គម្រោងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីរបស់ឡាវនឹងត្រូវផ្អាកជាបណ្តោះអាសន្ន ដោយសារតែមិនទាន់មានការគាំទ្រគ្រប់គ្រាន់ពីសមាជិកទន្លេមេគង្គ ដែលមានការព្រួយបារម្ហអំពីផលប៉ះពាល់ពេលអនាគត។ នេះបើតាមការឲ្យដឹងពីមន្រ្តីនៃគណៈកម្មាធិការជាតិទន្លេមេគង្គ។
ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ លើកទី១៨របស់ខ្លួនថានឹងធ្វើសំណើរមួយទៅប្រទេសជប៉ុនដើម្បីឲ្យ ជួយសិក្សាអំពីផលប៉ះពាល់ដែលអាចកើតមានលើទន្លេមេគង្គនៅក្រោយពេលដែលទំនប់សាយ៉ាបូរីរបស់ឡាវត្រូវបានគេសាងសង់ឡើងនេះបើតាមការ អះអាងរបស់មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
លោក តែ ណាវុធ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គ កម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រោយកិច្ចប្រជុំនោះថា៖
«មានតម្រូវការក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចរៀងៗខ្លួន។ នេះជាចំណុចរួមនៃប្រទេសទាំងអស់ ប៉ុន្តែការអភវឌ្ឍនឹងមិនតម្រូវឲ្យមានផលប៉ះពាល់ខ្លាំងទេគឺត្រូវគិតគូរអំពីផលប្រយោជន៍ និងផលខាត ដូច្នេះហើយទើបទាមទារឲ្យមានតម្រូវការបំពេញនូវចំណេះដឹងបន្ថែមពីព្រោះថា បើយើងធ្វើអ្វីមួយដោយគ្មានចំណេះដឹងពិតប្រាកដយើងធ្វើទាំងប្រថុយប្រថាន នេះជាមូលហេតុឲ្យមានការសិក្សាមុននឹងធ្វើអ្វីមួយជាក់ស្តែង»។
លោកតែ ណាវុធបានថ្លែងទៀងថា ប្រទេសមួយចំនួនដូចជាថៃ និងឡាវ បានលើកឡើងអំពីតម្រូវការបន្ថែមក្នុងការធ្វើការងារផ្ទៃក្នុងជាមួយ រដ្ឋាភិបាលប្រទេសរៀងៗខ្លួន។ លោកថា ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ក៏បានស្វាគមន៍ដៃគូរអភិវឌ្ឍន៍ដែលចាប់អារម្មណ៍ក្នុងការសិក្សាបន្ថែមនេះ។
លោក តែ ណាវុធ មិនបានបញ្ជាក់ច្បាស់លាស់ថា ពេលណានឹងដាក់ សំណើទៅជប៉ុន ឬថាការសិក្សានោះនឹងត្រូវការពេលវេលាប៉ុន្មានឆ្នាំ ក្នុងវិសាលភាពការងារសិក្សាបន្ថែមនោះទេ ប៉ុន្តែថាការនេះគឺវាស្របតាម លទ្ធផលនៃកិច្ចប្រជុំកំពូលលើកទី៣ មេគង្គ-ជប៉ុន កាលពីពេលថ្មីៗនេះនៅ កោះបាលី ឥណ្ឌូនេស៊ី។
ឡាវត្រូវគេដឹងថាបានជួលក្រុមហ៊ុនមួយដែលមានមូលដ្ឋាន នៅប្រទេសស្វ៊ីសឲ្យជួយធ្វើកាសឹក្សាស្រាវជ្រាវអំពីផលប៉ះពាល់លើបរិដ្ឋានទន្លេមេគង្គមុននឹងលើកគម្រោងសាងសង់នេះឡើង ប៉ុន្តែនៅក្នុងកិច្ច ប្រជុំនេះវៀតណាមបានគេអះអាងថា បានជំទាស់នឹងរបាយកាណ៍របស់ក្រុមហ៊ុននោះដោយលើកឡើងថា ការសិក្សានោះនៅមិនទាន់គ្រប់គ្រាន់ទេ។
លោក តែ ណាវុធ បានបញ្ជាក់ថា នៅក្នុងករណីកិច្ចសហប្រតិបត្តិការទន្លេមេគង្គ ប្រទេសជាសមាជិកទាំងអស់មុននឹងចាប់ផ្តើមធ្វើគម្រោងគឺត្រូវតែមានការពិភាក្សានិងមានការយល់ព្រមដោះស្រាយពីវិធានការពាក់ព័ន្ធនឹងសំណង់នោះ។
ទំនប់វារីអគ្គិសនីសាយ៉ាបូរីដែលស្ថិតនៅភាគខាងជើងប្រទេសឡាវត្រូវបានគ្រោងសាងសង់កាត់ដងទន្លេមេគង្គនោះ ហើយត្រូវបានដឹងថាគឺជាគម្រោងទំនប់ដ៏ធំមួយដែលអាចផលិតអគ្គិសនីបានប្រមាណ១.២៦០មេហ្គាវ៉ាត់ ប៉ុន្តែ មានការជំទាស់ជាច្រើនទាំងថ្នាក់តំបន់ និងអន្តរជាតិដោយបានលើកឡើងថា ប្រសិនបើទំនប់នោះត្រូវបានគេសាងសង់មែន វានឹងប៉ះពាល់ដល់ប្រព័ន្ធជីវៈចម្រុះនៅក្នុងទន្លេ ពពួកមច្ឆា និងដល់ជីវភាពប្រជាពលរដ្ឋរាប់លាននាក់ដែលរស់នៅពឹងអាស្រ័យលើទន្លេមេគង្គ៕