ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងជើង​​បកស្រាយ​អំពីសង្គ្រាម​កូរ៉េ​ ខុស​ពី​ប្រទេស​ដទៃ​ក្នុង​ពិភពលោក


នៅខែ​នេះ​ ប្រទេស​កូរ៉េ​ខាងត្បូង​និង​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក​ នឹង​ប្រារព្ធ​ខួប​លើក​ទី​៦០​នៃ​ការ​ចាប់​ផ្តើម​សង្គ្រាម​កូរ៉េ។​ ប្រទេស​ភាគ​ច្រើន​ក្នុង​ពិភពលោក​យល់​ស្រប​គ្នា​ថា​ តើ​សង្គ្រាម​ចាប់​ផ្តើម​នៅ​ពេល​ណា​ ហើយ​នរណា​ជា​អ្នក​ចាប់​ផ្តើម​សង្គ្រាម​នោះ។​ ក៏​ប៉ុន្តែ​កូរ៉េ​ខាង​ជើង​មាន​ការ​បកស្រាយ​រឿង​នោះ​ដោយខ្លួន​ឯង​ផ្ទាល់​ ដែល​ខុស​ពី​អ្នក​ដទៃ។

គឺនៅ​ថ្ងៃ​ទី​ ២៥​ ខែ​មិថុនា​ ឆ្នាំ​១៩៥០​ ដែល​កងពល​វាយ​លុក​របស់​កូរ៉េ​ខាង​ជើង​ បាន​ឆ្លង​កាត់​ខ្សែ​ស្រប​ទី ​៣៨​ ដែល​បែង​ចែក​ឧបទ្វីប​កូរ៉េ។​ ពួក​គេ​ចាប់​យកបាន​រដ្ឋធានី​សេអ៊ូល​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ។

ប្រទេស​កូរ៉េ​ខាងត្បូង​ រួម​ជា​មួយ​ប្រទេស​ជាតិផ្សេងៗ​ទៀត​ស្ទើរ​តែ​ទាំង​អស់​នៅ​លើ​ផែនដី​ ទទួល​ស្គាល់​ថា​ ការ​វាយ​ប្រហារ​នេះ​ជា​ការ​ចាប់​ផ្តើម​សង្គ្រាម​កូរ៉េ​ ដែលមាន​រយៈ​ពេល​ ៣ ឆ្នាំ។​ ក៏​ប៉ុន្តែ​ រដ្ឋាភិបាល​ទី​ក្រុង​ព្យូងយ៉ាង​មើល​ឃើញ​សង្គ្រាម​កូរ៉េ​ផ្សេង​ពី​នេះ។

លោក Yang Moo-jin នៅ​សកលវិទ្យាល័យ​នៃ​ការសិក្សារ​អំពី​កិច្ចការ​កូរ៉េ​ខាង​ជើង​ ​នៅ​រដ្ឋធានី​សេអ៊ូល​ មាន​ប្រសាសន៍​ថា​ កូរ៉េ​ខាង​ជើង​ហៅ​សង្គ្រាម​នេះ​ថា​ជា​ ‘សង្គ្រាម​រំដោះ​មាតុភូមិ ’។​ លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ កូរ៉េខាងជើង​បង្រៀន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ថា​ កូរ៉េ​ខាងត្បូង​និង​សហរដ្ឋ​អាមេរិក​ បាន​វាយ​ប្រហារ​ប្រទេស​កូរ៉េ​ខាងជើង​ជា​មុន។​ កូរ៉េ​ខាងជើងនិយាយ​ថា​ ខ្លួន​ត្រូវតែ​ធ្វើការ​ឆ្លើយតប​ដើម្បី​រំដោះ​ប្រទេស​ជាតិ។

បណ្តាញ​ផ្សាយ​ព៌តមាន​កូរ៉េខាងជើង​ បាន​ប្រៀប​ធៀប​ទាហាន​សហរដ្ឋ​អាមេរិក​ទៅ​និង​ខ្មោច​បីសាច​អស់​រយៈ​ពេល​រាប់ទសវត្សរ៍​ ថា​ជា​ពួក​អ្នក​ឈ្លានពាន។​ ក៏​ប៉ុន្តែ​ លោក Brian Myers អ្នកសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​អំពី​ការ​ឃោសនា​របស់ប្រទេស​កូរ៉េ​ខាងជើង​នៅ​សកលវិទ្យាល័យ Dongseo របស់​កូរ៉េខាងត្បូង​និយាយ​ថា​ កាល​ពី​ដំបូងកូរ៉េ​ខាងជើង​មិន​បាន​ស្តី​បន្ទោស​ប្រទេស​អាមេរិក​ចំពោះ​ការ​ចាប់​ផ្តើម​សង្គ្រាម​នេះ​ទេ។

“គេពិត​ជា​មិន​បាន​ធ្វើ​ទេ​ រហូត​ទាល់តែ​ដល់​ក្រោយ​សង្គ្រាម​កូរ៉េ ​ រហូត​ទាល់តែ​គេ​ទុក​ប្រជាពលរដ្ឋ​កូរ៉េ​ខាងជើង​ឲ្យ​នៅ​ក្រ​តោក​យ៉ាក ដូច​ដែល​ពួកគេ​បាន​ចាប់​ផ្តើម​កាល​ពី​មុន​សង្គ្រាម​ ទើប​ពួកគេ​បាន​ចាប់​ផ្តើម​ប្រឌិត​ប្រវត្តិសាស្រ្ត​ឡើង​វិញ”។

អស់​មួយ​រយៈ​ពេល​ ពួក​អ្នកប្រវត្តិសាស្រ្ត​ខ្លះ​បាន​គាំទ្រ​ការ​អះអាង​របស់​កូរ៉េ​ខាងជើង​ដែលថា​ ខ្លួន​គ្រាន់តែ​ការពារ​ខ្លួន​ឯង​ប៉ុណ្ណោះ។​ លោក Myers មាន​ប្រសាសន៍​ថា​ ស្ថានការណ៍​នេះ​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង ​នៅ​ពេល​ដែល​រនាំង​វាំងនន​ដែក​បាន​រលំ​ដួល។

“លទ្ធិ​សើរើនិយម​បាន​ត្រូវ​គេ​ទាត់​ចោល​ជា​ទួទៅ​ ចាប់តាំង​ពី​ដើម​ទសវត្សរ៍​១៩៩០​មក​ នៅ​ពេល​ដែល​លោក Boris Yeltsin ដែល ​នៅ​ពេល​នោះ​ ជា​មេ​ដឹក​នាំ​របស់​សហភាព​សូវៀត​និង​ប្រទេសរុស្ស៊ី​ បាន​បើក​ប័ណ្ណសារ​ចាស់ៗ​របស់​សូវៀត​ឱ្យ​ប្រទេស​លោក​ខាងលិច​និង​កូរ៉េ​ខាងត្បូង​អាច​ពិនិត្យ​មើល។​ គឺ​នៅ​ទី​នោះ​ហើយ​ ដែល​ពួក​យើង​បាន​ឃើញ​យ៉ាង​ច្បាស់​ថា​ ប្រទេស​កូរ៉េ​ខាងជើង​និង​ពួក​សូវៀត​ពិត​ជា​បាន​រៀបចំ​ផែនការ​រួម​គ្នា​ ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​ទី​ ២៥​ ខែ​មិថុនា" ។

កូរ៉េ​ខាងជើង​ក៏​មិន​ដែល​បាន​ចែកចាយ​ពត៌មាន​លំអិត​ជា​មួយ​ប្រជាពលរដ្ឋ​របស់​ខ្លួន ​អំពី​យុទ្ធសន្តិភាព​ ដែល​រដ្ឋាភិបាល​ក្រុង​ព្យូងយ៉ាង​ បាន​ចុះហត្ថលេខា​ដើម្បី​បញ្ឈប់​សង្គ្រាម​កូរ៉េ​នោះ​ដែរ។​ ជា​ជំនួស​ទៅវិញ​ កូរ៉េ​ខាងជើង​បាន​ព៌ណនាអំពី​ការ​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​ក្នុងឆ្នាំ​ ១៩៥៣​ ថា​ជា​ជ័យ​ជំនះ​ដ៏​មហស្ចារ្យ​សម្រាប់​កងទ័ព​របស់ខ្លួន​លើ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​កូរ៉េ​ខាង​ត្បូង៕

ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជីន

XS
SM
MD
LG