នៅខែកញ្ញាកន្លងទៅនេះ ប្រទេសលាវបានដាក់សំណើជាផ្លូវការសម្រាប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គដ៏ធំមួយមិនធ្លាប់មានក្នុងចំណោមបណ្តាប្រទេសតាមដងទន្លេមេគង្គភាគខាងក្រោម គឺប្រទេសឡាវ ថៃ កម្ពុជា និង វៀតណាម។ ក៏ប៉ុន្តែក្រុមអ្នកអភិរក្សបរិស្ថានសម្តែងនូវការបារម្ភថា ទំនប់វារីអគ្គិសនីនេះ នឹងធ្វើឲ្យខូចខាតដល់បរិស្ថាន និងប៉ះពាល់ដល់ជីវភាពមនុស្សរាប់លាននាក់នៅក្នុងតំបន់និងក្នុងប្រទេសកម្ពុជា។
គម្រោងទំនប់វារីអគ្គិសនី Xayaburi កាត់ទន្លេមេគង្គក្នុងប្រទេសឡាវ ជាគម្រោងស្នើឡើងជាផ្លូវការដំបូងបំផុត ក្នុងចំណោមសំណើសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គចំនួន១២ ហើយសំណើនេះចម្រូងចម្រាស់ខ្លាំងព្រោះវាជាការសម្រេចទាក់ទងនឹងការគ្រប់គ្រងធនធានទន្លេមេគង្គដ៏សំខាន់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ។
អ្នកស្រី Aviva Imhof ប្រធានខាងយុទ្ធនាការរបស់អង្គការការពារទន្លេឈ្មោះ International Rivers និយាយថា ប្រសិនបើសំណើរបស់លាវនេះត្រូវបានគេយល់ព្រម ការណ៍នេះនឹងលើកទឹកចិត្តឲ្យមានការសាងសង់ទំនប់កាត់ទន្លេមេគង្គផ្សេងទៀត ដែលគម្រោងទាំងអស់នេះនឹងមានគ្រោះថា្នក់ដ៏ធ្ងន់ធ្ងរដល់វិស័យជលផលនិងកសិកម្មរបស់កម្ពុជា។
«ទំនប់វារីអគ្គិសនី Xayaburi នឹងអាចជាទំនប់ទឹកកាត់ទន្លេមេគង្គដំបូងដែលត្រូវបានសាងសង់នៅតាមបណ្តោយទន្លេមេគង្គភាគខាងក្រោម ដូច្នេះវាជាគម្រោងដ៏ធំមួយ ព្រោះបើសិនទំនប់នេះត្រូវគេយល់ព្រមឲ្យសាងសង់មែននោះ ការណ៍នេះនឹងបើកផ្លូវឲ្យមានការសាងសង់ទំនប់វារីអគ្គិសនីចំនួន១១ទៀត»។
ទំនប់ Xayaburi ត្រូវបានគេគ្រោងនឹងសាងសង់នៅក្នុងខេត្ត Xayaburi នៅភាគពាយ័ព្យប្រទេសឡាវ ចម្ងាយជាង១.០០០គ.ម. តាមបណ្តោយទន្លេ ពីទីក្រុងភ្នំពេញ។ ទំនប់នេះត្រូវរំពឹងថានឹងមានបណ្តោយ៨១០ម៉ែត្រ កម្ពស់៣២ម៉ែត្រ និងអាចផលិតអគ្គិសនីចំនួន១.២៦០មេហ្គាវ៉ាត់។ ក្នុងទម្រង់ដែលស្នើឡើងនេះ ទំនប់នេះត្រូវគេរំពឹងថានឹងរំខានដល់ចរន្តទឹកហូររបស់ទន្លេមេគង្គទាំងមូល។
អ្នកជំនាញនិយាយថា ទំនប់ទឹកដែលកាត់ទន្លេមេគង្គទាំងមូល ឬហៅថា «ទំនប់កាត់ទន្លេមេ» កាលបើគេសាងសង់កាន់តែឃ្លាតឆ្ងាយពីដើមទឹកនិងកាន់តែជិតទៅដល់ដីសណ្ត ទំនប់ទឹកនោះកាន់តែរាំងខ្ទប់ចរាចរណ៍ត្រី និងលំហូរនៃដីល្បប់ច្រើនឡើង។ ក្រុមអង្គការបរិស្ថានបារម្ភថា ទំនប់ទាំង៩ដែលនៅខាងក្រោម បន្ទាប់ពីទំនប់ Xayaburi អាចនឹងបំផ្លាញជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់។ ក្នុងចំណោមគម្រោងទំនប់ទាំង៩នេះ ក៏មានសំណើសាងសង់ទំនប់វារីអគ្គិសនី ស្ទឹងត្រែង និង សម្បូណ៌ របស់ប្រទេសកម្ពុជាដែរ។
ក៏ប៉ុន្តែលោក Jeremy Bird ប្រធានប្រតិបត្តិនៃគណៈកម្មការទន្លេមេគង្គ បានប្រាប់ វីអូអេសំឡេងសហរដ្ឋអាមេរិក តាមទូរស័ព្ទពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ មកថា វាមិនទាន់ដល់ពេលដែលយើងគួរមានការបារម្ភហួសហេតុអំពីផលប៉ះពាល់និងឥទ្ធិពលរបស់គម្រោងសាងសង់ទំនប់ Xayaburi ទេ ព្រោះសំណើនេះមិនប្រាកដថាត្រូវគេអនុម័តទេ ហើយគម្រោងសាងសង់ទំនប់និមួយៗត្រូវគេពិនិត្យ ដោយឡែកពីគ្នា។
«ខ្ញុំគិតថាវាឆាប់ពេកក្នុងការប្រមើលមើលថាតើ គណៈកម្មាធិការរួមរបស់គណៈកម្មការទន្លេមេគង្គ នឹងសម្រេចយ៉ាងណាក្នុងរឿងទំនប់នេះ។ ខ្ញុំគិតថាលទ្ធភាពដែលគេអនុម័តនោះមានតិចតួចណាស់»។
នៅក្នុងសវនាការមួយរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីចុងខែកញ្ញា ក្រុមអង្គការសង្គមស៊ីវិលបានរិះគន់ការដាក់សំណើគម្រោងសាងសង់ទំនប់វារីអគ្គិសនីជាផ្លូវការរបស់ប្រទេសឡាវនេះ នៅមុនការចេញផ្សាយនៃរបាយការណ៍វាយតម្លៃផលប៉ះពាល់ផ្នែកបរិស្ថានដ៏សំខាន់មួយ ថាជាចេតនានយោបាយរបស់ប្រទេសលាវក្នុងការបង្ហាញថាខ្លួនមានឆន្ទៈនឹងសាងសង់ទំនប់វារីអគ្គិសនីនេះ។
របាយការណ៍ «ការប៉ាន់ប្រមាណជាយុទ្ធសាស្ត្រអំពីផលប៉ះពាល់ផ្នែកបរិស្ថាន» ឬ ជាភាសាអង់គ្លេស Strategic Environmental Assessment Report ជាការសិក្សារបស់អ្នកជំនាញ សម្រាប់គណៈកម្មការទន្លេមេគង្គ បានចេញផ្សាយនៅ៣សប្តាហ៍ក្រោយការដាក់សំណើរបស់ប្រទេសឡាវ។ របាយការណ៍នេះបានរកឃើញថា ទំនប់វារីអគ្គិសនីនិមួយៗនឹងរាំងខ្ទប់ចរាចរណ៍ត្រីដ៏ចាំបាច់របស់ទន្លេមេគង្គ ហើយទំនប់ទាំង១២រួមគ្នានឹងបំផ្លាញជាអចិន្ត្រៃយ៍នូវប្រព័ន្ធធម្មជាតិរបស់ទន្លេមេគង្គ។ របាយការណ៍ក៏កត់សម្គាល់ផងដែរថា សម្រាប់ប្រទេសកម្ពុជា ការខាតបង់ក្នុងវិស័យជលផល នឹងមានលើសពីផលចំណេញដែលបានមកពីការផលិតថាមពលអគ្គិសនី។ របាយការណ៍នេះបានអំពាវនាវ កុំឲ្យមានការសាងសង់ទំនប់ទឹកកាត់ទន្លេមេគង្គក្នុងប្រទេសកម្ពុជា ឡាវ ថៃ និង វៀតណាម ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដោយស្នើឲ្យមានការសិក្សាបន្ថែមទៀត។
មន្ត្រីនៅគណៈកម្មការជាតិទន្លេមេគង្គរបស់ប្រទេសឡាវ មិនអាចទាក់ទងបានទេ ដើម្បីសុំការឆ្លើយតប ទៅនឹងការរិះគន់នានាខាងលើនេះ។
ប៉ុន្តែលោក Jeremy Bird និយាយថាការយឺតយ៉ាវក្នុងការចេញផ្សាយរបាយការណ៍នេះ ជាបញ្ហាបចេ្ចកទេសសុទ្ធសាធ ហើយរបាយការណ៍នេះបានចេញផ្សាយនៅមុនពេលប្រទេសទាំង៤ចាប់ផ្តើមចរចាសម្រេចអំពីសំណើសាងសង់នេះ។ ដំណើរការចរចានេះបានចាប់ផ្តើមកាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០១០។
«រដ្ឋាភិបាលឡាវបានដឹងយ៉ាងច្បាស់អំពីពេលវេលានៃការសរសេររបាយការណ៍នេះ ព្រោះគេបានចូលរួមជាហូរហែមកក្នុងសិក្ខាសាលានានា ដែលជាផ្នែកមួយរបស់ការសិក្សាស្រាវជ្រាវនេះ។ ដូច្នេះបើនិយាយឲ្យចំទៅ ប្រទេសឡាវបានដាក់សំណើសាងសង់នេះ នៅពេលការសិក្សានេះធ្វើចប់សព្វគ្រប់អស់ហើយ»។
ការដាក់សំណើសាងសង់ទំនប់របស់លាវនេះ បានជំរុញឲ្យមាននីតិវិធីរយៈពេល៦ខែ ដែលរួមមានការស្រាវជ្រាវ ការពិគ្រោះយោបល់ និងការពិភាក្សាសម្រេចលើសំណើនេះ ហើយនៅទីបញ្ចប់នៃនីតិវិធីនេះក្នុងថ្ងៃទី២២ខែមេសាឆ្នាំ២០១១ខាងមុខ ប្រទេសទាំងបួន កម្ពុជា ឡាវ ថៃ និង វៀតណាម ត្រូវរំពឹងថានឹងឈានដល់ការព្រមព្រៀងគ្នាមួយ ថាតើនឹងអនុញ្ញាតឲ្យប្រទេសលាវសាងសង់ទំនប់ Xayaburi នេះដែរឬទេ។ គេអាចពន្យារពេលសេចក្តីសម្រេចនេះបានប្រសិនបើមានការខ្វែងគំនិតគ្នា។
ទោះយ៉ាងនេះក្តី ក៏មន្ត្រីសង្គមស៊ីវិលនិយាយថា ដំណើរការធ្វើសេចក្តីសម្រេចនេះមិនគួរទាន់ចាប់ផ្តើមទេ ខណៈដែលអ្នកធ្វើគោលនយោបាយ និង សហគមន៍ដែលត្រូវប៉ះពាល់ មិនទាន់បានជ្រាបច្បាស់ពីផលប៉ះពាល់នានា ដែលមានសរសេរនៅក្នុងរបាយការណ៍សិក្សានេះ។
មន្ត្រីខ្មែរមិនអាចទាក់ទងបានភ្លាមៗទេដើម្បីសុំការបំភ្លឺអំពីគោលជំហររបស់កម្ពុជាចំពោះសំណើរបស់ប្រទេសលាវនេះ។ ប៉ុន្តែតាមប្រភពផ្លូវការមួយ បានឲ្យដឹងថា មន្ត្រីខ្មែរកំពុងចូលរួមនៅក្នុងការសិក្សានៅនឹងកន្លែងដែលគេគ្រោងនឹងសាងសង់ទំនប់ Xayaburi នៅក្នុងប្រទេសឡាវនេះ។
លោក Jeremy Bird បានទទួលស្គាល់ថា បើយោងទៅលើកិច្ចព្រមព្រៀងរបស់គណៈកម្មការទន្លេមេគង្គ ប្រទេសឡាវក៏នៅតែអាចសាងសង់ទំនប់វារីអគ្គិសនីនេះបាន បើទោះជាមានការមិនយល់ព្រមពីប្រទេសជិតខាងទាំង៣ក៏ដោយ។
ឯកសារផ្នែកច្បាប់ទាំងនេះក៏មិនបានបញ្ជាក់ច្បាស់ផងដែរ ថាតើអង្គការសង្គមស៊ីវិល ក៏ដូចជាសហគមន៍ដែលត្រូវរងផលប៉ះពាល់ នឹងអាចធ្វើសកម្មភាពអ្វីខ្លះនៅក្នុងដំណើរការ៦ខែនេះ។ អ្នកស្រី Aviva Imhof និយាយថា អ្នកស្រីមានការបារម្ភបំផុត ថាបរិបទនយោបាយនៅក្នុងប្រទេសឡាវនិងក្នុងតំបន់ នឹងរារាំងមិនឲ្យមានការប្រឆាំងនានា។
«ស្ថានភាពនយោបាយនៅក្នុងតំបន់មានការលំបាកណាស់ មកពីកង្វះខាតនៃសិទ្ធិបញ្ចេញមតិនៅក្នុងប្រទេសមួយចំនួន គឺទាក់ទងទៅនឹងលទ្ធភាពរបស់ពលរដ្ឋក្នុងការសម្តែងមតិអំពីគម្រោងនានាដែលរដ្ឋាភិបាលខ្លួនបានស្នើឡើង»។
កាលពីខែមុន នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន បានការពារសិទ្ធិរបស់ប្រទេសតាមបណ្តោយទន្លេមេគង្គក្នុងការសាងសង់ទំនប់វារីអគ្គិសនីនៅលើទន្លេមេ ហើយលោកបានព្រមានក្រុមអ្នកការពារបរិស្ថានកុំឲ្យមានលក្ខណៈជ្រុលនិយម ក្នុងការស្តីបន្ទោសទំនប់វារីអគ្គិសនីនៅប្រទេសចិនថាជាកត្តាមួយនាំឲ្យទឹកទន្លេមេគង្គមានកម្ពស់ទាបបំផុតកាលពីដើមឆ្នាំនេះ។
ទោះយ៉ាងនេះក្តី លោក Jeremy Bird ជឿថារបាយការណ៍វាយតម្លៃបរិស្ថាននេះ នឹងមានឥទ្ធិពលនៅក្នុងសេចក្តីសមេ្រចអំពីសំណើសាងសង់ទំនប់ Xayaburi។
អ្នកស្រី Aviva Imhof យល់ស្របនឹងទស្សនៈសុទិដ្ឋិនិយមនេះ ដោយបន្ថែមថា អ្នកស្រីសង្ឃឺមថាប្រទេសពីរដែលនឹងត្រូវរងផលប៉ះពាល់ខ្លាំងជាងគេពីការសាងសង់ទំនប់កាត់ទន្លេមេណាមួយនោះ គឺប្រទេសកម្ពុជានិងវៀតណាម នឹងរួមគ្នាប្រឆាំងនឹងគម្រោងរបស់ប្រទេសឡាវនេះ៕