ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ប្រតិកម្ម​នឹង​ការ​ចុះ​ផ្សាយ​អំពី​កូន​ប្រុស​របស់​លោក​​​​ដាក់​លក់​អចលនទ្រព្យ​តម្លៃ​រាប់​សិប​លាន​ដុល្លារ​នៅ​អូស្ត្រាលី


រូបភាពដកស្រង់ចេញពីគេហទំព័ររបស់សារព័ត៌មាន The Australian បង្ហាញវិមានគេហដ្ឋានដ៏ធំមួយដែលត្រូវបានជឿថាជាកម្មសិទ្ធិរបស់កូនប្រុសរបស់លោក ជា សុផារ៉ា នៅទីប្រជុំជន Clontarf នៃទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ (រូបដកស្រង់ពីគេហទំព័រ The Australian)
រូបភាពដកស្រង់ចេញពីគេហទំព័ររបស់សារព័ត៌មាន The Australian បង្ហាញវិមានគេហដ្ឋានដ៏ធំមួយដែលត្រូវបានជឿថាជាកម្មសិទ្ធិរបស់កូនប្រុសរបស់លោក ជា សុផារ៉ា នៅទីប្រជុំជន Clontarf នៃទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ (រូបដកស្រង់ពីគេហទំព័រ The Australian)

រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា នៅ​ថ្ងៃ​អង្គារ​នេះ បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ចុះ​ផ្សាយ​អត្ថបទ​ព័ត៌មានទាក់ទង​នឹង​ការ​ដាក់​លក់​ភូមិគ្រឹះ​របស់​កូនប្រុស​របស់​លោក​ក្នុង​ប្រទេស​អូស្ត្រាលី​ក្នុង​តម្លៃ​ប្រមាណ​៣៨​លាន​ដុល្លារ។ លោក​រដ្ឋមន្ត្រីអះអាង​ថា ​លោក​មិន​បាន​ដឹង​អំពី​រឿង​នេះ​ទេ ហើយ​ប្រតិកម្ម​ទៅ​នឹង​ការ​ចុះ​ផ្សាយ​នេះ។

សារព័ត៌មាន​ដែល​មាន​ឈ្មោះ​ថា ​The Australian បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២​ថា​ កូន​ប្រុស​របស់​លោក ជា សុផារ៉ា​ គឺ​ លោក ផារ៉ា មង្គល ដែល​ជា​នាយ​ខុទ្ទកាល័យ​នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដាក់​លក់​ផ្ទះ​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​លោក​បាន​ទិញ​កាល​ពី​ឆ្នាំ​២០១៦។

នៅ​ពេល​វីអូអេ​ទាក់ទង​តាម​ទូរស័ព្ទ លោក ជា សុផារ៉ា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​លោកមិន​បាន​ដឹង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​លក់​អចលនទ្រព្យ​នេះ​នោះ​ទេ។

លោក ជា សុផារ៉ា បាន​ថ្លែង​ថា៖ «អា​គេ​ផ្សាយ​ហ្នឹង​ គេ​លក់ អ្នក​ណា​ចង់​ទិញ​ក៏​ទិញ​ទៅ​ ផ្ទះ​របស់​គេ​ណោះ សួរ​ខ្ញុំ​ម៉េច​ដឹង។ ខ្ញុំ​អត់​ដឹង​ផង​អូន។ មិន​មែន​គេ​ Underage (មិន​ទាន់​គ្រប់​អាយុ) ណា»។

នៅ​ពេល​សួរ​ពាក់ព័ន្ធ​នឹង​ប្រភព​ចំណូល​ដែល​បាន​ប្រើប្រាស់​ក្នុង​ការ​ទិញ​អចលទ្រព្យ​នេះ​ លោក​ ជា សុផារ៉ា មិន​បាន​បញ្ជាក់​លម្អិត​ឡើយ។

លោកថ្លែង​យ៉ាង​ដូច្នេះ​ មុន​នឹង​ទម្លាក់​ទូរស័ព្ទ​ចុះ៖ «បាទ កូន​ខ្ញុំ​ ថ្ងៃ​ក្រោយ​គេ​ធ្វើ​មហាសេដ្ឋី​អ៊ីចឹង សួរ​ថា​បាន​លុយ​មក​ពី​ណា ហើយ​ថ្ងៃ​ក្រោយ​គេ​ធាក់​ស៊ីក្លូ​សួរ​ថា ម៉េច​គេ​អស់​លុយ។ ឆោត​អី​ឆោត​ ចេះ​តែ​និយាយ។ ការងារ​ម៉ា​គនរ​មិន​ធ្វើ​ទេ ចេះ​តែ​ប្រមាញ់រឿង​តែ​ផ្តេស​តែ​ផ្តាស។​ មិនមែន​ជា​ការ​ស្ថាបនា​ទេ។ ឃើញ​គេ​ក្រ​ អរ​ណាស់ ឃើញ​គេ​មាន​រុកគួន​ណាស់។ អា​អគតិ​អ៊ីចឹង ចង្រៃ​អ៊ីចឹង​ហ្អេ»។

វីអូអេ​មិន​ទាន់​អាចទាក់ទង​លោក ផារ៉ា មង្គល​ កូន​ប្រុស​របស់​លោក ជា​ សុផារ៉ា ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​បាន​នៅ​ឡើយ​ទេ នា​ថ្ងៃ​អង្គារ​នេះ។

​អត្ថបទ​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ The Australian កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា​ រៀបរាប់​ថា​ ការ​លក់​ភូមិ​គ្រឹះ​មួយតម្លៃ​៣៨​លាន​ដុល្លារ​ ក្នុង​ក្រុង​ Sydney (ស៊ីដនី)​ ប្រទេស​អូស្ត្រាលី​ នាំ​ឱ្យ​មាន​ការ​លើកឡើង​អំពី​ការ​ស៊ើប​អង្កេត​ពាក់ព័ន្ធ​នឹង​ការ​អះអាង​ថា អូស្ត្រាលី​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង ​ដើម្បី​លាក់​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រីមួយ​ចំនួន​នៅ​កម្ពុជា។

អត្ថបទ​ព័ត៌មាន​បញ្ជាក់​ថា ភូមិ​គ្រឹះ​ខាង​លើ​នេះ​ ដែល​ស្ថិត​លើ​ផ្ទៃ​ដី​ទំហំ​ជាង​៣.០០០​មែត្រ​ការ៉េ ជាប់​មាត់​ឆ្នេរ ជាមួយ​នឹង​រោង​ភាពយន្ត តារាង​បាល់បោះ​តូច និង​តារាង​បាល់ទាត់ គឺ​ជា​កម្មសិទ្ធិ​របស់​មន្ត្រីក្រសួង​ដែនដីនគរូបនីយកម្ម​ និង​សំណង់​មួយ​រូប ដែល​មាន​ប្រាក់​ចំណូល​តិច​ជាង​១.០០០​ដុល្លារ​ក្នុង​មួយ​ខែ​តែ​ប៉ុណ្ណោះ។

អត្ថបទ​ព័ត៌មាន​ដដែល​បន្ត​ថា​លោក ផារ៉ា មង្គល​ អាយុ ៣៩​ឆ្នាំ និង​ភរិយា​ឈ្មោះ តាវ ម៉ាឌីណា អាយុ ៣៦​ឆ្នាំ ដែល​ជា​កូនស្រី​របស់​អតីត​រដ្ឋ​មន្ត្រីក្រសួង​កសិកម្ម ​លោក តាវ សេងហួ បាន​ទិញ​ភូមិ​គ្រឹះ​នេះ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ ក្នុង​តម្លៃដើមប្រមាណ​ ១១​លាន​ដុល្លារ ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​មួយ​សម្រាប់​អចលនទ្រព្យ​នៅ​តំបន់​ជាយ​ក្រុង​កាល​ពី​គ្រា​នោះ។

​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​នេះ លោក​ Bill Browder ដែល​ជា​អ្នក​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​មួយ​រូប បាន​លើកឡើង​ថា ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ គួរ​តែ​ជា​គោលដៅ​ចម្បង​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ក្រោម​ច្បាប់ ​Magnitsky ថ្មី​របស់​អូស្ត្រាលី។

លោកថ្លែង​ក្នុង​សម្តី​ដើម​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ថា៖ «នេះ​ជា​អ្វី​ដែល​ច្បាប់​ Magnitsky របស់​អូស្ត្រាលី ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ដោះស្រាយ​នឹង​បញ្ហា​ដូចនេះ។ មាន​របប​មួយ​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​រំលោភបំពាន​សិទ្ធិ និង​ការ​លួចប្លន់ ហើយ​មន្ត្រីនៃ​របប​នេះ និង​គ្រួសារ​របស់​ពួកគេ បាន​រក្សា​ទុក​ទ្រព្យ​សម្បត្តិ​នៅ​អូស្ត្រាលី»។

តាម​គោលការណ៍​ ច្បាប់​ Magnitsky មាន​គោលដៅ​បញ្ឈប់​មន្ត្រី​បរទេស​ដែល​ពុករលួយ និង​ជន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ពី​ការ​ផ្ទេរ​ទ្រព្យ​សម្បត្តិ​ ដែល​ពួកគេ​ប្រមូល​បាន​ពី​ការ​លួច ​និង​កេង​បន្លំ​ពី​ប្រទេស​កំណើត​របស់​ខ្លួន ដើម្បី​មក​វិនិយោគ​នៅប្រទេស​បស្ចិម​លោក។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន បាន​ច្រាន​ចោល​ការ​អំពាវនាវ​របស់​លោក Bill Browder ដោយ​ថា​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ និង​ការ​បំពាន​ផ្សេងៗ​គួរ​តែ​មាន​លើ​បុគ្គល​អភិជន​នៅ​បណ្តា​ប្រទេស​បស្ចិម​លោក​ផង​ដែរ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​បើ​សិន​ជា​គាត់​មាន​គំនិត​ប្រឆាំង​អំពើ​ពុករលួយ​អ៊ីចឹង​ គួរ​តែ​គាត់​សើរើ​សេដ្ឋី​ទាំងឡាយ​នៅ​អង់គ្លេស ឬ​មួយ​សេដ្ឋី​ទាំងឡាយ​នៅ​អាមេរិក ឬ​មួយ​នៅ​កាណាដា មិន​មែន​ធ្វើ​តែ​ខ្មែរ​នៅ​អូស្ត្រាលី​ទេ»។

គួរ​បញ្ជាក់​ថា កាល​ពី​ខែ​តុលា ឆ្នាំ​២០១៨ ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី​ ABC បាន​រៀបរាប់​ពី​ទ្រព្យ​សម្បត្តិ​ជា​អចលនទ្រព្យ​ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ​នៅ​អូស្ត្រាលី​ ដែល​ជា​កម្មសិទ្ធិ​របស់ក្រុម​បុគ្គល​មាន​ចំណង​សាច់​ញាតិ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក គង់ វិបុល​ ផង​ដែរ។ លោក គង់ វិបុល ធ្លាប់​បាន​បដិសេធ​ថា​លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​នោះ​ទេ៕

XS
SM
MD
LG