អ្នកការទូតថ្នាក់ខ្ពស់ស.រ.អាម្នាក់និយាយថា រដ្ឋាភិបាលស.រ.អានឹងចាត់វិធានការណ៍ដោយប្រុងប្រយ័ត្ននៅក្នុងការបន្ធូរបន្ថយទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសភូមា។
លោក ឃឺរត៍ ខាំប៊ែល (Kurt Campbell) អនុរដ្ឋមន្ដ្រីក្រសួងការបរទេសទទួលបន្ទុកខាងកិច្ចការអាស៊ីនិងប៉ាស៊ីហ្វិក ជម្រាបអង្គប្រជុំសវនាការរបស់សភាស.រ.អានៅថ្ងៃពុធថាខ្លួនបានសម្រេចថានឹងបញ្ចប់ទណ្ឌកម្មពីយូរយារមកហើយប្រឆាំងប្រទេសភូមា។
លោកកោតសរសើរការជឿនលឿនជាដុំកំភួនដែលរដ្ឋាភិបាលស៊ីវីលថ្មីនៃប្រទេសភូមាបានធ្វើចាប់តាំងពីបានឡើងកាន់អំណាចកាលពីឆ្នាំទៅមក។
កូរ៉េខាងជើង៖ បណ្ដាញផ្សាយព័ត៌មានរដ្ឋរបស់ចិនបានឲ្យដឹងថា រដ្ឋាភិបាលចិនមិនអាចការពារប្រទេសកូរ៉េខាងជើងបានទល់នឹងផលវិបាកផ្លូវការទូតទេ បើប្រទេសនេះធ្វើការពិសោធន៍នុយក្លេអ៊ែរលើកទីបីរបស់ខ្លួន។
ជប៉ុន៖ លោក អ៊ីឈីរ៉ូ អូហ្សាវ៉ា (Ichiro Ozawa) ឥស្សរជននយោបាយដ៏ល្បីឈ្មោះជប៉ុនបានរួចទោសនៅថ្ងៃព្រហស្បតិ៍ពីការចោទប្រកាន់ថាបានបំពានច្បាប់រៃអង្គាសប្រាក់ ដែលជាជាការអាចធ្វើឲ្យគណបក្សកាន់អំណាចមានដំណើរការយឺត។
ប៉ាគីស្ថាន៖ ការប្រឈមមុខដាក់គ្នារវាងតុលាការជាន់ខ្ពស់នៃប្រទេសប៉ាគីស្ថាននិងលោកនាយករដ្ឋមន្ដ្រី យូសុហ្វរ៉ាសា ហ្គីឡានី (Yousuf Raza Gilani) បានដល់ទីបញ្ចប់ហើយ ដោយតុលាការកាត់ទោសឲ្យលោក មានទោសថាមិនគោរពតុលាការ។
លីបេរីយ៉ា៖ តុលាការពិសេសនៅទីក្រុងឡាអេ (Hague) រៀបចំចេញសាលក្រមនៅថ្ងៃព្រហស្បតិ៍នេះនៅក្នុងការជំនុំជម្រះកាត់សេចក្ដីលោក ឆាឡេស ថេល័រ (Charles Taylor) អតីតប្រធានាធិបតីនៃប្រទេសលីបេរីយ៉ា ដែលត្រូវជាប់ចោទក្នុងបទអ្នកផ្តើមគំនិតរំលោភសិទ្ធិមនុស្សដ៏អាក្រក់ជាងគេមួយចំនួន។
ស៊ីរី៖ សកម្មជនស៊ីរីបានឲ្យដឹងថាកងកម្លាំងសន្ដិសុខបានសម្លាប់ជនស៊ីវិលយ៉ាងតិច២៧នាក់នៅក្នុងការវាយប្រហារនៅទូទាំងប្រទេសស៊ីរី នៅពេលដែលប្រទេសបារាំងកំពុងអំពាវនាវឲ្យពង្រីកក្រុមអ្នកសង្កេតការណ៍របស់អ.ស.ប នៅក្នុងប្រទេសស៊ីរីជាបន្ទាន់។