ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​គ្រប់គ្រង​ការ​អភិវឌ្ឍ​ទន្លេ​ក្នុង​ពិភពលោក​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​ថៃ


អ្នក​នេសាទ​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្បែរ​ទី​ក្រុង​ភ្នំពេញ។
អ្នក​នេសាទ​នៅ​តាម​ដង​ទន្លេ​មេគង្គ​ក្បែរ​ទី​ក្រុង​ភ្នំពេញ។

អ្នក​គ្រប់គ្រង​កិច្ចការ​ទន្លេ​នៅ​ជុំវិញ​ពិភពលោក​បាន​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ប្រទេស​ថៃ​ ដើម្បី​វែកញែក​ដេញដោល​គ្នា​រក​មធ្យោបាយ​ប្រសើរ​ក្នុង​ការ​បំពេញ​សេចក្ដី​ត្រូវការ​ អាហារ ទឹក ​និង​ថាមពល​ដល់​ប្រជាពលរដ្ឋ​ដោយ​មិន​ធ្វើ​ឲ្យ​ខូចខាត​ច្រើន​ដល់​បរិស្ថាន។​

សន្និសីទ​អន្ដរជាតិ​ដែល​មាន​ឈ្មោះ​ថា «Mekong2Rio» ​នឹង​បើក​ទ្វារ​នៅ​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទី​កន្លែង​រមនីយដ្ឋាន​លើ​កោះ​ភូកេត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។​

លោក Hans Guttman​ នាយក​គណៈកម្មការ​ទន្លេ​មេគង្គ​ (MRC)​ ថ្លែង​ថា ​សន្និសីទ​នោះ​ នឹង​បើក​ឱកាស​ឲ្យ​អ្នក​ចូលរួម​៣០០​នាក់​អាច​ផ្លាស់​ប្ដូរ​គំនិត​គ្នា​ទៅ​វិញ​ទៅ​មក។​

លោក​ថ្លែង​ទៀត​ថា​ វេទិកា​នោះ​ជា​ឱកាស​ល្អ​ដល់​អ្នក​ចូលរួម​ដើម្បី​រៀន​អំពី​ទន្លេ​ដទៃ ហើយ​ដើម្បី​ចាត់ចែង​ទន្លេ​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើង។

សមាជិក​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ រួម​មាន​ ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម។

ក្រុម​អ្នក​តំណាង​មក​ពី​បណ្តា​ប្រទេស​នៅ​ទ្វីប​ អាហ្វ្រិក​ អូស្រាលី​ អឺរុប​ និង អាមេរិក ក៏​បាន​ចូលរួម​ក្នុង​សន្និសីទ​នោះ​ដែរ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

លោក បាន គីមូន អគ្គលេខាធិការ​អ.ស.ប. ថ្លែង​ការណ៍​ទៅ​កាន់​សភា​ភូមា​ក្នុងរដ្ឋធានី​ណែពិដោ (Naypyitaw) កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០​មេសា​នេះ។
លោក បាន គីមូន អគ្គលេខាធិការ​អ.ស.ប. ថ្លែង​ការណ៍​ទៅ​កាន់​សភា​ភូមា​ក្នុងរដ្ឋធានី​ណែពិដោ (Naypyitaw) កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០​មេសា​នេះ។

ភូមា៖ មេដឹកនាំ​លទ្ធិ​ប្រជាធិបតេយ្យ​ លោកស្រី​ អ៊ុងសាន ស៊ូជី ​និង​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ​បាន​បញ្ចប់​ពហិការ​មិន​ចូលរួម​ក្នុង​រដ្ឋសភា​អស់​១​សប្ដាហ៍​ ក្រោយ​ពី​បាន​ទទួល​យក​ការ​ប្រើ​ពាក្យ​ស្បថ​ចូល​កាន់​តំណែង ​ដែល​អំពាវនាវ​ឲ្យ​គណបក្ស​របស់​លោកស្រី​«ការពារ»​រដ្ឋធម្មនុញ្ញ។

ជប៉ុន៖ ក្រុម​មេដឹកនាំ​ពី​ស.រ.អ.​ និង​ជប៉ុន​នឹង​ជួបប្រជុំ​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​ពិនិត្យ​មើល​មធ្យោបាយ​ថ្មី​ក្នុង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ ​ដោយ​គេ​សង្ឃឹម​ថា​នឹង​បង្ហាញ​ថា​សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំង​ពីរ​បាន​វិល​ត្រឡប់​មក​ភាព​ធម្មតា​វិញ​ហើយ​ ក្រោយ​ពី​ មាន​ភាព​រកាំរកូស។

ឥណ្ឌូនេស៊ី-រុស្ស៊ី៖ ទីភ្នាក់ងារ​ពត័មាន​បារាំង​ សរសេរ​ថា ​ជនជាតិ​រុស្សី​ពីរ​នាក់​ដែល​បាន​លេប​គ្រាប់​ផ្ទុក​កញ្ឆា​ចូល​ទៅ​ក្នុង​ពោះ​ ប្រឈម​មុខ​នឹង​ការ​កាត់ទោស​ប្រហារ​ជីវិត ក្រោយ​ពី​បាន​ត្រូវ​ចាប់​ខ្លួន​តាម​បទ​សង្ស័យ​ថា​បាន​រត់ពន្ធ​គ្រឿងញៀន​នៅ​លើ​កោះ​បាលី។

ម៉ាឡេស៊ី៖ ​ការ​ចាប់​ពង្រត់​កុមារ​ជនជាតិ​ហុល្លង់​ម្នាក់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​បាន​បណ្ដាល​ឲ្យ​មាន​យុទ្ធនាការ​បណ្តាញ​ផ្សាយ​ព័ត៌មាន​សាកល​ រៀបចំ​ឡើង​ដោយ​ឪពុក​ម្ដាយ​របស់​ក្មេង​នោះ​ និង​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី ដែល​អំពាវនាវ​ឲ្យ​ប្រគល់​កុមារ​នោះ​មក​វិញ​ ដោយ​សវុត្ថិភាព។​

ចិន៖ រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ជូន​អ្នក​ការ​ទូត​ថ្នាក់​ខ្ពស់​ម្នាក់​ទៅ​កាន់​រដ្ឋធានី​បេកាំង​ ដើម្បី​បន្ធូរ​វិបត្ដិ​ការទូត ​ក្រោយ​ពី​មាន​សកម្មជន​ចិន​ខ្វាក់​ភ្នែក​ម្នាក់​ គឺ​លោក​ ចេន​ គួងចេង​ បាន​រត់រួច​ចេញ​ពី​គុក​ហើយ​ស្ថិត​នៅ​ក្រោម​ការ​ការពារ​របស់​ ស.រ.អ.។

នេប៉ាល់៖ មន្ដ្រី​នៅ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​នេប៉ាល់​ និយាយ​ថា​ មាន​ការ​ផ្ទុះ​គ្រាប់​ដែល​បាន​សម្លាប់​មនុស្ស​៤​នាក់នឹង​ធ្វើ​ឲ្យ​របួស​យ៉ាង​តិច​២០​នាក់។​ អាជ្ញាធរ​និយាយ​ថា​ ការ​ផ្ទុះ​នោះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ​ នៅ​តំបន់​ ចាណាកពួរ (Janakpur)​ នៅ​ពេល​មាន​ការ​ដើរ​តវ៉ា​របស់​ក្រុម​មួយ​ហៅ ​គណៈកម្មាធិការ​តស៊ូ​មីធីឡា (Mithila Struggle Committee)​ ប្រឆាំង​នឹង​សេចក្ដី​ស្នើ​មួយ​ដែល​បែង​ចែក​ប្រទេស​ជា​ខេត្ដ​សហព័ន្ធ។

ស៊ីរី៖ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​របស់​សកម្មជន​នៅ​ក្នុង​ប្រទេស​ស៊ីរី​និយាយ​ថា ការ​ផ្ទុះ​គ្រាប់បែក​មួយ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​២០​នាក់​ នៅ​ជិត​អគារការពារ​សន្ដិសុខ​នៃ​ក្រុង​អ៊ីដលីប (Idlib) ​នៅ​ចំ​ពេល​យុទ្ធនាការ​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី​កាន់​តែ​កើន​ឡើង។

ស៊ូដង់​ខាង​ត្បូង៖ ប្រទេស​ស៊ូដង់​បាន​ប្រកាស​ភាព​អាសន្ន​នៅ​តំបន់​ព្រំដែន​ភាគ​ខាងត្បូង ​ជាមួយ​ប្រទេស​ស៊ូដង់​ខាងត្បូង ​ដែល​ជា​សញ្ញា​នៃ​ចលនា​ឆ្ពោះ​ទៅ​រក​សង្គ្រាមពេញ​លេញ​ នៅ​ចំ​ពេល​ដែល​ភាព​តានតឹង​កាន់​តែ​កើន​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ។

អាល់កៃដា៖ សេចក្ដី​ថ្លែងការណ៍​មួយ​ចុះ​ផ្សាយ​នៅ​ក្នុង​គេហទំព័រ​ និយាយ​ថា ​សាខា ​របស់​ក្រុម​អាល់កៃដា​នៅ​តំបន់​អាហ្វ្រីក​ខាងជើង ​បាន​ស្នើ​នឹង​ធ្វើ​ការ​ដោះលែង​ចំណាប់​ខ្មាំង​ជាតិ​អង់គ្លេស​ម្នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ម៉ាលី ​ប្រសិន​ណា​រដ្ឋាភិបាល​អង់គ្លេស​ដោះលែង​អាចារ្យ​អ៊ីស្លាម​និយម​ជ្រុល ​អាប៊ូ ​កាតាដា (Abu Qatada)។

XS
SM
MD
LG