ចិន៖ បានប្រកាសអំពីផែនការលោភលន់មួយសម្រាប់រយៈពេល៥ឆ្នាំ ដើម្បីធ្វើការរុករកក្នុងទីអវកាស។ នៅក្នុងឯកសារនយោបាយមួយ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បត៍នេះ រដ្ឋបាលអវកាសជាតិរបស់ចិននិយាយថា ក្រុងប៉េកាំងនឹងដាក់រាយមន្ទីរពិសោធន៍អវកាស បង្ហោះយានអវកាសមានមនុស្សបើក និងយានអវកាសផ្ទុកអ៉វ៉ាន់ ហើយធ្វើការរៀបចំបច្ចេកវិទ្យាសម្រាប់សំណង់ស្ថានីយ៍អវកាសមួយនៅមុនឆ្នាំ២០១៦។
សហរដ្ឋអាមេរិក៖ ការស្ទង់មតិនយោបាយសហរដ្ឋអាមេរិក ចុងក្រោយបង្ហាញថា លំដាប់ថ្នាក់នៃអ្នកនាំមុខក្នុងការការបោះឆ្នោតតែងតាំងលើកទីមួយនៃយុទ្ធនាការដើម្បីតំណែងប្រធានាធិបតី សម្រាប់ឆ្នាំ ២០១២បានផ្លាស់ប្តូរជាថ្មីទៀត ដោយមានលោកអតីតអភិបាល មីត រូមនីនៃរដ្ឋម៉ាហ្សាជូសេត ជាអ្នកនាំមុខ និងអ្នកតំណាងរាស្រ្ត រូន ផូល ជាប់លេខ ២ និងអតីតសមាជិកព្រឹទ្ធសភា លោក រីក សានទូរ៉ាម ជាប់លេខ៣។
ស៊ីរី៖ នៅពេលដែលមនុស្សជាច្រើនពាន់នាក់បានធ្វើបាតុកម្មនៅពាសពេញប្រទេស ស៊ីរី ប្រឆាំងរដ្ឋាភិបាល សកម្មជននិយាយថា កងសន្តិសុខ ស៊ីរី បានសម្លាប់មនុស្ស ១៩ នាក់ កាលពីថ្ងៃពុធ នៅតំបន់មួយចំនួននៅខណៈដែលក្រុមអ្នកសង្កេតការណ៍បានទៅទស្សនា។
កូរ៉េខាងជើង៖ លោកគីម ជុងអ៊ុនបានទទួលការតែងតាំងជាមេដឹកនាំកំពូលនៃគណបក្សគ្រប់គ្រងអំណាចនិងនៃកងយោធារបស់កូរ៉េខាងជើង នៅក្នុងពិធីរំលឹកវិញ្ញានក្ខន្តមួយ ជូនសពបិតា គីម ជុងអ៊ីល របស់លោកនៅទីក្រុង ព្យុងយ៉ាង។
កូរ៉េខាងជើង៖ សារព័ត៌មានញូវយ៉កថាមស៍បានដកចេញរូបថតជាផ្លូវការមួយរបស់ កូរ៉េខាងជើង អំពីក្បួនដង្ហែសពលោក គីម ជុងអ៊ីល បន្ទាប់ពីអ្នកជំនាញសម្រេចថាគេរូបថតនោះត្រូវបានគេប្រើកម្មវិធីកំព្យូទ័រហ្វូតូស្ហពដើម្បីលប់រូបមនុស្ស ៦ នាក់ចេញពីរូបថត ដែលឈរមិនត្រូវជួរជាមួយអ្នកដទៃទៀត។
តួកគី៖ មន្រ្តីគណបក្សគ្រប់គ្រងអំណាច លោក ហូសីអ៊ីន សឺលីក បានសុំអភ័យទោសចំពោះការស្លាប់របស់ជនស៊ីវិលចំនួន៣៥នាក់ដែលយល់ច្រឡំថាជាជនឧទ្ទាមជាតិឃើដ ក្នុងការទម្លាក់គ្រាបបែករបស់តួកគីនៅអ៊ីរ៉ាក់។
សហរដ្ឋអាមេរិក៖ ចំនួនពលរដ្ឋអាមេរិកាំងដែលបានដាក់ពាក្យសុំជំនួយពេលឥតការងារធ្វើបានកើនឡើងកាលពីសប្តាហ៍មុន ដែលខុសផ្ទុយពីនិន្នាការប្រសើរឡើងនៅក្នុងទីផ្សារការងាររបស់សហរដ្ឋអាមេរិច។