រដ្ឋាភិបាលកម្ពុជាបានប្រកាសនិរាករណ៍អាជ្ញាបណ្ណពីក្រុមហ៊ុនចំនួន១១ដែលទទួលសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចហើយបង្កការប៉ះពាល់ដល់ប្រជាពលរដ្ឋហើយក្រុមហ៊ុនខ្លះមិនបានធ្វើសកម្មភាពអភិវឌ្ឍន៍អ្វីទេ។ ប៉ុន្តែរដ្ឋាភិបាលមិនបានបញ្ជាក់ពីចំណាត់ការណាមួយដើម្បីដាក់ទោសក្រុមហ៊ុនដែលបានទទួលយកដីទៅរាប់ឆ្នាំហើយដោយមិនអភិវឌ្ឍន៍នោះឡើយ។
យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីឱ្យដឹងថាទីតាំងដីសម្បទានសេដ្ឋកិច្ចទាំងនោះស្ថិតនៅក្នុងខេត្តចំនួន៩ក្នុងនោះ មានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ មណ្ឌលគីរី ព្រះវិហារ កំពង់ធំ បាត់ដំបង កំពង់ស្ពឺ ព្រះសីហនុ និងខេត្តក្រចេះ។
ក្រុមហ៊ុនខ្លះទទួលបានដីរហូតដល់ជាង៩ពាន់ហិកតានិងមានក្រុមហ៊ុនមួយទទួលបានដីតាំងពីឆ្នាំ២០០៣។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៧ ខែតុលា ថារដ្ឋាភិបាលនឹងបន្តធ្វើការតាមដានត្រួតពិនិត្យលើបញ្ហាវិនិយោគនេះ ដោយអាចនឹងមានការដកយកទៀតបើក្រុមហ៊ុនទាំងនោះនៅតែមិនគោរពតាមការសន្យារបស់ខ្លួន។
នេះជាការដកយកអាជ្ញាបណ្ណជាលើកទីពីរពីក្រុមហ៊ុនដីសម្បទាន។ កាលពីចុងខែកញ្ញាកន្លងទៅរដ្ឋាភិបាលកម្ពុជាក៏បានដកអាជ្ញាបណ្ណ ក្រុមហ៊ុនចំនួន ៨ ម្តងរួចហើយដែរនៅក្នុងខេត្តចំនួនបីគឺខេត្តព្រះសីហនុ កំពង់ស្ពឺនិងខេត្តកោះកុង។
ជារឿយៗអ្នកស្រុករងផលប៉ះពាល់ពីការផ្តល់ដីសម្បទាននេះហើយមានអ្នកខ្លះត្រូវចាប់ដាក់គុកនិងមានការចេញពីបណ្តាខេត្តមកតវ៉ានៅរាជធានីភ្នំពេញ៕