លោក Kim Jong Un មេដឹកនាំកូរ៉េខាងជើងបានបាត់មុខពីពិធីប្រារព្ធថ្ងៃបុណ្យមួយទៀតនៅទីក្រុងព្យុងយាំង គឺលោកបានបាត់មុខជាងមួយខែមកហើយ តាំងពីលោកត្រូវគេរាយការណ៍ និងថតនៅទីសាធារណៈចុងក្រោយនោះ។ អវត្តមានរបស់លោកជាសាធារណៈដ៏យូរនេះ បាននាំឲ្យមានការសន្និដ្ឋានកើនឡើងអំពីសុខភាពនិងអំពីការក្តាប់អំណាចរបស់លោក។ បើលោក Kim Jon Un អវត្តមានកាន់តែយូរ នោះកំណើននៃការសន្និដ្ឋានអំពីភាពមិននឹងនរនៃរបបរបស់លោកក៏កើនឡើងដែរ ដោយផ្អែកតាមការកាន់អំណាចតត្រកូលនេះ។
បណ្តាញព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង កាលពីថ្ងៃសុក្រ មិនបានធ្វើអត្ថាធិប្បាយទាក់ទងនឹងទស្សនកិច្ចតាមទម្លាប់របស់លោក Kim Jong Un ទៅវិមានព្រះអាទិត្យ Kumsusan Palace នៅខួបទី៦៩ឆ្នាំនៃការចាប់បដិសន្ធិគណបក្សកម្មកររបស់កូរ៉េខាងជើងនោះទេ។ ក្នុងពេលពីរឆ្នាំកន្លងមក ទស្សនកិច្ចរបស់លោកទៅមហាចេតីយ៍នៅក្រុងព្យុងយាំង ទីបញ្ចុះសពរបស់ជីតារបស់លោក និងឪពុករបស់លោកនោះ ត្រូវបណ្តាញព័ត៌មានគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសកូរ៉េខាងជើងផ្សព្វផ្សាយយ៉ាងអធិកអធម។
មេដឹកនាំវ័យក្មេងអាយុ៣១ឆ្នាំនោះ មិនបានបង្ហាញវត្តមានជាសាធារណៈទេតាំងពីលោកបានចូលរួមការប្រគុំតន្ត្រីកាលពីថ្ងៃទី៣ខែកញ្ញាមកនោះ។
ដោយសារមានព័ត៌មានតិចតួចពីមជ្ឈដ្ឋានផ្ទៃក្នុងដ៏សម្ងាត់របស់មេដឹកនាំកូរ៉េខាងជើងនេះ ដូចនេះវាបាននាំឲ្យមានការសន្និដ្ឋានយ៉ាងច្រើនអំពីមូលហេតុនាំមិនមានការបង្ហាញមុខរបស់លោក។ កាលពីដើមឆ្នាំនេះ លោកត្រូវគេមើលឃើញក្នុងវីដេអូ ដើរខ្ចើចៗ ហើយផ្សាយតាមទូរទស្សន៍រដ្ឋ ដែលជាការចាក់បង្ហាញជាសាធារណៈដ៏កម្រអំពីភាពមិនរឹងមាំរបស់មេដឹកនាំនេះ ដែលរដ្ឋាភិបាលរបស់ចាត់ទុកថា ជាមនុស្សដ៏ឆ្នើមមិនចេះខុសនោះ។ វីដេអូនោះបាននាំឲ្យមានការសន្និដ្ឋានថា លោកប្រហែលជាមានជំងឺប្រគ្រីវទាញ ជំងឺទឹកនោមផ្អែម ឬលើសឈាម។ កាលពីដើមសប្តាហ៍នេះ វីអូអេបានរាយការណ៍ថា មានអ្នកវិភាគខ្លះជឿថា លោក Kim Jong Un ប្រហែលជាទើបតែបានធូរស្រាលពីការវះកាត់ជើង ដោយសារបញ្ហាអ្វីមួយ។
ហើយមានពាក្យចចាមអារ៉ាមទាក់ទងបញ្ហាស្ថិរភាពរបស់របបនេះ ដែលថា ប្អូនស្រីរបស់លោកបានចូលកាន់អំណាចជំនួសលោក ហើយថា មានរដ្ឋប្រហារ។
ក្រៅពីនេះក៏មានលេចឮពាក្យសម្តីច្រើនឡើងដែលថា អាចមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅក្នុងរបបនេះ នៅពេលគណៈប្រតិភូជាន់ខ្ពស់របស់មន្ត្រីកូរ៉េខាងជើង ដែលរួមមានលោក Hwang Pyong So ដែលគេជឿថា មនុស្សទីពីរបន្ទាប់ពីលោក Kim បានទៅចូលរួមពិធីបិទបញ្ចប់កីឡាអាស៊ីនៅប្រទេសកូរ៉េខាងត្បូងនោះ។
តែលោក Lim Byeong-cheol អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូង និយាយថា ដោយយោងតាមការសន្ទនារបស់លោកជាមួយមន្ត្រីកូរ៉េខាងជើង ហើយនិងយោងតាមការសង្កេតរបស់គេផ្ទាល់អំពីស្ថានភាពនេះ នាំឲ្យគេមានជំនឿថា លោក Kim Jong Un នៅក្តាប់អំណាចនៅឡើយ។
លោក Lim និយាយថា នៅពេលដែលមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមកទស្សនកិច្ចកូរ៉េខាងត្បូងនោះ លោក Kim Jong Un បានបញ្ចូនសារតាមរយៈគណៈប្រតិភូនោះមកឲ្យលោកស្រី Park Geun-hye ប្រធានាធិបតីកូរ៉េខាងត្បូង។ យោងតាមសារនេះ និងយោងតាមព័ត៌មានពីការិយាល័យនយោបាយអគ្គកងទ័ពនៃប្រជាជនកូរ៉េខាងជើង និងតាមការយកព័ត៌មានជាបន្តអំពីកូរ៉េខាងជើង បានឲ្យដឹងថា ការកាន់អំណាចរបស់លោក Kim Jong Un នៅតែមានភាពរឹងមាំ។
លោក Kang Chul-hwan អ្នកវិភាគនៅមជ្ឈមណ្ឌលយុទ្ធសាស្ត្រអំពីកូរ៉េខាងជើងមានមូលដ្ឋាននៅក្រុងសេអ៊ូល និយាយថា មិនមែនជារឿងមិនធ្លាប់មានទេ ដែលលោក Kim Jong Un មិនបានបង្ហាញមុខជាសាធារណៈ ខណៈដែលលោកទើបបានធូរស្រាលពីរបួសនោះ។
លោក Kang និយាយថា លោក Kim Il Sung មិនបានបង្ហាញខ្លួនទេ ក្រោយពីលោកត្រូវទទួលការវះកាត់ដុំសាច់ ហើយលោក Kim Jong Il ក៏បានបាត់មុខដែរ ក្រោយពីលោកបានរងរបួសពេលជិះសេះ។
លោកKang និយាយថា បើការដឹកនាំនៅកូរ៉េខាងជើងមានការរង្គោះរង្គើមែននោះ នោះមិនមែនជារឿងល្អសម្រាប់សន្តិសុខនៅក្នុងតំបន់នេះទេ។
លោក Kang និយាយថា ប្រសិនបើប្រទេសកូរ៉េខាងជើងព្យាយាមធ្វើឲ្យទំនាក់ទំនងរវាងកូរ៉េទាំងពីរប្រសើរឡើងនោះ ថ្នាក់ដឹកនាំត្រូវតែមានលំនឹង។
មន្ត្រីកូរ៉េខាងត្បូងចាត់ទុកថា កង្វល់អំពីលទ្ធភាពដែលថា អាចមានការផ្លាស់ប្តូរឬមានអស្ថិរភាពក្នុងការដឹកនាំនៅកូរ៉េខាងជើងនេះ គឺជារឿងមិនសំខាន់ទេ តែស្របពេលនោះដែរ ការសន្និដ្ឋាននឹងចេះតែមានច្រើនឡើងៗ ដរាបណាលោក Kim Jong Un នៅតែបាត់មុខពីភ្នែកសាធារណជនយូរតទៅទៀត៕
ប្រែសម្រួលដោយ លោក ពិន ស៊ីសុវណ្ណ