ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ជីវពល​ជនជាតិ​ឃើដ​ បំផ្លាញ​គំនិត​ផ្តួច​ផ្តើម​របស់​ទួរគី​


ប្រទេសទួរគី​បាន​បើកប្រតិបត្តិការ​យោធា​ថ្មី​មួយប្រឆាំង​នឹង​ក្រុម​ឧទ្ទាមជនជាតិ​ឃើដ ​នៅ​តាម​បណ្តោយ​ព្រំដែន​អ៊ីរ៉ាក់​ ដោយ​សារ​តែ​ការ​បង្ក​ហេតុ​ចេញ​ពីការ​វាយ​ប្រហារ​ជាបន្តបន្ទាប់​របស់​ក្រុម​បះបោរ​ទៅ​លើ​កង​កម្លាំង​សន្តិសុខ។

យុទ្ធនាការ​នេះ គឺ​ជា​យុទ្ធនាការ​ចុងក្រោយបង្អស់សម្រាប់​ការ​តស៊ូ​ដ៏​យូរ​អង្វែង​ប្រឆាំង​ទៅ​នឹង​គណបក្ស​ពលករ​ឃើដ​ឌី​ស្តាន (Kurdistan Workers Party) ឬ​ហៅ​កាត់​ថា PKK ពី​សំណាក់​រដ្ឋាភិបាល​ទួរគី​ ដែល​កំពុងព្យាយាមធ្វើ​ឲ្យ​មាន​តុល្យភាព​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ពលរដ្ឋ​ឃើដតាម​រយៈការបន្ធូ​បន្ថយ​កំហឹង​នឹងការ​វាយប្រហារ​នេះ។

ការ​វាយប្រហារ​ចុង​ក្រោយ​បង្អស់ គឺ​ជា​ការ​បំបាក់​មុខ​មាត់​ទួរគី​ខ្លួន​ឯង​ ក្នុង​នាម​ជា​មេ​ដឹកនាំ​ថ្មី​ក្នុង​តំបន់​ ដែល​ជា​ការ​រំឭក​ឡើង​វិញ​នូវ​បញ្ហា​មួយ​ ដែលបាន​បង្ក​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៤​មក​ម្លេះ​ ដែល​នៅ​ពេល​នោះ PKK បាន​ធ្វើ​ការ​បះ​បោរនៅ​ភាគ​អាគ្នេយ៍។

អ្នក​ការទូត​ជាន់​ខ្ពស់​ម្នាក់​របស់​ទួរគី​ ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ព្យាយាម​និយាយ​បន្ធូរបន្ថយឧបទ្ទហេតុទាំង​អស់នេះ។ លោក​ហ៊ូសីយីន អាវនី ប៊ូតសាលី (Huseyin Avni Botsali) ឯកអគ្គរដ្ឋ​ទូត​ទួរគី​ប្រចាំ​នៅ​ប្រទេស​អេហ្ស៊ីប​មាន​ប្រសាសន៍ថា​ រដ្ឋាភិបាល​មិនមើល​ស្រាល​ការ​វាយ​ប្រហារ​ទាំង​នេះ​ទេ​ ប៉ុន្តែ​ប្រយ័ត្ន​ប្រយែង​ត្រង់ថា​ ការ​វាយ​ប្រហារ​នេះ​ ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្នុង​បរិបទ​ដ៏​ទូលំ​ទូលាយមួយ។ លោក​ថ្លែង​ថា៖

«ការ​វាយ​ប្រហារ​នេះ ពិត​ជា​ធ្វើ​ឲ្យ​មាន​អស្ថេភាព​ ប៉ុន្តែ វាជាការវិវត្ត​ប្រកប​ដោយ​យុទ្ធសាស្ត្រ ដែល​ឥរិយាបថ​អវិជ្ជមាន​មួយ​ចំនួន​កំពុង​តែ​ជៈឥទ្ធិពល​ទៅលើរឿង​នេះ។ មនុស្ស​មួយ​ចំនួន​ ព្យាយាមប្រើអំពើហិង្សា​ ដើម្បី​ជំរុញ​ឲ្យ​មាន​របៀបវារៈ​នយោបាយមួយ។ ហើយ​ប្រវត្តិ​សាស្រ្ត​ បាន​ស្តែង​ឲ្យ​ឃើញ​ម្តង​ហើយ​ម្តង​ទៀត​ថា អំពើ​ហិង្សា​នឹង​មិន​ផ្តល់​អ្វី​ទាំង​អស់»។

ខណៈ​ដែល​គណបក្សPKK មិន​មាន​លទ្ធភាព​រំលំ​រដ្ឋាភិបាល​ដោយ​កម្លាំង​យោធា​ រដ្ឋាភិបាលក៏​មិន​ទាន់​អាច​ធ្វើ​ឲ្យ​ពួក​ឧទ្ទាមបរាជ័យ​បាន​ដែរ បើ​ទោះ​ជា​មានការវាយប្រហារ​គ្នាអស់ជាច្រើន​ទសវត្សរ៍ក៏​ដោយ។ ការ​ដឹកនាំ​បច្ចុប្បន្នបាន​ប្រកាន់​យក​វិធីសាស្រ្ត ទូលំ​ទូលាយ​ជាង​មុន​ ដោយ​ដោះស្រាយ​សេចក្តី​ទុក្ខព្រួយ​របស់​ជនជាតិ​ឃើដ​ ដែល​ជា​ចំណុច​ស្នូល​នៃការគាំទ្រ​របស់​ជនជាតិ​ឃើដ​ទៅ​ដល់​ក្រុម​ឧទ្ទាម។

ក៏​ប៉ុន្តែគំនិត​ផ្តួច​ផ្តើម​សំខាន់ៗ​កាល​ពី​ឆ្នាំ​មុន​ បាន​ជួប​ឧបសគ្គ​ស្ទើរ​តែ​ភ្លាម​ៗ​តែ​ម្តង។ ការ​វាយ​សំពង​មួយ​ទៅ​លើ​កម្មវីធី​នោះ​ បាន​កើត​ឡើង​ នៅ​ពេល​ដែល​អតីត​អ្នក​ប្រយុទ្ធរបស់​គណបក្សPKK ដែលវិល​ត្រឡប់​មក​ពី​ប្រទេស​អ៊ីរ៉ាក់​វិញ​ ត្រូវ​បាន​ទទួល​ស្វាគមន៍​ក្នុងនាមជា​វីរបុរស​ដែល​ជំរុញឲ្យ​គណបក្សនយោបាយ​ប្រឆាំងធ្វើ​ការរិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​អ្វី​ដែល​ពួក​គេ​ហៅថា ជា​សម្បទាន​របស់​រដ្ឋាភិបាល។

រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ រីសិប តាយយីប អេដូហ្កាន (Recep Tayyip Erdogan) ដែលនឹងប្រឈមនឹង​ការ​បោះឆ្នោត​ឆ្នាំក្រោយ​ ​បាន​ជាប់​គាំង​កណ្តាល​រឿងពីរ​ គឺ​ការ​បង្កើន​សកម្មភាព​ប្រឆាំង​នឹង​ពួកឧទ្ទាម​ និង​ការព្រួយ​បារម្ភ ដែល​ថាគំនិត​ផ្តួចផ្តើម​នេះ​មិន​គ្រាន់​តែ​ជាប់​គាំង​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំងមិន​មាន​ពេលគ្រប់គ្រាន់នឹង​ចាប់​ផ្តើម។

លោកហ៊ូហ ផូប (Hugh Pope) គឺ ជា​នាយក​កម្មវិធី​សម្រាប់​កិច្ចការ​ទួរគី​ នៅ​ឯ​ក្រុម​ដោះ​ស្រាយ​វិបត្តិ​អន្តរជាតិ (International Crisis Group) នៅ​ទី​ក្រុង​អ៊ីស្តាន់ប៊ុល។ លោក​បន្ត​ទៀត​ថា៖

«បញ្ហា​គឺ​នៅ​ត្រង់​ថា បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី បាន​បង្ហាញ​ការ​គោរព​ចំពោះ​ភាព​ជា​ជន​ជាតិ​ឃើដ ដែល​ជា​ចំណុច​សំខាន់​នៅ​ក្នុង​ប្រទេស​ទួរគី​ក៏​ដោយ ក៏ ភាព​លម្អិត​ជា​ច្រើន​ស្តី​ពី​អ្វីដែល​ត្រូវបាន​ហៅ​ថា ​ភាព​បើក​ចំហ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ គឺ​មិន​ទាន់អាច​ទាក់ទាញ​អារម្មណ៍​ក្រុមអ្នក​ជាតិ​និយម​ឃើដ​បាន​នៅ​ឡើយ»។

រដ្ឋាភិបាល​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ចែក​បញ្ហា​ទាំង​ពីរ​ឲ្យ​ដាច់​ពី​គ្នា គឺ​បញ្ហា​នៃ​ការធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​របស់​ពលរដ្ឋ ឃើដ​ និង​ការ​បំបាត់​ចោលគណបក្ស PKK ដែល​ត្រូវ​បាន​រដ្ឋាភិបាលក្រុង​អង់ការ៉ា សភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិកចាត់​ទុក​ថា​ ជា​ក្រុមភេរវករ​ ។

ប្រែសម្រួល​ដោយ​លី សុខឃាង

XS
SM
MD
LG