ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នារីវិចិត្រករ​ខ្មែរ​ម្នាក់​នឹង​ដាក់​តាំង​ពិព័រណ៍គំនូរ​របស់​នាង​អំពី​ការ​កាត់​ទោស​ ឌុច​ និង​ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​ខ្មែរ​ក្រហម


នៅថ្ងៃ​ពុធ​នេះ​ កញ្ញា​ គូ ដាលីន​ វិចិត្រករ​វ័យ​ក្មេង​ម្នាក់​ បានដាក់​តាំង​ពិព័រណ៍​ស្នាដៃ​គំនូរ​របស់​នាង​ ស្ដី​ពី​ការ​កាត់ទោស​ឌុច​និង​ ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​ខ្មែរ​ក្រហម។​ នាង​នឹង​ពន្យល់​អំពី​អារម្មណ៍​និង​ការ​យល់​ឃើញ​របស់​នាង​នៅ​ក្នុង​គំនូរ​ចំនួន​ ២០​ ផ្ទាំង​ដែល​បាន​កើត​ចេញ​ពី​ការ​តាមដាន​ការ​កាត់ទោស​ដោយ​ផ្ទាល់​ផង​ និង​កើត​ចេញ​ពី​ការ​ស្វះ​ស្វែង​យល់​ពី​អតីតកាល​ដ៏​ឃោឃៅ​នោះ​ផង។

លោក​ គង់ សុឋានរិទ្ធ រាយការណ៍​ពី​ទី​ក្រុង​ភ្នំពេញ​ដូច​ត​ទៅ៖

ការ​រំលឹក​ពី​អតីតកាល​របស់​ម្ដាយ​នាង​និង​ជីដូន​របស់​នាង​ ទាក់ទង​ទៅ​នឹង​ទុក្ខវេនា​ ការ​ព្រាត់ប្រាស់​ ការ​កាប់​សម្លាប់​ ភាព​អត់​ឃ្លាន​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ជា​ច្រើន​ឆ្នាំ​មក​នេះ​ បាន​បញ្ជ្រាប​បន្ដិច​ម្ដងៗ​ នូវ​រូបភាព​ដ៏​ជូរ​ចត់​ពី​អតីតកាល​ ចូល​ទៅ​ក្នុង​ស្រទាប់​ផ្លូវ​ចិត្ត​របស់​កញ្ញា​ គូ ដាលីន។​ កញ្ញា​ គូ ដាលីន​ កើត​មិន​ទាន់​សម័យ​ឃោឃៅ​នោះ​ទេ។​ ក៏​ប៉ុន្ដែ​នាង​បាន​ក្លាយ​ទៅ​ជា​យុវនារី​ជំនាន់​ក្រោយ​ដ៏​កម្រ​ម្នាក់​ ដែល​ឈឺ​ឆ្អាល​នឹង​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ជីវិត​ម្ដាយ​របស់​នាង​និង​ ជីវិត​ជន​រងគ្រោះ​កម្ពុជា​ទាំង​មូល។

ឆ្នាំ​នេះ​អាយុ​ ១៩​ ឆ្នាំ​ ដាលីន​ ជា​ជាង​គំនូរ​វ័យ​ក្មេង​ម្នាក់​ដែល​កំពុង​សិក្សា​នៅ​ឆ្នាំ​ទី​ ១​នៃ​សកល​វិទ្យាល័យ​វិចិត្រសិល្បៈ​ផ្នែក​ស្ថាបត្យកម្ម។​ នាង​បាន​ស្វែង​យល់​ពី​របប​កុម្មុយនិស្ដ​ខោ​អាវ​ខ្មៅ​នោះ​ជាបន្ថែម​ទៀត​ នៅ​ពេល​ដែល​ការ​កាត់​ទោស​ ឌុច​ បាន​មក​ដល់​ កាល​ពី​ខែ​មិនា​ ឆ្នាំ​ ២០០៩។​ ដាលីន​ បាន​ឆ្លៀត​ចូលរួម​នៅ​ក្នុង​សវនាការ​កាត់ទោស​ ឌុច​ ដោយ​ផ្ទាល់​ និង​បាន​តាម​ដាន​ការ​ចាក់​ផ្សាយ​អំពី​ការ​កាត់​ទោស​តាម​កញ្ចក់​ទូរទស្សន៍យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ជា​មួយ​នឹង​ខ្មៅដៃ​មួយ​និង​ក្រដាស​រ៉ាម​មួយ​ចំនួន​ដែល​នាង​បាន​គូស​ព្រាង​ភ្លាមៗ​ នូវ​ទិដ្ឋភាព​ដែល​នាង​បាន​ឃើញ​ក្នុង​ការ​កាត់ទោស។

នាងបាន​គូស​នូវ​រូបភាព​ម្ដងមួយៗ​ ក្នុង​ឈុត​កាត់​ទោស​ខុសៗ​គ្នា​ និង​គំនូរ​ដោយ​ឡែក​មួយ​ចំនួន​ ដែល​បង្ហាញ​អំពី​អតីតកាល​ក្នុង​សម័យ​ខ្មែរ​ក្រហម។​ ក្នុង​រយៈ​ពេល​ជា​ច្រើន​ខែ​ នាង​គូស​បាន​គំនូរ​ សរុប​ចំនួន​ ២០​ ផ្ទាំង​ ដែល​មាន​ពណ៌​ស​ខ្មៅ​ ផ្ដិត​ដោយ​ចុង​ខ្មៅដៃ​របស់​នាង​សុទ្ធសាធ​ ប៉ុន្ដែ​ហាក់​ដូច​ ជា​គំនូរ​ដែល​កំពុង​មាន​ជីវិត។​ ហើយ​គំនូរ​ទាំងនេះ​នឹង​ត្រូវ​យក​មក​ដាក់​បង្ហាញ​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​មួយ​នៅ​ល្ងាច​ថ្ងៃ​ពុធ​ស្អែក​នេះ។​ ពិព័រណ៍​ដែល​ត្រូវបាន​ដាក់​ឈ្មោះ​ថា "ក្ដី​ប្រាថ្នា​របស់​ខ្ញុំ​សម្រាប់​យុត្តិធម៌" រៀបចំ​ដោយ​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​ បុប្ផាណា។

"ទន្ទឹម​នឹង​មាន​សាលាក្ដី​ខ្មែរ​ក្រហម​ ធ្វើ​ឲ្យ​យើង​មាន​ការ​ចាប់​អារម្មណ៍​ដោយសារ​តែ​យើង​ដោត​អារម្មណ៍​ជាប់​នឹង​ការ​ទូន្មាន​ប្រៀន​ប្រដៅ​អំពី​សំណាក់​ម្ដាយ​និង​លោក​យាយ។​ នាង​ខ្ញុំ​ផ្ទាល់​មិន​បាន​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​ ដូច្នេះ​ព្រឹត្តិការណ៍​និង​រូបភាព​បែប​ណា​នោះ​ យើង​ខ្ញុំ​មិន​បាន​ដឹង​ មិន​បាន​ឃើញ​ដោយ​ផ្ទាល់​ ប៉ុន្ដែ​យើង​បាន​កើត​ទាន់​នូវ​សម័យ​កាត់​ទោស​ខ្មែរ​ក្រហម​ ដូច្នេះ​ខ្ញុំ​គិត​ថា​ក្នុង​នាម​ជា​កូន​ខ្មែរ​ យើង​ត្រូវ​តែ​សិក្សា​អំពី​របប​បែប​នោះ​ ដើម្បី​ជា​ឱកាស​មួយ​ដែល​យើង​យល់​ឃើញ​ថា​ យើង​ចាប់​អារម្មណ៍ ហើយ​យើង​មិន​ចង់​ឲ្យ​របប​បែប​នោះ ​មាន​សារ​ជា​ថ្មី​នៅ​ក្នុង​សង្គម​រស់​នៅ​របស់​យើង​ត​ទៅ​ទៀត​ ហើយ​យើង​គាំទ្រ​ចំពោះ​សាលាក្ដី​ខ្មែរ​ក្រហម​ ដែល​ទាមទារ​យុត្តិធម៌​សម្រាប់​ជន​ស្លូតត្រង់​ដែល​គាត់​ស្លាប់​ដោយ​អយុត្តិធម៌" ។

ក្នុងរយៈ​ពេល​ជាង​មួយ​សប្ដាហ៍​ដែល​នាង​បាន​តាម​ដាន​ដោយ​ផ្ទាល់​ការ​កាត់ទោស​ ឌុច​ កញ្ញា​ ដាលីន​ បាន​ស្ដាប់​ឮ​ដោយ​ផ្ទាល់​នឹង​ត្រចៀក​ បាន​ឃើញ​កាយវិការ​និង​ទឹកមុខ​របស់​អតីត​ប្រធាន​ គុក​ទួល​ស្លែង​ ចម្លើយ​សារភាព​របស់​ ឌុច​ សេចក្ដី​អះអាង​របស់​សាក្សី​ និង​ការ​សួរ​ដេញ​ដោល​រវាង​ក្រុម​មេធាវី។

គំនូរ​មួយ​ក្នុង​ចំណោម​គំនូរ​របស់​នាង​ ដែល​បំរុង​នឹង​យក​ទៅ​ដាក់​តាំង​ក្នុង​ពិធី​តាំង​ពិព័រណ៍​បាន​បង្ហាញ​មេធាវី​ការពារ​ជន​ជាប់​ចោទ​ លោក​ ហ្រ្វង់ស័រ រួ​ កំពុង​តែ​ឈរ​ការពារ​ក្ដី​ និង​រូបភាព​ជា​ស្រមោល​ស​ស្ដើងៗ​ បង្ហាញ​ពី​ការ​ចូល​រួម​ស្ដាប់​សវនាការ​របស់​សាធារណជន​ និង​មាន​មន្ដ្រី​តុលាការ​នៅ​ពី​ក្រោយ​ជន​ជាប់ចោទ​គឺ​ ឌុច​ ទៀត​ផង។

នៅមាន​គំនូរ​រូបភាព​មួយ​កំណាត់​ដង​ខ្លួន​ រូបភាព​ចៅក្រម​ និង​រូបភាព​ប្រជាជន​ត្រូវ​ពួក​ខ្មែរ​ក្រហម​បិទ​មុខ​ មាន​រូបភាព​ជន​រងគ្រោះ​ដោយ​របប​ខ្មែរ​ក្រហម​ ដែល​មាន​ដៃ​ធ្លាយ​ចេញ​ឈាម។

កញ្ញា គូ ដាលីន​ រៀប​រាប់​ថា​ រូបភាព​ទារុណកម្ម​នេះ​ប្រៀប​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​រស់នៅ​ក្នុង​ ឋាន​នរក​នា​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម​ ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ ប្រាំបី​ខែ​ និង​ ម្ភៃ​ថ្ងៃ។

“ខ្ញុំ​ចង់​ប្រាប់​ថា​ គាត់​គឺ​ជា​ប្រធាន​គុក​ទួលស្លែង ​ អញ្ចឹង​គាត់​ក៏​ជា​អ្នក​រួម​ចំណែក​ម្នាក់​ដែរ​ក្នុង​ការ​ប្រព្រឹត្តិ​ នូវ​ការ​បង្ខាំង​សិទ្ធិ​សេរីភាព​ ដូច្នេះ​យើង​ចង់​បញ្ជាក់​ថា​ សិទ្ធិ​សេរីភាព​ហ្នឹង​ត្រូវ​បាន​លោក (ឌុច) និង ​មាន​ ៤​ នាក់​ទៀត​ ដែល​ជា​មេ​ដឹកនាំ​ធំៗ​ ហើយ​ដៃ​មួយៗ​តំណាង​ឲ្យ​ពួក​គាត់។​ ពួក​គាត់​ដែល​ជា​អ្នក​បង្កើត​នូវ​របប​បែប​នោះ ​ធ្វើ​ឲ្យ​សិទ្ធិ​សេរីភាព​ប្រជាជន​កម្ពុជា​ ដូច​ជា​គុក​ឥត​ជញ្ជាំង​អញ្ចឹង " ។

កញ្ញា គូ ដាលីន​ មាន​បង​ប្អូន​ចំនួន​បី​នាក់​ គឺ​ស្រី​ពីរ​នាក់​និង​ប្រុស​ម្នាក់​ ហើយ​នាង​គឺ​ជា​កូន​ច្បង។​ កើត​ចេញ​ពី​ត្រកូល​មួយ​ដែល​មាន​ជីវភាព​យ៉ាប់យ៉ឺន​ នាង​បាន​ចំណាយ​ពេល​សិក្សា​យ៉ាង​ច្រើន​នៅ​ក្នុង​សកល​វិទ្យាល័យ​វិចិត្រសិល្បៈ ​ ទំនង​ជា​ដោយសារ​តែ​ម្ដាយ​របស់​នាង​ជា​បុគ្គលិក​ម្នាក់​នៅ​ទី​នោះ។​ នាង​បាន​ឆ្លង​កាត់​ការ​សិក្សា​ក្នុង​សាលា​របាំ​បូរាណ​ រួច​បន្ទាប់​មក​ចូល​រៀន​សាលា​សិល្បៈ​សូនរូប​ ផ្នែក​វិចិត្រកម្ម​ គឺ​ផ្នែក​គំនូរ​ មុន​នឹង​បន្ដ​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ស្ថាបត្យកម្ម។​ នាង​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​ឆ្នាំ​ទី​ ១​ នៅ​ឆ្នាំ​នេះ។

ភាព​ស្ទាត់​ជំនាញ​ខាង​គំនូរ​ ដោយសារ​តែ​ឧបនិស្ស័យ​ពី​កំណើត​បាន​ធ្វើ​ឲ្យ​កញ្ញា​ គូ ដាលីន​ ទទួល​បាន​ជ័យលាភី​ក្នុង​ការ​ប្រឡង​គំនូរ​វប្បធម៌​ក្នុង​ចំណោម​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​ ១០​ កាល​ពី​ឆ្នាំ​ ២០០៨​ ហើយ​ស្នាដៃ​របស់​នាង​ត្រូវ​បាន​យក​ទៅ​តាំង​ពិព័រណ៍នៅ​ប្រទេស​សិង្ហបុរី។​ មួយ​ឆ្នាំ​ក្រោយ​គឺ​ នៅ​ឆ្នាំ​ ២០០៩​ នាង​ទទួល​បាន​ជ័យលាភី​ឈ្នះ​ការ​ប្រឡង​គំនូរ​មួយ​ទៀត​ ទាក់​ទង​ទៅ​នឹង​អំពើ​ហឹង្សា​ និង​ការ​ជួញ​ដូរ​មនុស្ស។​ ការ​ប្រឡង​ដែល​ចូលរួម​ប្រកួត​ប្រជែង​ដោយ​វិចិត្រករ​មក​ពី​ប្រទេស​ចំនួន​ ១២​ របស់​ទ្វីប​អាស៊ី​និង​អឺរ៉ុប។​ ស្នាដៃ​របស់​នាង​ត្រូវ​យក​ទៅ​ធ្វើ​ការ​តាំង​ពិពណ៌​នៅ​ប្រទេស​ជប៉ុន​នៅ​ពេល​នោះ។

ក៏​ប៉ុន្ដែ​ទាក់​ទង​នឹង​ការ​កាត់​ទោស​ ឌុច​ និង​ទាក់​ទង​នឹង​អតីតកាល​ដែល​កប់​សែន​ជ្រៅ​ជា​ច្រើន​ឆ្នាំ​នៃ​សម័យ​ខ្មែរ​ក្រហម​ មិន​មែន​ងាយ​ស្រួល​នឹង​បង្ហាញ​នៅ​ក្នុង​ផ្ទាំង​គំនូរ​នោះ​ទេ។​ កញ្ញា​ គូ ដាលីន​ សារភាព​ថា​ នាង​ពិត​ជា​មាន​ផលវិបាក​នៅ​ក្នុង​ការ​បង្កើត​ស្នាដៃ​របស់​នាង។​ នាង​ត្រូវការ​ចំណាយ​ពេល​យ៉ាង​តិច​២​ ឬ​បី​ថ្ងៃ​ដែរ​ ដើម្បី​អាច​គូស​គំនូរ​មួយ​ផ្ទាំង​រួចរាល់។​ ហើយ​នាង​ត្រូវ​ព្យាយាម​យល់​ឲ្យ​បាន​ច្រើន​ពី​អ្វី ​ដែល​បាន​កើត​ឡើង​ក្នុង​សម័យ​ខ្មែរ​ក្រហម​ រួម​ទាំង​ស្វែង​យល់​ពី​អំពើ​ឃោឃៅ​ ដែល​បាន​កើត​ឡើង​នៅ​ក្រោម​អំណាច​របស់​ ឌុច។​ ដូច្នេះ​នាង​ចាំបាច់​ត្រូវ​សាក​សួរ​ម្ដាយ​និង​ជីដូន​របស់​នាង​ ព្រម​ទាំង​អ្នក​ជិត​ខាង​របស់​នាង​ ហើយ​នាង​ក៏​ប្រឹក្សា​ទស្សនៈ​ពី​មិត្ត​ភក្ដិ​មួយ​ចំនួន​ផង​ដែរ​ មុន​នឹង​នាង​ចាប់​ផ្ដើម​គូរ​គំនូរ​ដ៏​ស្មុគ្រសា្មញ​នេះ។

កញ្ញា គូ ដាលីន​ ពោល​ថា​ សេចក្ដី​ប្រឹង​ប្រែង​នេះ​ គឺ​ដោយសារ​តែ​នាង​ចង់​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ ចេះ​ស្វែងយល់​អំពី​អតីតកាល​របស់​ប្រទេស​ខ្លួន​ ហើយ​នាង​ចង់​ឲ្យ​គំនូរ​របស់​នាង​ក្លាយ​ជា​ឯកសារ​ប្រវត្តិសាស្ដ្រមួយ​៕

XS
SM
MD
LG