លោក វិល្លៀម ថូត William Todd ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងភ្នំពេញកាលពីថ្ងៃអាទិត្យ ហើយក៏បានចូលបំរើមុខតំណែងថ្មីរបស់លោកនៅថ្ងៃពុធទី២៥ ខែមេសាម្សិលមិញនេះ។ ពេលអញ្ជើញទៅដល់ លោកឯកអគ្គរដ្ឋទូតថ្មីបានចេញផ្សាយសារមួយក្នុងគេហទំព័ររបស់ស្ថានទូតស.រ.អ.នៅក្រុងភ្នំពេញ ដើម្បីសម្តែងការអបអរសាទរជាមួយប្រជាពលរដ្ឋនៃប្រទេសកម្ពុជា ដែលមានសេចក្តីជាអាទិ៍ដូចតទៅ៖
លោកវិល្លៀម ថូត William Todd ជាសមាជិកអាជីពជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា Barack Obama បានតែងតាំងលោកសម្រាប់តំណែងថ្មីនេះ កាលពីថ្ងៃទី ១ខែធ្នូ ឆ្នាំ ២០១១ ហើយលោកបានទទួលការអនុម័តពីព្រឹទ្ធសភា កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១២។ នៅក្នុងតំណែងពីរមុននេះ លោកជានាយកកិច្ចការអភិវឌ្ឍន៍និងសេដ្ឋកិច្ចនៅស្ថានទូតអាមេរិកប្រចាំប្រទេសអាហ្វហ្គានីស្ថាន ពីឆ្នាំ២០១០ដល់២០១១។ លោកជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសប្រ៊ុយណេ ពីឆ្នាំ២០០៨ដល់២០១០។
ភូមា៖ អង្គការសិទ្ធិមនុស្សសំខាន់ៗមួយចំនួន និយាយថាស.រ.អ.ប្រហែលជាធ្វើសេចក្តីសម្រេចឆាប់ពេកក្នុងការបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងប្រទេសភូមា។
អង្គការទាំងនេះដែលមានរួមទាំង Human Rights Watch និងអង្គការ៧ទៀតដែលមានមូលដ្ឋាននៅស.រ.អ. បានផ្ញើលិខិតមួយច្បាប់ជូនលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាBarack Obama កាលពីថ្ងៃអង្គារ ដើម្បីសំដែងការមន្ទិលសង្ស័យចំពោះសេចក្តីសម្រេចរបស់រដ្ឋាភិបាលស.រ.អ. នៅដើមខែនេះក្នុងការបន្ធូរបន្ថយទណ្ឌកម្មដែលមានដាក់ជាយូរមកហើយលើប្រទេសភូមា។
អង់គ្លេស៖ បានធ្លាក់ទៅក្នុងស្ថានភាពសេដ្ឋកិច្ចនៅទ្រឹងជាថ្មីម្តងទៀត។ ការិយាល័យស្ថិតិជាតិបាននិយាយកាលពីថ្ងៃពុធថា សេដ្ឋកិច្ចជាតិបានចុះថយ០.២% ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ ចំនួននេះ គឺមានបន្តពីការចុះថយចំនួន ០.៣% ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០១១។
សហរដ្ឋអាមេរិក៖ លោក ញូវ ហ្គីងរិច Newt Gingrich អតីតប្រធានរដ្ឋសភាស.រ.អ. ហាក់ដូចជាឲ្យសញ្ញាថា លោកនឹងដកខ្លួនចេញពីការប្រកួតប្រជែងតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋនៅពេលខាងមុខ បន្ទាប់ពីលោក មិត រមនីMitt Romneyបាននាំមុខដោយទទួលជ័យជំនះនៅក្នុងការបោះឆ្នោតក្នុងរដ្ឋទាំងប្រាំ កាលពីថ្ងៃអង្គារនេះ។
ស៊ីរី៖ សកម្មជននិយាយថាកងកម្លាំងស៊ីរីបានសម្លាប់មនុស្សយ៉ាងតិច៧នាក់ កាលពីថ្ងៃពុធ នៅពេលអ្នកសង្កេតការអ.ស.បមួយក្រុមតូច បានបំពេញបេសកកម្មរបស់ខ្លួនជាថ្មីទៀត ដើម្បីឃ្លាំមើលបទឈប់បាញ់គ្នាមួយដែលមិនទាន់មានលំនឹង នៅក្នុងជម្លោះមួយឆ្នាំរវាងរដ្ឋាភិបាលនិងពួកឧទ្ទាម។
ស៊ូដង់៖ លោក សាលវ៉ា គៀរSalva Kiir ប្រធានាធិបតីប្រទេសស៊ូដង់ខាងត្បូង បានកាត់បន្ថយទស្សនកិច្ចរបស់លោកទៅប្រទេសចិន នៅពេលដែលការប្រយុទ្ធគ្នាតាមព្រំដែន ជាមួយប្រទេសស៊ូដង់ គំរាមកំហែងបណ្តាលឲ្យមានសង្គ្រាមពេញបន្ទុកមួយ។
កូរ៉េខាងជើង៖ មន្រ្តីយោធាកំពូលម្នាក់របស់ កូរ៉េខាងជើងបានបញ្ជាក់ជាថ្មីម្តងទៀតកាលពីថ្ងៃពុធនេះ អំពីការគំរាមរបស់ក្រុង ព្យុងយ៉ាងដើម្បីធ្វើសង្គ្រាម ប្រឆាំងនឹងអ្វីដែលអគ្គមេបញ្ជាការកូរ៉េខាងជើងហៅថា ជាជនក្បត់ជាតិនៅក្នុងប្រទេស កូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្តរបស់ខ្លួន ទោះជាប្រទេសចិនបានព្រមានប្រឆាំងនឹងការបង្ករឿងថែមទៀតនៅក្នុងឧបទ្វីបនេះក៏ដោយ។
សហរដ្ឋអាមេរិក៖ ធនាគារកណ្តាលរបស់ស.រ.អ. ដែលហៅថាFederal Reserve និយាយថា សេដ្ឋកិច្ចអាមេរិកាំង មានការលូតលាស់«ជាបង្គួរ» ហើយថាអត្រាមនុស្សឥតការងារធ្វើខ្ពស់ អាចចុះមកនៅក្រោម ៨% នៅចុងឆ្នាំនេះ។