លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានគីមូនកំពុងស្ថិតនៅក្នុង ភូមាដើម្បីធ្វើការចរចាដែលមានគោលដៅលើកទឹកចិត្តរដ្ឋាភិបាលឱ្យបន្តធ្វើការកែទម្រង់ប្រជាធិបតេយ្យតទៅទៀត។
លោកបានគីមូនបានអញ្ជើញទៅដល់ក្រុងរ៉ង់ហ្គូនដែលជាក្រុងធំជាងគេនៃប្រទេសភូមាកាលពីថ្ងៃអាទិត្យ ហើយលោកមានកំណត់នឹងធ្វើដំណើរទៅកាន់រដ្ឋធានីរដ្ឋបាលណៃពីដាវ នៅពេលបន្ទាប់ក្នុងថ្ងៃនោះ។
គេរំពឹងថាលោកនឹងជួបជាមួយលោកប្រធានាធិបតី ធាន ស៊ាន នៅថ្ងៃច័ន្ទនេះរួចនឹងថ្លែងសុន្ទរកថាទៅកាន់សភានៃប្រទេសភូមា-សុន្ទរកថាបែបនេះជាលើកទីមួយ ហើយដែលធ្វើឡើងឥស្សរជនបរទេសម្នាក់ក្នុងការបំពេញទស្សនកិច្ចនៅប្រទេសនេះ។
លោកស្រី កាធឹរីន អាស្តុន ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបក៏ស្ថិតក្នុងប្រទេសភូមាដែរ នៅក្រោយសហភាពអឺរ៉ុបពេលថ្មីៗនេះបានព្យួរនូវការដាក់ទ័ណ្ឌកម្មប្រឆាំងនឹងប្រទេសភូមាដែលនៅឯកោពីគេយូរមកហើយ។
លោកបានគីមូននិងលោកស្រីអាស្តុន Ashton មានកំណត់នឹងជួបជាមួយលោកប្រធានាធិបតីធាន ស៊ាន Thein Sein នៅថ្ងៃច័ន្ទនេះ។ គេដឹងមិនច្បាស់លាស់ទេថាតើឥស្សរជនទាំងពីរនាក់នេះនឹងជួបជាមួយលោកធាន ស៊ាន ជាមួយគ្នាឬដាច់ដោយទ្បែកពីគ្នា។
នៅថ្ងៃអង្គារ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិនឹងជួបជាមួយលោកស្រីអោងសានស៊ូជីដែលដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលជាក្រុមប្រឆាំងនៅភូមា។
ម៉ាឡេស៊ី៖ ប៉ូលីសម៉ាឡេស៊ី បាននិយាយថាពួកគេបានដោះលែងមនុស្សប្រមាណ៥០០នាក់ដែលបានត្រូវចាប់ខ្លួននៅក្នុងបាតុកម្មមួយទាមទារឱ្យមានការកែទម្រង់ការបោះឆ្នោត។
ពួកមន្ត្រីបាននិយាយថាពួកគេនឹងសម្រេចចិត្តនៅពេលបន្ទាប់មកទៀតថាតើនឹងធ្វើការចោទប្រកាន់ប្រឆាំងជនណាខ្លះក្នុងបណ្តាពួកជនទាំងនេះ។
កាលពីថ្ងៃសៅរ៍បាតុកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាក្នុងទីលានឯករាជ្យក្នុងក្រុងគូឡា ឡាំពួរ ទោះណាជាមានការហាមប្រាមមិនឱ្យមានការធ្វើប្រជុំមហាជននៅទីនោះក៏ដោយ។
ពួកសកម្មជនបាននិយាយថាគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសមានការលម្អៀង ហើយថាក្រុមចម្រុះគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីណាជីប រាហ្សាក់ Najib Razak ដែលកាន់អំណាចជាង៥០ឆ្នាំមកហើយ នឹងមានប្រៀបដោយអយុត្តិធម៌នៅក្នុងការបោះឆ្នោតដែលអាចនឹងមានធ្វើនៅខែមិថុនាខាងមុខនេះ។
ស៊ីរី៖ ឧត្តមសេនីយជនជាតិនរវ៉េសម្នាក់ដែលបានត្រូវតែងតាំងដោយអ.ស.ប.ដើម្បីដឹកនាំបេសកកម្មមួយរបស់ពួកអ្នកសង្កេតការនៅស៊ីរីបានទទួលកិច្ចបញ្ជាការនៃកិច្ចប្រតិបត្តិការនេះហើយលោកបានអំពាវនាវដល់ភាគីទាំងអស់នៅក្នុងជម្លោះមួយឆ្នាំកន្លងមកក្នុងប្រទេសនេះឱ្យបញ្ឈប់អំពើហិង្សា។
ប៉ាគីស្ថាន៖ គេបានរកឃើញសាកសពកំបុតក្បាលរបស់វេជ្ជបណ្ឌិតអង់គ្លេសម្នាក់ដែលធ្វើការឱ្យអង្គការកាកបាទក្រហមនៅតាមដងផ្លូវមួយក្នុងក្រុង កេតាQuetta នៃប្រទេសប៉ាគីស្ថាននៅពេលជិត៤ខែក្រោយពីលាកបានត្រូវចាប់ពង្រត់ដោយពួកជនជាប់សង្ស័យថាជាពួកជនសកម្មប្រយុទ្ធ។
នីហ្សេរីយ៉ា៖ សាក្សីឃើញហេតុការណ៍ផ្ទាល់ក្នុងប៉ែកខាងជើងនៃប្រទេសនិហ្សេរីយ៉ា Nigeria បាននិយាយថាពួកអ្នកវាយប្រហារបានគប់គ្រាប់បែកច្នៃផ្ទាល់ខ្លួនដាក់បណ្តាសាសនិកក្នុងពិធីគ្រឹស្តសាសនាមួយ ហើយបានបាញ់កាំភ្លើងនៅពេលដែលពួកគេព្យាយាមរត់គេចខ្លួនចេញបណ្តាលឱ្យមានមនុស្សយ៉ាងតិចណាស់១៥នាក់ស្លាប់។
កេនយ៉ា៖ ពួកប៉ូលីសកេនយ៉ាKenya បាននិយាយថាការវាយប្រហារដ៏ប្រល័យដោយគ្រាប់បែកដៃមួយគ្រាប់ក្នុងព្រះវិហារគ្រឹស្តសាសនាមួយនាកណ្តាលក្រុងណៃរូប៊ី Nairobi «មិនទំនង»ជាមានពាក់ព័ន្ធជាមួយក្រុមជនសកម្មប្រយុទ្ធអ៊ីស្លាមនិយមអាល់ ស្ហាបាប់ al-Shabab ទេ។
ស៊ូដង់៖ ប្រទេសស៊ូដង់បានប្រកាសស្ថានភាពមានអាសន្ននៅតាមព្រំដែនជាមួយប្រទេសស៊ូដង់ខាងត្បូងដោយផ្តល់ឱ្យរដ្ឋាភិបាលក្រុងខាទុម Khartoum នូវអំណាចធំទូលាយជាងមុនដើម្បីចាប់ខ្លួននិងកាត់ទោសពួកជនជាប់សង្ស័យនៅក្នុងតំបន់មានចលាចលនោះ។
ជប៉ុន៖ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានផ្សាយថាកាលពីថ្ងៃអាទិត្យថាលោកនាយករដ្ឋមន្ត្រីជប៉ុនយូស៊ិហ៊ីកូ ណូដា Yoshihiko Noda បានចាប់ផ្តើមទស្សនកិច្ចក្នុងស.រ.អ.ដែលមានគោលដៅបញ្ចប់រយៈពេលពីរបីឆ្នាំនៃការរអាក់រអួលនៅក្នុងសម្ព័ន្ធភាពប្រទេសទាំងនេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីមានកិច្ចព្រមព្រៀងមួយអំពីជម្លោះស្តីពីក្រុមទាហាន។
លីប៊ី៖ គេបានរកឃើញសាកសពលោក ស៊ូគ្រី ហ្គានេមShukri Ghanem អតីតរដ្ឋមន្ត្រីប្រេងនៃប្រទេសលីប៊ីអណ្តែតក្នុងទន្លេ ដានុបDanube ក្នុងក្រុង វ្យែនVienne កាលពីព្រឹកថ្ងៃអាទិត្យ។