ចិន៖ បានចាប់ផ្តើមការសាកល្បងផ្កាយរណបបេឌូសម្រាប់ប្រព័ន្ធស្ទង់មើលទិសដៅនាវាចរណ៍ ជាវិធានការបន្ថែមទៀតឆ្ពោះទៅកាន់ការបញ្ចប់ការពឹងផ្អែករបស់ខ្លួនលើផ្កាយរណបរបស់អាមេរិកដើម្បីផ្តល់ការស្ទង់មើលទិសនាវាចរណ៍។
សហរដ្ឋអាមេរិក៖ ទំនុកចិត្តអ្នកប្រើប្រាស់ទំនិញបានឡើងកម្រិតខ្ពស់បំផុតចាប់តាំងនៅក្នុងរយៈពេល៨ខែនៅក្នុងខែធ្នូនេះ ប្រហែលបណ្តាលមកពីភាពល្អប្រសើរឡើងនៃទីផ្សារការងារ។
កូរ៉េខាងត្បូង៖ តំណាងរាស្ត្រកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារបានអនុម័តសេចក្តីសម្រេចចិត្តមួយដែលជំរុញឲ្យរដ្ឋាភិបាលរបស់ប្រទេសនោះធ្វើការចរចាឡើងវិញនៃផ្នែកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានផ្តល់សច្ចានុម័តកាលពីពេលថ្មីៗនេះជាមួយអាមេរិក។
ជប៉ុន៖ អគ្គលេខាធិការគណរដ្ឋមន្រ្តី អូសាមូ ហ្វូជីមូរ៉ា បាននិយាយកាលពីថ្ងៃអង្គារថារដ្ឋាភិបាលទីក្រុងតូក្យូ នឹងប្រកាន់គោលការណ៏សន្តិភាពដែលហាមឃាត់ការនាំចេញនូវអាវុធដែលធ្វើនៅជប៉ុនសម្រាប់ប្រើប្រាស់ក្នុងជម្លោះក្នុងពិភពលោក។
អ៊ីរ៉ាក់៖ ក្រុមនយោបាយអ៊ីរ៉ាក់ដែលបានដឹកនាំដោយបព្វជិតនិកាយស៊ីអ៊ីតមុកតាដា អាល់ សាដរ៍ ដែលប្រឆាំងអាមេរិកបានចេញការអំពាវនាវមួយឲ្យរំលាយសភាអ៊ីរ៉ាក់ហើយធ្វើការបោះឆ្នោតឲ្យបានរហ័ស ជាចំណាត់ការមួយដែលអាចនាំឲ្យមានវិបត្តិសាសនារីកកាន់តែធំឡើង។
ស៊ីរី៖ ពួកសកម្មជននិយាយថាកងកម្លាំងសន្តិសុខបានបាញ់គ្រាប់បែកផ្សែងទៅលើបាតុកររាប់ពាន់នាក់ដែលបានជួបជួបជុំក្នុងទីក្រុងហូមកាលពីថ្ងៃអង្គារ នៅពេលដែលអ្នកឃ្លាំមើលសម្ព័ន្ធអារ៉ាប់បានទៅបំពេញទស្សនៈកិច្ចទីក្រុង ដែលមានការប្រយុទ្ធគ្នា ដើម្បីតាមដានការបង្រ្កាបរបស់រដ្ឋាភិបាលលើពួកប្រឆាំង។
ប៉ាគីស្ថាន៖ ប៉ាគីស្ថាននិងឥណ្ឌាប្រាប់ឲ្យដឹងថាមន្រ្តីមកពីភាគីទាំង២បានអំពាវនាវឲ្យបន្តកិច្ចព្រមព្រៀងដើម្បីកាត់បន្ថយភាពគ្រោះថ្នាក់នៃឧប្បត្តិហេតុនុយក្លេអ៊ែរដែលទាក់ទិននឹងការស្តុកទុកអាវុធបរមាណូរបស់ប្រទេសទាំងពីរ។
គុយបា៖ អង្គការសិទ្ធិមនុស្សក្នុងប្រទេសគុយបាប្រាប់ឲ្យដឹងថារដ្ឋាភិបាលទីក្រុងឡាហាវ៉ានបានដាក់បញ្ចូលអ្នកទោសនយោបាយ៥នាក់នៅក្នុងចំណោមពួកអ្នកទោសជាង២ពាន់៥រយនាក់ ដែលត្រូវគេដោះលែងក្នុងកាយវិការមនុស្សធម៌មុនពេលនៃដំណើរយាងទស្សនៈកិច្ចរបស់សម្តេចប៉ាបរបស់រ៉ុម៉ាំងកាតូលិក។
អង់គ្លេស៖ វិមានបាកឃីងហេមប្រាប់ឲ្យដឹងថាព្រះអង្គម្ចាស់អង់គ្លេស ហ្វីលីព បានយាងចេញពីមន្ទីរពេទ្យបន្ទាប់ពីការព្យាបាលជំងឺសសៃឈាមស្ទះក្នុងបេះដូងមក។ ព្រះស្វាមីរបស់ព្រះមហាក្សត្យយានីអេលីហ្សាបេត បានសម្រាករយៈពេល៤ថ្ងៃក្នុងមន្ទីរពេទ្យដើម្បីតាមដានជំងឺ។
រុស្ស៊ី៖ នាយករដ្ឋមន្រ្តីរុស្ស៊ី វ្លាដឺមៀរ ពូទីន និយាយថាការប្រឆាំងតវ៉ាមិនមានគោលដៅនិងមេដឹកនាំច្បាស់លាស់ ហើយលោកបានច្រានចោលការទាមទារឲ្យបោះឆ្នោតសភាឡើងវិញកាលពីពេលថ្មីៗក្នុងប្រទេសរុស្ស៊ី។