ជប៉ុន៖ គណៈកម្មការធិការឯករាជ្យរបស់ជប៉ុនមួយដែលស៊ើបអង្កេតគ្រោះមហន្តរាយនៅរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូយ៉ាម៉ា ដាអ៊ីជិ កំពុងរិះគន់យ៉ាងខ្លាំង ទាំងអ្នកប្រតិបត្តិការក្រុមហ៊ុននិងរដ្ឋាភិបាលចំពោះចំណាត់ការវិបត្តិនុយក្លេអ៊ែរដ៏អាក្រក់បំផុតក្នុងរយៈពេល២៥ឆ្នាំមកនេះ។
អង់គ្លេស៖ វិមានប៊េកឃីងហេម បានប្រាប់ឲ្យដឹងថាព្រះអង្គម្ចាស់ហ្វីលីព របស់អង់គ្លេសនឹងស្ថិតនៅក្រោមឃ្លាំមើល បន្ទាប់ពីស្ថិតនៅអស់៣យប់ក្នុងមន្ទីពេទ្យបន្ទាប់ពីការព្យាបាលការស្ទះសសៃឈាមក្នុងបេះដូង។
អ៊ីរ៉ាក់៖ អាជ្ញាធរអ៊ីរ៉ាក់បាននិយាយថាអ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះរថយន្តនៅខាងក្រៅក្រសួងមហាផ្ទៃក្នុងទីក្រុងបាកដាតដោយសម្លាប់មនុស្ស៧នាក់និងមនុស្សជាង៣០នាក់ទៀតរងរបួស។
ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សនិងសាក្សីឃើញហេតុការណ៍ផ្ទាល់នៅស៊ីរីនិយាយថាកងទ័ពរដ្ឋាភិបាលបានពង្រីកការវាយប្រហារលើពួកបាតុករប្រឆាំងក្នុងទីក្រុង ហូម ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏២០នាក់ដែរ។
ឥណ្ឌា៖ លោកអាណា ហាហ្សា អតីតសកម្មជនឥណ្ឌាមានផែនការធ្វើកូដកម្មបង្អត់អាហាររយៈពេល៣ថ្ងៃដើម្បីប្រឆាំងតវ៉ាសេចក្តីព្រាងច្បាប់ពុករលួយដែលត្រូវបានជជែកដេញដោលក្នុងសភា។
កូរ៉េខាងជើង៖ លោកគីម យុងអ៊ុន មេដឹកនាំកូរ៉េខាងជើងដែលទើបជ្រើសតាំងថ្មីបានជួបកាលពីថ្ងៃច័ន្ទជាមួយគណៈប្រតិភូឯកជនដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងក្នុងរដ្ឋធានីព្យុងយ៉ាង នៅក្នុងការបង្ហាញខ្លួនជាសាធារណៈជាមួយភ្ញៀវបរទេសចាប់តាំងពីការស្លាប់របស់ឪពុកលោកដែលគេបានប្រកាសកាលពីសប្តាហ៍មុន។
អ៊ុយក្រែន ៖ អ៊ុយក្រែននិងរុស្ស៊ី បានប្រកាសផែនការធ្វើការចរចាលើកក្រោយរបស់ខ្លួនពីតម្លៃនិងទំហំនៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិនៅថ្ងៃទី១៥ ខែមករា។
នីហ្សេរីយ៉ា៖ សម្តេចប៉ាប បេណេឌិកក្នុងគ្រឹស្តសាសនារូម៉ាំងកាតូលិកបានប្រកាសប្រឆាំងនឹងការបំផ្ទុះគ្រាប់បែកមិនសមហេតុផលជាបន្តបន្ទាប់នៅថ្ងៃបុណ្យគ្រីស្តម៉ាស្ត នៅក្នុងនីហ្សេរីយ៉ា រួមមានការវផ្ទុះគ្រាប់បែកមួយដែលបានសម្លាប់មនុស្ស៣៥នាក់នៅព្រះវិហារគ្រឹះសាសនារូម៉ាំងកាតូលិកផងដែរ។