ឥណ្ឌា៖ សកម្មជនល្បីល្បាញម្នាក់របស់ឥណ្ឌាដែលបានធ្វើយុទ្ធនាការដ៏ខ្លាំងក្លាដោយបង្ខំឲ្យក្រុមអ្នកតែងច្បាប់ប្រឈមមុខដោះស្រាយអំពើពុករលួយដែលកំពុងរីករាលដាលពាសពេញនោះបានបញ្ចប់កូដកម្មបង្អត់អាហាររបស់លោកមុនពេលកំណត់មួយថ្ងៃ។
កូរ៉េខាងជើង៖ ពលរដ្ឋកូរ៉េខាងជើងរាប់ម៉ឺននាក់បាននាំគ្នាយំសម្រក់ទឹកភ្នែក ដើម្បីសម្តែង គារវកិច្ចជាចុងក្រោយចំពោះសពលោកគីម យុងអ៊ីល មេដឹកនាំដ៏យូររបស់ខ្លួនកាលពីថ្ងៃពុធនេះ នៅពេលដែលរថយន្តដឹកសពពណ៌ខ្មៅមួយគ្រឿងបានដឹកម្ឈូសរបស់លោកកាត់តាមទីរដ្ឋធានីព្យុងយ៉ាង។
ភូមា៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីបានសម្តែងការគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់ភូមា ដើម្បីប្តូរទៅរកលទ្ធិប្រជាធិបតេយ្យ តែលោកបន្ថែមថានៅមានកិច្ចការត្រូវធ្វើថែមទៀត។
អ៊ីរ៉ង់៖ កងយោធាអាមេរិកនិយាយថាខ្លួនមិនអាចអនុញ្ញាតឲ្យមានការអាក់ខាននៃចរាចរនៅក្នុងច្រកសមុទ្រអរមុសបានទេ ពេលដែលអ៊ីរ៉ង់បានគំរាមថានឹងរារាំងផ្លូវការដឹកនាំប្រេងឆ្លងកាត់តាមច្រកសមុទ្រនេះ។
ឥណ្ឌា៖ ជប៉ុនបានយល់ព្រមផ្តល់ជំនួយខ្លះៗដើម្បីជួយសង្គ្រោះរូបីយប័ណ្ណឥណ្ឌា ដែលកំពុងមានវិបត្តិ។
ស៊ីរី៖ សកម្មជននិយាយថា កងកម្លាំងសន្តិសុខស៊ីរីបានបាញ់កាំភ្លើងទៅលើក្រុមបាតុករនៅទីក្រុងហាម៉ាកាលពីថ្ងៃពុធ នៅពេលដែលក្រុមអ្នកសង្កេតការណ៍របស់សម្ព័ន្ធអារ៉ាប់កំពុងធ្វើទស្សនកិច្ចនៅទីក្រុងដទៃទៀត ដើម្បីពិនិត្យមើលសញ្ញានៃការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើក្រុមអ្នកប្រឆាំង។
អេហ្ស៊ីប៖ អតីតប្រធានាធិបតីអេហ្ស៊ីប ហូស្ន៊ី មូបារ៉ាក់ បានឡើងតុលាការជាលើកដំបូងក្នុងពេលបីខែកន្លងទៅនេះ អំពីបទចោទប្រកាន់ទាក់ទងនឹងការស្លាប់របស់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលជាច្រើនរយនាក់នៅដើមឆ្នាំនេះ។
នីហ្សេរីយ៉ា៖ ភ្នាក់ងារនគរបាលនៅនីហ្សេរីយ៉ាភាគខាងត្បូង និយាយថាពួកអ្នកវាយប្រហារបានចោលគ្រាប់បែកមួយគ្រាប់ទៅលើសាលារៀនអារ៉ាប់មួយ បណ្តាលឲ្យរបួសមនុស្ស៧នាក់ ក្នុងពេលប៉ុន្មានថ្ងៃ ក្រោយពីមានការបំផ្ទុះគ្រាប់បែកជាច្រើនលើកនៅក្នុងវិហារគ្រឹស្តសាសនានៅពាសពេញប្រទេសរួចមក។