នៅថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋតំបន់បឹងកក់បានស្នើសុំអាជ្ញាធរក្រុងភ្នំពេញឱ្យបង្កើតគណៈកម្មការចម្រុះមួយដើម្បីពិភាក្សាវិធីវាស់វែងក្បាលដីរបស់ពួកគេសម្រាប់ការអភិវឌ្ឍនៅនឹងកន្លែង។
ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីធនាគារពិភពលោកបានជំរុញឱ្យកម្ពុជាដោះស្រាយការប្រឈមពាក់ព័ន្ធនឹងប្រជាពលរដ្ឋរាប់ពាន់នាក់ដែលប្រឈមនឹងការបណ្តេញចេញពីផ្ទះសម្បែងពួកគេដោយបង្ខំ។
អ្នកស្រី ទេព វណ្ណី តំណាងសហគមន៍បឹងកក់បានថ្លែងប្រាប់វីអូអេខ្មែរថា៖
«នៅរសៀលនេះ ប្រជាសហគមន៍បឹងកក់របស់ខ្ញុំទាំងអស់គ្នា ពិភាក្សារៀបចំឯកសារមួយដាក់ទៅសាលាក្រុងនៅថ្ងៃស្អែក។ ឯកសារនេះមានអត្ថន័យថា សុំឱ្យសាលាក្រុង គណៈកម្មការសុរិយោដី និងអាជ្ញាធរចុះមកវាស់វែងដីលម្អិតឱ្យប្រជាពលរដ្ឋជាក់ស្តែងដើម្បីឱ្យដំណើរការអភិវឌ្ឍឱ្យបានឆាប់រហ័ស»។
អ្នកស្រី លី ស្រីមុំ តំណាងសហគមន៍បឹងកក់ម្នាក់ទៀតបាននិយាយថា ប្រជាពលរដ្ឋបឹងកក់កំពុងស្វែងរកការជួបជាមួយអាជ្ញាធរក្រុងដើម្បីពិភាក្សាគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែងនេះ។
«យើងបានលម្អិតឯកសារចំនួន៧៤៤ក្បាលដី ស្មើនឹងផ្ទៃដី១០ហិកតា ស្មើនឹងប្រជាពលរដ្ឋ១.៥០០គ្រួសារ។ យើងលម្អិតក្បាលដីឱ្យគាត់(សាលាក្រុងភ្នំពេញ)ហើយ។ យើងចង់បើកការចរចាបញ្ចប់វិវាទដីធ្លី ដែលបានកន្លងមកបួនឆ្នាំហើយ ដែលមិនទាន់មានការដោះស្រាយនេះ»។
សហគមន៍បឹងកក់បានដាក់សំណើសុំជួបពិភាក្សាជាមួយមន្ត្រីសាលាក្រុងភ្នំពេញនៅថ្ងៃទី៩ខែឧសភានេះ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការឆ្លើយតបពីសាលាក្រុងនៅឡើយទេ។
សេចក្តីថ្លែងការណ៍របស់ធនាគារពិភពលោកកាលពីថ្ងៃច័ន្ទបានបញ្ជាក់ថា ម្ចាស់ដីទាំងនោះនៅតែព្យាយាមចរចាលើកិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាលអំពីដីដ៏មានតម្លៃនៅជុំវិញតំបន់បឹងកក់។ ធនាគារពិភពលោកបានកត់សម្គាល់ថា ធនាគារកំពុងលើកទឹកចិត្តឱ្យភាគីទាំងអស់សម្រេចដោះស្រាយ និងក្នុងរយៈពេលអន្តរកាលនេះនឹងតាមឃ្លាំមើលយ៉ាងដិតដល់នូវការរីកចម្រើននៃការចរចានេះ។
ក្នុងរយៈពេលប្រាំពីរឆ្នាំ កម្មវិធីធនាគារពិភពលោកដែលមានទឹកប្រាក់ចំនួន២៤លានដុល្លារអាមេរិកត្រូវបានបង្កើតឡើងដើម្បីពង្រឹងកម្មសិទ្ធិទ្រព្យសម្បត្តិនៃម្ចាស់ដីនៅបឹងកក់ ដែលជាកន្លែងដែលរដ្ឋាភិបាលបានបណ្តេញប្រជាពលរដ្ឋចេញដោយគ្មានសំណងគ្រប់គ្រាន់។ ធនាគារពិភពលោកឲ្យដឹងថា រដ្ឋាភិបាលបានប្រាប់ធនាគារថា រដ្ឋាភិបាលកំពុងតែចាត់វិធានការណ៍មួយចំនួនដើម្បីធ្វើឱ្យដំណើរការតាំងទីលំនៅជាថ្មីនៅកម្ពុជាប្រសើរឡើង។
លោកកែប ជុតិមា អភិបាលក្រុងភ្នំពេញ បានថ្លែងនៅក្នុងការជួបជាមួយតំណាងបឹងកក់ថ្មីៗនេះថា អាជ្ញាធរនឹងចុះទៅធ្វើការវាស់វែងក្បាលដីរបស់អ្នកភូមិបឹងកក់។ ក្នុងខែមិនា អធិការកិច្ចផ្ទៃក្នុងធនាគារពិភពលោកបានបញ្ជាក់ថា កម្មវិធីដីធ្លីបានធ្វើឱ្យមានគុណវិបត្តិ និងបានរំលោភគោលនយោបាយធនាគារ។
អ្នកស្រី លី ស្រីមុំ បាននិយាយថា ការលើកឡើងរបស់ធនាគារពិភពលោកនេះគឺជារឿងល្អ ព្រោះគម្រោងដីធ្លីរបស់ធនាគារនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ ធ្វើឱ្យបាត់បង់សិទ្ធិកាន់កាប់ដីធ្លី ធ្វើឱ្យមានកំហុសចំពោះប្រជាពលរដ្ឋបឹងកក់។
«គាត់ (ធនាគារពិភពលោក) ត្រូវមានកាតព្វកិច្ចតាមដានពីសកម្មភាពប្រជាពលរដ្ឋនៅតំបន់បឹងកក់ក្នុងការចរចាជាមួយសាលារាជធានី ឱ្យប្រាកដប្រជាថា សាលារាជធានីផ្តល់ការអភិវឌ្ឍឱ្យប្រជាពលរដ្ឋនៅតំបន់បឹងកក់នូវជម្រើសថ្មីនេះពិតប្រាកដ ឬមិនពិតប្រាកដ។ ខ្ញុំសុំឱ្យគាត់ធ្វើការបន្តការគាំទ្រនេះ រហូតដល់ប្រជាពលរដ្ឋតំបន់បឹងកក់មានលំនៅដ្ឋានសមរម្យ។ ការគាំទ្ររបស់ធនាគារពិភពលោកនេះមានតម្លាភាព និងយុត្តិធម៌ចំពោះប្រជាពលរដ្ឋ។
ក្នុងឆ្នាំ២០០៧ រដ្ឋាភិបាលបានជួលដីតំបន់បឹងកក់ទៅឱ្យក្រុមហ៊ុន Sukaku Inc.ធ្វើការអភិវឌ្ឍក្នុងតម្លៃ៧៩លានដុល្លារអាមេរិកសម្រាប់រយៈពេល៩៩ឆ្នាំ៕