រដ្ឋាភិបាលស៊ីរីនិងពួកសកម្មជនប្រឆាំងបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីអំពើហិង្សាកាលពីថ្ងៃសៅរ៍នៅពេលដែលពួកអ្នកសង្កេតការអ.ស.ប.មួយចំនួនតូចបានទៅពាសពេញប្រទេសដើម្បីស្ទង់ប៉ាន់មើលការគោរពតាមកិច្ចឈប់បាញ់គ្នាមួយដែលមិនមាំទាំ។
ពួកអ្នកសង្កេតការអន្តរជាតិបានទៅមើលតំបន់ ហាម៉ា (Hama) នាប៉ែកកណ្តាលប្រទេសកាលពីថ្ងៃសៅរ៍ និងបានដល់គោលដៅរបស់ខ្លួនក្នុងការរៀបចំសម្រាប់ការមកដល់នៃពួកអ្នកសង្កេតការ៣រយនាក់។។លោកឧត្តមសេនិយទោ រ៉ូប៊ឺទ មូទ (Robert Mood)ដែលបានទទួលការតែងតាំងកាលពីពេលថ្មីៗនេះជាមេដឹកនាំបេសកកម្មពួកអ្នកសង្កេតការកំពុងធ្វើដំណើរទៅកាន់ក្រុងដាម៉ាស់។
ក្រុមសិទ្ធិមនុស្សបាននិយាយថាកងកម្លាំងរដ្ឋាភិបាលស៊ីរីបានសម្លាប់មនុស្សយ៉ាងតិចណាស់១០នាក់នៅក្នុងការឆ្មក់វាយប្រហារក្នុងតំបន់ដាម៉ាស់។
ចិន៖ អង្គការសិទ្ធិមនុស្សចិនមួយមានមូលដ្ឋានក្នុងស.រ.អ.បាននិយាយថាលោក ឈិនកុងឈិន អ្នកប្រឆាំងចិនពិការភ្នែកឋិតនៅក្រោមកិច្ចការពាររបស់ស.រ.អ.ហើយថាកំពុងមានកិច្ចចរចារវាងពួកមន្ត្រីស.រ.អ.និងមន្ត្រីចិន។
ភូមា៖ លោកស្រី ខាត់ធឺរីន អាសតុន (Catherine Ashton) ប្រធានគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុបបានជួបជាមួយលោកស្រីអោងសានស៊ូជីមេដឹកនាំក្រុមប្រឆាំងភូមានៅក្នុងក្រុង រ៉ុងគូន (Rangoon) និងសម្ពោធការិយាល័យសហភាពអឺរ៉ុបថ្មីមួយក្នុងក្រុងនេះដើម្បីមើលការខុសត្រូវការចាត់ចែងកម្មវិធីជំនួយនិងដោះស្រាយបញ្ហានយោបាយ។ អ្នកស្រីបានបានសុំដល់រដ្ឋាភិបាលភូមាឱ្យបន្តការជឿនលឿនរបស់ខ្លួនឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ។
អាហ្វហ្គានីស្ថាន៖ អ្នកធ្វើការវាយប្រហារអត្តឃាត២នាក់និងអង្គរក្ស២នាក់បានស្លាប់នៅក្នុងការបាញ់គ្នាមួយនៅក្នុងបរិវេណអាគារមានកំផែងព័ទ្ធជុំវិញរបស់អភិបាលខេត្តនៅកានដាហារ នាប៉ែកខាងត្បូងប្រទេស។
បារំាង៖ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានផ្សាយថាលោក ដូមីនីក ស្ត្រាសឺ ខាន (Dominique Strauss-Kahn) អតីតនាយកអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិដែលអាប់កិត្តិយសហើយដែលធ្លាប់បានត្រូវចាត់ទុកថាជាអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងបានជ្រៀតចូលក្នុងការឃោសនាបោះឆ្នោតកាលពីថ្ងៃសៅរ៍ជាមួយការអះអាងមួយថាលោក នីកូឡា សាកូស៊ី (Nicolas Sarkozy) បានរៀបចំឱ្យលោកធ្លាក់ខ្លួន ដែលរារាំងលោកមិនឱ្យឈរឈ្មោះជាបេក្ខជននៃគណបក្សសង្គមនិយម។
ស៊ូដង់៖ របាយការណ៍មកពីប្រទេសស៊ួដង់និយាយថាពួកមន្ត្រីស៊ូដង់បានចាប់ខ្លួនជនបរទេសបីនាក់នៅក្នុងក្រុងប្រេង ហេខលីង (Heglig) ដែលមានជម្លោះ។
ស៊ូដង់៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានស៊ូដង់ខាងត្បូងបាននិយាយថាចិនបានឱ្យប្រទេសថ្មីថ្មោងនេះខ្ចីប្រាក់៨ពាន់លានដុល្លារដើម្បីផ្គង់ផ្គង់ដល់គម្រោងការកសាងហេដ្ឋារចនាសម្ព័ន្ធធំៗ។