ប្រទេសក្រិកបានកំណត់ថ្ងៃទី ១៧ ខែមិថុនា សម្រាប់ធ្វើការបោះឆ្នោតម្តងទៀត បន្ទាប់ពីគណបក្សនយោបាយធំៗ មិនអាចបង្កើតរដ្ឋាភិបាលចម្រុះមួយបាន កាលពីថ្ងៃអង្គារនេះ ទោះជាមានការព្យាយាមសម្របសម្រួលជាច្រើនដង ឲ្យមានកិច្ចព្រមព្រៀងគ្នាមួយយ៉ាងណាក្តី។
ការប្រកាសកាលបរិច្ឆេទនេះបានធ្វើឡើងនៅថ្ងៃពុធ បន្ទាប់ពីលោកប្រធានាធិបតី កាឡូស ប៉ាពូលីយ៉ាសKarolos Papoulias នៃប្រទេស ក្រិក បានជួបជាមួយមេដឹកនាំគណបក្ស ដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយរួចហើយ។ ទូរទស្សន៍ជាតិប្រកាសថា លោក ប៉ាណាជីអូទីសពីក្រាមេណូសPanagiotis Pikrammenos ចៅក្រមជាន់ខ្ពស់របស់ប្រទេសនេះបានត្រូវតែងតាំងជានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលបណ្តោះអាសន្ន។
ស.រ.អ៖ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា Barack Obamaបានរៃអង្គាសប្រាក់បាន ៤៣ លាន ៦ សែន ដុល្លារ កាលពីខែមុនសម្រាប់យុទ្ធនាការរបស់លោកនិងគណបក្សប្រជាធិបតេយ្យក្នុងខណៈដែលលោកកំពុងឈានទៅរកការឃោសនាដើម្បីឲ្យបានជាប់ឆ្នោតក្នុងអាណត្តិទីពីរ ប្រឆាំងនឹងលោក មិត រមនីMitt Romney ដែលទំនងជានឹងបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ។
ចិន៖ អ្នកប្រឆាំងជាតិចិនងងិតភ្នែកលោកចិន គួងឆេងChen Guangcheng ឲ្យដឹងថា លោកនិងគ្រួសារបានដាក់ពាក្យសុំលិខិតឆ្លងដែន ហើយថាអាជ្ញាធរចិនបានប្រាប់លោកថា ឯកសារធ្វើដំណើរនឹងប្រគល់ឲ្យលោកនៅចុងខែនេះ។
លោកចិន Chen បាននិយាយកាលពីថ្ងៃពុធជាមួយក្រុមផ្សាយជាភាសា កុកងឺ របស់វីអូអេ ពីបន្ទប់លោកក្នុងមន្ទីរពេទ្យនៅក្រុងប៉េកាំង។
លោកនិយាយថា គេបានថតរូបលោក ហើយមន្រ្តីសន្តិសុខខេត្តសានទុង Shangdong បានយកពាក្យសុំលិខិតឆ្លងដែន ទៅឲ្យលោកដល់មន្ទីរពេទ្យកាលពីថ្ងៃពុធនេះ៕
ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ី និយាយថា គេត្រូវការពេលវេលាដល់ទៅមួយឆ្នាំ ដើម្បីវិភាគសម្ភារៈ និងទិន្នន័យហោះហើរ ដែលគេបានរកឃើញនៅកន្លែងធ្លាក់យន្តហោះមួយគ្រឿងរបស់រុស្ស៊ី ដែលបើកបុកចង្កេះភ្នំភ្លើងមួយកាលពីសប្តាហ៍មុន នៅជិតក្រុង ចាកាតាJakarta បណ្តាលឲ្យស្លាប់មនុស្ស ៤៥ នាក់នៅក្នុងនោះ។
ប៊ូស្នី៖ រដ្ឋអាជ្ញាបានលាតត្រដាងពាក្យចោទប្រឆាំងនឹងមេបញ្ជាការយោធាដ៏ល្បីល្បាញ ដែលគេចោទថាជាអ្នកទទួលខុសត្រូវចំពោះការជួយដឹកនាំអំពើប្រល័យពូជសាស៍ លើជនជាតិ មូស្លីម ប៊ូស្នីMuslim Bosnie កាលពីពីរទសវត្សរ៍មុន។
លីប៊ីរី៖ លោកឆាល ថៃល័រ Charles Taylor អតីតប្រធានាធិបតីប្រទសេលីប៊ីរី Liberia បាននិយាយថា លោកមាន«សមានចិត្តដ៏ជ្រាលជ្រៅបំផុត» ចំពោះជនរងគ្រោះនៅក្នុងសង្គ្រាមស៊ីវិលដ៏សាហាវយង់ឃ្នងរបស់ប្រទេស សេរ៉ា លេអ៊នSierra Leone តែមិនបាននិយាយសុំទោសចំពោះអំពើឃោឃៅរបស់ពួកឧទ្ទាមដែលលោកបានបំពាក់អាវុធ ដើម្បីប្តូរយកពេជ្រនោះទេ។
ស៊ីរី៖ សកម្មជនប្រទេសស៊ីរី និយាយថា ការបាញ់កាំភ្លើងធំនិងកាំភ្លើងតូច បានសម្លាប់មនុស្សយ៉ាងតិច ៩ នាក់ នៅពាសពេញប្រទេស កាលពីថ្ងៃពុធ ដោយពួកគេភាគច្រើនស្ថិតនៅក្នុងតំបន់ដែលក្រុមអ្នកសង្កេតការណ៍យោធា អ.ស.ប. បាននៅគាំងជាប់ ក្នុងការបាញ់តគ្នានិងការបំផ្ទុះគ្រាប់បែកដ៏សាហាវ កាលពីមួយថ្ងៃមុននេះ។