ពិភពលោកកំពុងប្រារព្ធខួបលើកទី៦០នៃការចាប់ផ្តើមសង្គ្រាមកូរ៉េ។ ទិដ្ឋភាពដ៍ខ្មៅងងឹតបំផុតមួយនៅក្នុងសង្គ្រាមនោះ គឺចំនួនជនស៊ីវិលដែលបានស្លាប់ ហើយគណៈកម្មការពិសេសមួយដែលបានបង្កើតឡើងដើម្បីឱ្យឆ្លុះបញ្ចាំងពីការសម្លាប់ទាំងនោះនិងបញ្ចប់ការងាររបស់ខ្លួននៅពេលឆាប់ៗនេះ។ គណៈកម្មការនោះប្រហែលជាបានសម្រេចជោគជ័យតិចតួចណាស់ក្នុងការ ផ្សះផ្សារការបែកបាក់យ៉ាងខ្លាំងកាលពីអតីតកាលរបស់កូរ៉េខាងត្បូង។
អ្នកស្រី Im-soon មាន អាយុ៦០ឆ្នាំប្លាយនៅពេលឥឡូវនេះ ក៍ប៉ុន្តែអ្នកស្រីបានវិលត្រឡប់មកកាន់កន្លែងអណ្តូងរ៉ែដែលគេបោះ បង់ចោលនេះជារឿយៗ ដែលអ្នកស្រីនិយាយថា មានរឿងរ៉ាវអាក្រក់ណាស់បានកើតមានឡើងនៅពេលដែលអ្នកស្រីនៅជា កុមារីតូចម្នាក់។
អ្នកស្រីនិយាយថា ប៉ូលីសនិងពួកឧក្រិដ្ឋជនស្តាំនិយមបានអូសពួកបុរសចេញពីទីក្រុងនេះ បន្ទាប់ពីទីក្រុងសេអ៊ូលបានត្រូវដណ្តើមយកបានមកវិញពីកងទ័ពកូរ៉េខាងជើង ក្នុងខែកញ្ញា ឆ្នាំ១៩៥០។ ពួកគេត្រូវគេចងភ្ជាប់គ្នាពីរៗនាក់ ហើយបណ្តើរឡើងទៅលើភ្នំដោយមិនមានស្បែកជើង។ អ្នកស្រីនិយាយទៀតថា បន្ទាប់មកពួកគេត្រូវគេបាញ់សម្លាប់ហើយរុញចូលក្នុងរណ្តៅ។ អ្នកស្រីមានប្រសាសន៍បន្តទៀតថា ក្រោយមកគេបានកកាយយកចេញគ្រោងឆ្អឹងមនុស្ស ១៥៣ នាក់។
ករណីអ្នកស្រី Ma មិនមែនជារឿងដាច់ពីគេទេ។ ជនជាតិកូរ៉េរាប់ម៉ឺននាក់ត្រូវគេជឿជាក់ថា បានត្រូវគេសម្លាប់ភ្លាមៗក្នុងអម្លុងពេលសង្គ្រាមនៅដើមទសវត្សរ៍ ១៩៥០។
ពួកអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង បានគាស់រណ្តៅសពនិងបានទទួលចម្លើយពីកសិណសាក្សី ដែលជាផ្នែកមួយនៃកិច្ចការរបស់គណៈកម្មការស្វែងរកការពិត និងការផ្សះផ្សារជាតិ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៥។ ការងាររបស់គណៈកម្មការស្វែងរកការពិត និងការផ្សះផ្សារជាតិនេះ ឥឡូវកំពុងខិតកាន់តែជិតដល់ទីបញ្ចប់ហើយ បន្ទាប់ពីពួកតំណាងរាស្រ្តបានធ្វើការជ្រើសរើសមិនបន្តអាណត្តិរបស់ខ្លួនតទៅទៀត។
លោក Kim Dong-choon បានបម្រើការងារក្នុងគណៈកម្មការនោះ។ លោកនិយាយថា នយោបាយបំបែកបំបាក់គ្នារបស់កូរ៉េខាងត្បូងធ្វើឲ្យគណៈកម្មការនោះមិនអាចបំពេញការងារតាមសក្តានុពលរបស់ខ្លួនបានទេ។
លោកនិយាយថា ចាប់តាំងពីលោកត្រូវបានតែងតាំងមក មានការបរិហាររិះគន់ពីបណ្តាញផ្សាយព៌តមានអភិរក្សនិយមហើយនឹងការប្តឹងតវ៉ា។ ពួកអភិរក្សនិយម បានរិះគន់យើងខាងមនោគមវិជ្ជា និយាយមួលបង្កាច់ការងាររបស់យើងថាជាការវាយប្រហាររបស់អ្នកឆ្វេងនិយមទៅលើពួកស្តាំនិយម។
កងកម្លាំងយោធានិងប៉ូលីសកូរ៉េខាងត្បូងត្រូវគេជឿថា បានប្រព្រិត្តការកាប់សម្លាប់ភាគច្រើន ដោយបានប្រហារជីវិតជនទាំងនោះដែលគេសង្ស័យថាជាអ្នកធ្វើសហការជាមួយពួកកងកម្លាំងកុម្មុយនិស្ត។
គណៈកម្មការបានស៊ើបអង្កេតរឿងក្តីជាង៨ពាន់ករណី ដែលត្រូវបានគេបញ្ជូនក្នុងទម្រង់ជាពាក្យបណ្តឹងប្រជាពលរដ្ឋ។ ក៍ប៉ុន្តែ មនុស្សខ្លះនិយាយថាចំនួនមនុស្សស្លាប់មានលើសពី ១ សែននាក់។ អ្នកទាំងនោះក៍ប្រាប់ឲ្យដឹងដែរថា មានការចាំបាច់ដើម្បីធ្វើការស៊ើបអង្កេតអំពីកម្រិតនៃការជាប់ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកក្នុងការសម្លាប់រង្គាលជនស៊ីវិលផងដែរ។
លោក Lee Young-jo បច្ចុប្បន្ននេះ ជាប្រធានគណៈកម្មការនោះ។ លោកនិយាយថា គណៈកម្មការអាចមានមោទនភាពចំពោះការងារដែលខ្លួនបានធ្វើ។ លោកនិយាយទៀតថា វាជាការស្រងូតស្រងាត់មួយដែលជនជាតិកូរ៉េខាងត្បូងស្ទើរតែទាំងអស់ ផ្តោតការយកចិត្តទុកដាក់កាន់តែច្រើនឡើងទៅលើការរស់នៅសម័យទំនើបរបស់ខ្លួន ជាងកំហុសកាលពីអតីតកាល។
"ជនជាតិកូរ៉េខាងត្បូងថ្នាក់មធ្យម មិនយកចិត្តទុកដាក់ខ្លាំងទេក្នុងការស៊ើបអង្កេតរបស់យើង។ បើតាមខ្ញុំដឹងជនជាតិកូរ៉េខាងត្បូងជាច្រើនជឿថាកិច្ចការនេះគ្រាន់តែធ្វើឲ្យខាតបង់ប្រភពធនធានប៉ុណ្ណោះ។ ពួកគេកំពុងសួរថា តើមានចំណុចសំខាន់អ្វីដែលយើងវិលត្រឡប់ទៅ៦០ឆ្នាំមុននោះ ហើយជីកកកាយឯកសារដែលសុទ្ធតែគ្របដោយធូលីនោះ"។
ត្រឡប់ទៅកន្លែងអណ្តូងរ៉ែដែលគេបោះបង់ចោលនោះវិញ អ្នកស្រី Ma In-Soom និយាយថា ពលរដ្ឋកូរ៉េទាំងអស់មានកាតព្វកិច្ចចងចាំរឿងរ៉ាវទាំងនោះ។
អ្នកស្រីនិយាយថា វាមិនជាការគួរឲ្យងឿងឆ្ងល់ទេ ដែលមនុស្សក្មេងៗបានធ្វើព្រងើយកន្តើយនិងបញ្ហាទាំងនេះ ពីព្រោះពួកគេទាំងអស់មើលឃើញថាមនុស្សចាស់ៗកំពុងតែប្រយុទ្ធគ្នាទៅវិញទៅមក។ អ្នកស្រីនិយាយទៀតថា មនុស្សជំនាន់ក្មេងៗមិនអើពើអំពីរឿងនេះទេ ហើយវាអាចជារឿងមួយដែលគួរឱ្យយល់បាន ក៍ប៉ុន្តែវានៅតែជាកំហុសមួយ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន