ប្រជាជនដែលធ្វើតេស្តឈាមរកមេរោគអេដស៍ គឺមានមូលហេតុមួយចំនួន។ ការធ្វើតេស្តឈាមរកមេរោគអេដស៍ គឺជាការការធ្វើតេស្តសាមញ្ញមួយ ហើយអ្នកមកធ្វើតេស្តអាចដឹងពីលទ្ធផលរបស់ខ្លួន ក្នុងរយៈពេលត្រឹមតែប្រាំនាទីប៉ុណ្ណោះ។ បុរសម្នាក់ដែលឲ្យស្គាល់តែឈ្មោះរបស់គាត់ថា «Rigo» បាននិយាយថាគាត់លើកទឹកចិត្តឲ្យប្រជាជនមានដើមកំណើតអាមេរិកឡាទីនទាំងអស់ទៅធ្វើតេស្តឈាមរកមេរោគអេដស៍។
RIGO និយាយថា៖ «វាជារឿងសំខាន់ ពីព្រោះយើងមិនដឹងថាដៃគូ ឬអតីតដៃគូរបស់យើងមានផ្ទុកជំងឺអ្វីខ្លះ»។
Maria មកដល់កន្លែងធ្វើតេស្តជាមួយកូនតូចដ៏ស្អាតម្នាក់ឈ្មោះ Zoey។
នាងបាននិយាយថា៖ «ចំពោះខ្ញុំ វាសំខាន់ខ្លាំងណាស់ក្នុងការធ្វើតេស្តឈាមរកមេរោគអេដស៍ ពីព្រោះយើងយកចិត្តទុកដាក់ចំពោះគ្រួសារ និងមិត្តភក្តិរបស់យើង។ ប្រសិនបើយើងមិនដឹងទេថាខ្លួនយើងផ្ទុកឬមិនផ្ទុកមេរោគអេដស៍ ធ្វើម៉េចយើងដឹងទៅថាយើងកំពុងតែចម្លងរោគទៅមនុស្សជាទីស្រឡាញ់ឬអត់នោះ?»។
ជំងឺអេដស៍/មេរោគអេដស៍ គឺអាចការពារ និងព្យាបាលបាន។ អ្នកផ្ទុកមេរោគអេដស៍ អាចរស់នៅធម្មតា ដរាបណាពួកគេបន្តការព្យាបាល។ ការព្យាបាល ក៏អាចជួយដល់អ្នកដែលប្រឈមនឹងការផ្ទុកមេរោគអេដស៍ ឲ្យស្ថិតក្នុងស្ថានភាពគ្មានជំងឺអេដស៍ផងដែរ។ យោងតាមប្រសាសន៍របស់លោកបណ្ឌិត Tom Frieden ជានាយកមជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការមេរោគ បាននិយាយប្រាប់ VOAតាមរយៈប្រព័ន្ធ Skypeថា នៅក្នុងសង្គមអាមេរិកភាគច្រើន អត្រាឆ្លងមេរោគអេដស៍កំពុងតែធ្លាក់ចុះ។
លោកបណ្ឌិតបានបន្តថា៖ «យើងបានឃើញការថយចុះយ៉ាងខ្លាំងនៃការឆ្លងមេរោគតាមរយៈការរួមភេទផ្ទុយគ្នា គឺថយចុះជាងពីរភាគបី ស្មើនឹង៨០ភាគរយ... ជាទូទៅ យើងឃើញមានការថយចុះខ្លាំងនៃការឆ្លងមេរោគតាមរយៈការប្រើប្រាស់ម្ជុលចាក់ថ្នាំ ប៉ុន្តែក្នុងចំណោមបុរសក្មេងៗដែលរួមភេទជាមួយបុរសដូចគ្នា យើងឃើញថាការឆ្លងមេរោគអេដស៍នេះ មានការកើនឡើង»។
នៅសហរដ្ឋអាមេរិក ក្រុមមនុស្សដែលប្រឈមនឹងមេរោគនេះខ្លាំងជាងគេ គឺក្រុមមនុស្សនិយាយភាសាអេស្ប៉ាញ និងក្រុមជនជាតិអាមេរិកដើមកំណើតអាហ្រ្វិក។ លោក Rodney McCoy អ្នកផ្តល់ប្រឹក្សាដល់ក្រុមទាំងពីរនេះ នៅអង្គការ Nova Salud បានឲ្យដឹងថា៖« ស្រ្តីដែលគ្រប់អាយុមានផ្ទៃពោះ និងស្រ្តីក្មេងៗ ប្រជាជនមានដើមកំណើតអាមេរិកឡាទីនដែលស្រឡាញ់ភេទដូចគ្នា និងស្រឡាញ់ភេទទាំងពីរ គឺកំពុងស្ថិតក្នុងការប្រឈមនឹងបញ្ហានេះខ្លាំងបំផុត។ យើងក៏បានកត់សម្គាល់និន្នាការស្រដៀងនេះក្នុងចំណោមប្រជាជានអាមេរិកដើមកំណើតអាហ្រ្វិកផងដែរ។ នៅពេលដែលយើងពិនិត្យមើលអ្នកផ្ទុកមេរោគអេដស៍វិវឌ្ឍទៅជាអ្នកកើតជំងឺអេដស៍ ប្រជាជនដើមកំណើតជនជាតិស្បែកខ្មៅ និងដើមកំណើតអាមេរិកឡាទីនស្ថិតក្នុងការប្រឈមខ្ពស់បំផុត។»
អង្គការ Nova Salud បានជួយមនុស្សឲ្យចៀសផុតពីការផ្ទុកមេរោគអេដស៍ ឬក៏ប្រសិនបើមានមនុស្សផ្ទុកមេរោគអេដស៍ អង្គការនេះ នឹងជួយពួកគេឲ្យទទួលបានការព្យាបាល និងសិក្សាបន្ថែមអំពីមេរោគនេះ។ ធ្វើដូច្នេះ ពួកគេនឹងនៅតែមានសុខភាពល្អ ហើយដៃគូរបស់ពួកគេចៀសផុតពីការឆ្លងមេររោគនេះ។
ពេលខ្លះ ការបញ្ចុះបញ្ចូលឲ្យមនុស្សមកធ្វើតេស្តឈាមដើម្បីឲ្យពួកដឹងពីស្ថានភាពរបស់ពួកគេ ក៏ជារឿងពិបាកដែរ។ លោក McCoyបាននិយាយថាអង្គការ Nova Salud ប្រើវិធីសាស្រ្តមួយផ្សេងទៀត។
លោកបាននិយាយថា៖ «រឿងទីមួយដែលយើងធ្វើ គឺយើងទទួលស្គាល់ថាមានការរើសអើងមាក់ងាយ»។
លោក McCoyនិយាយថា មធ្យោបាយមួយដើម្បីចៀសវាងបញ្ហារើសអើងនេះ គឺត្រូវធ្វើឲ្យការធ្វើតេស្តឈាមរកមេរោគអេដស៍ក្លាយជាទម្លាប់ធម្មតា។
លោកបានពន្យល់ថា៖ «ប្រសិនបើអ្នកទៅជួបវេជ្ជបណ្ឌិតធ្វើតេស្តឈាមរកមើលជាតិខ្លាញ់ក្នុងឈាម រកមើលការឡើងសម្ពាធឈាម...អ៊ីចឹងហេតុអ្វីមិនចាប់ផ្តើមដាក់បញ្ចូលការធ្វើតេស្តឈាមរកមេរោគអេដស៍ និងជំងឺកាមរោគ?»។
គោលដៅ គឺត្រូវឈានទៅដល់ចំណុចដែល៩០ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍បានដឹងខ្លួននៅគ្រប់ទីកន្លែងទាំងអស់ ហើយអ្នកដែលផ្ទុកមេរោគនេះនឹងទទួលការព្យាបាល ហើយទីបំផុត គឺធ្វើឲ្យមេរោគនេះ នឹងបានថយចុះនៅត្រឹមកម្រិតដែលមើលលែងឃើញ នៅក្នុងចំណោម៩០ភាគរយនៃអ្នកកំពុងព្យាបាល។ វិធីសាស្រ្តនេះនឹងបញ្ចប់ការរីករាលដាលនៃជំងឺអេដស៍ ដែលជាការគំរាមកំហែងសុខភាពសាធារណៈ នៅទូទាំងសកលលោក ត្រឹមឆ្នាំ២០៣០។
ប្រែសម្រួលដោយ៖ សើ សាយ្យាណា