ៏ចម្រូងចម្រាស់នោះឬអត់។
កិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ កំណត់ឲ្យបណ្តាប្រទេសទាំងបួន ដែលជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ ពិគ្រោះយោបល់គ្នាមុននឹងឈានទៅដល់ការសម្រេចឲ្យមានការសាងសង់ទំនប់វារីអគ្គីសនីណាមួយនៅលើដងទន្លេមេនៃទន្លេមេគង្គផ្នែកខាងក្រោម។
ទំនប់សាយ៉ាបូរីដែលស្ថិតនៅភាគខាងជើងប្រទេសឡាវគឺជាទំនប់ដំបូងគេក្នុងចំណោមទំនប់វារីអគ្គិសនីធំៗយ៉ាងតិចចំនួន១១ដែលគេគ្រោងនឹងសាងសង់កាត់ដងទន្លេមេគង្គក្រោម។
ទំនប់សាយ៉ាបូរីនឹងត្រូវសាងសង់ដោយក្រុមហ៊ុនថៃមួយឈ្មោះ Ch Karnchang ដោយគ្រោងផលិតថាមពលអគ្គិសនីកម្រិត១.២៦០មេហ្គាវ៉ាត់។ ៩៥%នៃថាមពលអគ្គិសនីដែលទំនប់នេះផលិតបាននឹងត្រូវលក់ទៅឲ្យប្រទេសថៃ។ នេះបើយោងតាមរបាយការណ៍របស់អង្គការទន្លេអន្តរជាតិ (International Rivers)។
ប៉ុន្តែ របាយការណ៍ក៏បង្ហាញផងដែរថា ទំនប់សាយ៉ាបូរីនេះ ប្រសិនបើត្រូវបានសាងសង់មែននោះនឹងធ្វើឲ្យខូចខាតប្រព័ន្ធអេកូឡូស៊ីនិងជីវចម្រុះនៅក្នុងទន្លេមេគង្គជារៀងរហូត។ ទំនប់នោះ ក៏នឹងធ្វើឲ្យបាត់បង់ពពួកពូជមច្ឆាយ៉ាងតិចចំនួន៤១ប្រភេទដោយរួមទាំងពូជត្រីរាជដែលកំពុងរងការវិនាសផុតពូជផងដែរ។
ការបាត់បង់នេះនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅ របស់ប្រជាជនរាប់លាននាក់ ជាពិសេសប្រជាជនកម្ពុជាដែលរស់នៅពឹងអាស្រ័យទៅលើទន្លេមេគង្គនិងទន្លេសាប ដែលទទួលលំហូរទឹកពីទន្លេមេគង្គនេះ។
សហគមន៍ អង្គការនិងសកម្មជនការពារបរិស្ថានទាំងថ្នាក់ជាតិ តំបន់និងអន្តរជាតិបានជំទាស់ទៅនឹងការសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីនេះ ដោយអំពាវនាវឲ្យមានការផ្អាកឬការលុបចោលគម្រោងសាង់សង់ទំនប់ដ៏ចម្រូងចម្រាស់មួយនេះ។
គណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន បានអនុម័តទៅលើសេចក្តីសម្រេចចិត្តរបស់ព្រឹទ្ធសមាជិកលោក Jim Webb ដោយអំពាវនាវឲ្យមានការការពារអាងទន្លេមេគង្គនិងឲ្យពន្យារពេលការសាងសង់ទំនប់លើដងទន្លេមេនៃទន្លេមេគង្គនេះ។
កម្ពុជា វៀតណាម និងថៃបានលើកឡើងនូវការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចបណ្តាលមកពីការសាងសង់ទំនប់នោះ និងស្នើឲ្យប្រទេសឡាវពន្យាពេលសាងសង់ទំនប់នោះ ១០ឆ្នាំទៀត។
កញ្ញា អាម ត្រានដឹម (Ame Trandem) នាយកកម្មវិធីប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃអង្គការទន្លេអន្តរជាតិបានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេខ្មែរថា ប្រទេសឡាវគួរតែផ្អាកគម្រោងទំនប់នោះ ហើយធ្វើការសិក្សានិងពិគ្រោះយល់បល់បន្ថែមទៀតទៅតាមការស្នើសុំរបស់បណ្តាប្រទេសជិតខាងរបស់ខ្លួន ដើម្បីបញ្ចៀសភាពតានតឹងនៅក្នុងតំបន់ ដែលអាចឈានទៅដល់ការប្តឹងផ្តល់គ្នាដល់តុលាការអន្តរជាតិនោះ៕