សហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិលោក Laurant Kasper-Ansermet ដែលកំពុងរង់ចាំការតែងតាំងជាផ្លូវការ និងសហចៅក្រមស៊ើបអង្កេតជាតិ លោកយូ ប៊ុនឡេង បានប៉ះទង្គិចគ្នាធ្ងន់ៗម្តងទៀតនៅថ្ងៃច័ន្ទនេះ នៅជុំវិញការស៊ើបអង្កេតសំណុំរឿងបន្ថែម០០៣ និង០០៤។
នៅក្នុងសេចក្តីប្រកាសព័ត៌មានខ្លីមួយ លោកLaurant Kasper-Ansermet បានបង្ហាញថា លោកមានការសោកស្តាយ ដែលលោកយូ ប៊ុនឡេងមិនយល់ព្រមជាមួយរូបលោកនៅក្នុងការបញ្ចេញព័ត៌មានចំពោះសាធរណជន ទាក់ទងទៅនឹងការរីកចម្រើន នៅក្នុងសំណុំរឿង០០៣ និង០០៤។
ការប៉ះទង្គិចនៅក្នុងសំណុំរឿងដូចគ្នានេះបានកើតឡើងម្តងហើយកាលពីដើមខែធ្នូកន្លងទៅ។ ប្រភពនានានៅក្នុងសាលាក្តីខ្មែរក្រហមបង្ហាញថា សហចៅក្រមបម្រុងអន្តរជាតិចង់បង្ហាញពីការស៊ើបអង្កេតបន្តនៅក្នុងសំណើរឿងទាំងពីរនេះដល់ប្រជាពលរដ្ឋកម្ពុជា។ ក៏ប៉ុន្តែសហចៅក្រហមស៊ើបអង្កេតជាតិបានជំទាស់នៅក្នុងរឿងនេះ។
លោកឡាស់អលសិន អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិ ទទួលស្គាល់ថា មានការខ្វែងគ្នាដូច្នេះមែន។ លោកមានប្រសាសន៍នៅក្នុងនាមសហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិថា សហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិបានចម្លងសេចក្តីប្រកាសព័ត៌មានមួយចំនួនស្នើដល់លោកយូ ប៊ុនឡេង កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុនទាក់ទងទៅនឹងសំណុំរឿង០០៣ និង០០៤។ ក៏ប៉ុន្តែលោកយូ ប៊ុនឡេងមិនយល់ស្របនោះទេ។
ភ្លាមៗ នៅថ្ងៃនេះ លោកយូ ប៊ុនឡេង សហចៅក្រមស៊ើបអង្កេតជាតិ បានធ្វើសេចក្តីថ្លែងការណ៍តប ដោយលោកហៅលោកLaurant Kasper-Ansermet ថា បានវាយសំពងរូបលោកពីក្រោយខ្នង ហើយលោកLaurant Kasper-Ansermet មិនទាន់មាននីតិសម្បទាផ្លូវច្បាប់សម្រាប់ធ្វើសេចក្តីសម្រេចណាមួយជាមួយរូបលោកនោះទេ។
កង្វះនីតិសម្បទាផ្លូវច្បាប់ ដែលគេមើលឃើញថា ដោយសារតែលោក Laurant Kasper-Ansermet មិនទាន់ត្រូវបានតែងតាំងជាសហចៅក្រមអន្តរជាតិជាផ្លូវការដោយព្រះមហាក្សត្រនោះទេ។ លោកយូ ប៊ុនឡេងបន្ថែមថា ដៃគូ ដែលមិនទាន់មានភាពស្មើគ្នារបស់លោក ខ្វះការយោគយល់ ហើយបានដើរតួជាអ្នកកាសែត ជាជាងបម្រើតួនាទីជាមន្ត្រីតុលាការ។
វាទំនងជាការឈ្លោះប្រកែកគ្នាឡើងវិញ នៅពេលដែលសហចៅក្រមស៊ើបអង្កេតទាំងពីរចាប់ផ្តើមជជែកគ្នាទៅដល់សំណុំរឿង០០៣ និងសំណុំរឿង០០៤ ដែលរដ្ឋាភិបាលកម្ពុជាធ្លាប់ប្រឆាំងជំទាស់ជាញឹកញាប់។ ក៏ប៉ុន្តែលោកឡាស់អលសិនបានពោលថាការឈ្លោះប្រកែកគ្នាយ៉ាងណានោះត្រូវសេចក្តីប្រកាសព័ត៌មាននៃភាគីទាំងពីរបានបង្ហាញរួចជាស្រេចទៅហើយ។
ដោយឡែកលោកនេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមខាងភាគីកម្ពុជា មានប្រសាសន៍ថា នោះគឺជាការប្រត្តិបត្តិទៅតាមកន្លងច្បាប់តែប៉ុណ្ណោះ។
«មិនមែនមានន័យថា គឺជាការខ្វែងគំនិតគ្នា ឬមួយគឺជាការឈ្លោះគ្នារវាងសហចៅក្រមស៊ើបអង្កេតទាំងពីរនោះទេ។ ជាការបកស្រាយច្បាប់ ហើយជាការអនុវត្តទៅតាមវិធានផ្ទៃក្នុង ដែលសហចៅក្រមស៊ើបអង្កេតជាតិ គាត់មានសិទ្ធិនៅក្នុងការឆ្លើយតប»។
កាលពីប៉ុន្មានខែមុន សហចៅក្រមស៊ើបអង្កេតសញ្ជាតិអាល្លឺម៉ង់ លោក Siegfried Blunkបានលាលែងពីការងារ បន្ទាប់ពីផ្ទុះរឿងចម្រូងចម្រាសនៅក្នុងការស៊ើបអង្កេតសំណុំរឿងទាំងពីរគឺ០០៣ និង០០៤។
លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាយល់ថា បញ្ហាចុងក្រោយបង្ហាញថាសហចៅក្រមស៊ើបអង្កេតទាំងពីរនៅក្នុងសាលាក្តីខ្មែរក្រហមមិនមានការសហការគ្នានោះទេ។ លោកឆាំង យុមានប្រសាសន៍ថា គួរតែមានការស៊ើបអង្កេតពីអង្គការសហប្រជាជាតិ និងពីសាលាក្តីទាំងមូលទៅលើការិយាល័យសហចៅក្រមស៊ើបអង្កេត។
«ចាំបាច់ត្រូវតែមានការស៊ើបអង្កេតទៅលើការិយាល័យចៅក្រមស៊ើបអង្កេតនេះទាំងមូលតែម្តង ព្រោះរឿងនេះជារឿងដែលកើតឡើងតភ្ជាប់ពីរឿងមុន ដែលចៅក្រមលោកបានលាលែង។ អញ្ចឹងបើសិនជាយើងមិនដោះស្រាយទេ វានៅតែបន្តរហូត ហើយវាបង្កឲ្យរាំងស្ទះដំណើរការនៃការស៊ើបអង្កេតនានា នៅក្នុងអង្គតុលាការទាំងមូល»។
លោកអង្គលេខាធិការអង្គការសហប្រជាជាតិ ប៉ានគីមូនបានស្នើឈ្មោះ លោកLaurant Kasper-Ansermet ទៅដល់ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមដើម្បីតែងតាំងរូបលោកជំនួសលោកSiegfried Blunk។ ក៏ប៉ុន្តែនៅមិនទាន់មានការតែងតាំងជាផ្លូវការណាមួយទេ រហូតមកទល់ពេលនេះ។
ភាគចម្រូងចម្រាសនៅថ្ងៃនេះកើតឡើងស្របពេលដែលអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមបង្គាប់ឲ្យក្រុមគ្រូពេទ្យ និងអ្នកជំនាញការពិនិត្យទៅលើសុខភាពរបស់ជនជាប់ចោទអៀង ធីរិទ្ធឡើងវិញដើម្បីរក្សាទុករូបគាត់នៅក្នុងការកាត់ទោសសំណុំរឿង០០២។
សាលាដំបូងធ្លាប់បានសម្រេចដោះលែងអៀង ធីរិទ្ធ ដោយសារតែបញ្ហាសុភាពធ្ងន់ធ្ងរ។ ក៏ប៉ុន្តែអង្គជំនុំជម្រះតុលាការកំពូលបានសម្រេចផ្ទុយពីនេះ៕