យោធាប៉ាគីស្ថាន និយាយថា ខ្លួនបានធ្វើការសាកល្បងដ៏ជោគជ័យក្នុងការបាញ់បង្ហោះ ម៉ីស៊ីលធន់ Shaheen 1 កាលពីថ្ងៃពុធនេះ។ ម៉ីស៊ីលនោះ មានសមត្ថភាពនឹងទៅដល់ទិសដៅក្នុងប្រទេសឥណ្ឌា ជាមួយក្បាលបរិមាណូ ហើយអាចតម្លើងគុណភាពដែលអាចហោះបានកាន់តែឆ្ងាយបានទៀត។
ការសាកល្បងធ្វើតេសម៉ីស៊ីលនោះ កើតឡើងតិចជាងមួយសប្ដាហ៍ ក្រោយពីឥណ្ឌាបានប្រកាសថាខ្លួនបានសាកល្បងដ៏ជោគជ័យ នូវម៉ីស៊ីលមានក្បាលអាវុធបរិមាណូ ដែលអាចហោះទៅដល់រដ្ឋធានីប៉េកាំង។ មន្ដ្រីឥណ្ឌា និយាយថាការបាញ់សាកល្បងនោះ បង្ហាញឲ្យដឹងថាឥណ្ឌា អាចចូលរួមក្នុងចំណោមប្រទេសមហាអំណាចម៉ីស៊ីលក្នុងពិភពលោក។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងៗទៀត៖
តំបន់មេគង្គ៖ តំបន់ត្រីកោណមាស ដែលមាន ភូមា លាវ និង ថៃ នៃតំបន់ទន្លេមេគង្គ ល្បីឈ្មោះខាងការរត់គ្រឿងញៀននិងមនុស្ស។ ទីនោះ នៅពេលនេះ ទាក់ទាញទេសចរណ៍ច្រើនសន្ធឹក ដោយសារតែ ទេសភាពល្អ និង ទីកន្លែងល្បែងកាស៊ីណូ។ ប៉ុន្តែការកសាងទំនប់មេគង្គ ដោយក្រុមហ៊ុនសំណង់ទំនប់ថៃ បានបន្ដការសាងសង់ទំនប់ដែលមានរឿងចម្រូងចម្រះ សាយបូរី តម្លៃ៣.៥ពាន់លានដុល្លារ នៅលើទន្លេមេគង្គ។
ស៊ូដង់៖ ប្រធានាធិបតីស៊ូដង់ខាងត្បូង លោក សាលវ៉ា កៀ (Salva Kiir) បានផ្អាកដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសចិន ដោយសារតែអ្វីដែលមន្ដ្រីចិនម្នាក់ និយាយថា
“បញ្ហាផ្ទៃក្នុងប្រទេស"។
កូរ៉េខាងជើង៖ មន្ដ្រីយោធាជាន់ខ្ពស់ម្នាក់របស់កូរ៉េខាងជើង បានធ្វើការគម្រាមជាថ្មីរបស់រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង អំពីសង្រ្គាមប្រឆាំងកូរ៉េខាងត្បូង និងសម្ពន្ធមិត្ដ នៅថ្ងៃពុធនេះទោះបីជា ចិនព្រមានមកលើការបង្ករឿងបន្ថែមមកលើឧបទ្វីបកូរ៉េក៏ដោយ។
អង់គ្លេស៖ រដ្ឋមន្ដ្រីការបរទេសរបស់ប្រទេសអង់គ្លេស លោក វីល្លៀម ហេគ (William Hague) ថ្លែងថាលោកបានពិភាក្សាអំពីជម្លោះដ៏ងំ អំពីបូរណភាពដែនទឹកនៅលើសមុទ្រចិនខាងត្បូង នៅពេលលោកធ្វើទស្សនកិច្ចក្នុងប្រទេសវៀតណាម។
ភូមា៖ អង្គការសិទ្ធិមនុស្សដ៏មានឥទ្ធិពលមួយក្រុម និយាយថា ស.រ.អា បានចាត់វិធានការឆាប់រហ័សពេក ក្នុងការបន្ធូរបន្ថយទណ្ឌកម្មចេញពីប្រទេសភូមា។
ស៊ីរី៖ ប្រេសិតអន្ដរជាតិពិសេស លោក កូហ្វី អាណាន់ ថ្លែងថា ស្ថានការណ៍នៅក្នុងប្រទេសស៊ីរី នៅតែបន្ដ មិនអាចទទួលយកបាន ហើយលោកបានសម្ដែងការព្រួយបារម្ភអំពីសេចក្ដីរាយការណ៍របស់ បណ្ដាញព័ត៌មាន ថាទាហានរដ្ឋាភិបាលស៊ីរីបានវាយប្រហារមកលើជនស៊ីវិល ក្រោយពីទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អន្ដរជាតិ។
ជប៉ុន៖ អ្នកតាក់តែងច្បាប់ជាន់ខ្ពស់របស់ស.រ.អា បីនាក់ បានសម្ដែងការព្រួយបារម្ភ អំពីកិច្ចព្រមព្រាងមួយអំពី ការរៀបចំឡើងវិញនូវកងកម្លាំងស.រ.អា នៅលើកោះជប៉ុន អូគីណាវ៉ា ដោយគេនិយាយថា នឹង ធ្វើឡើងនៅពេលឆាប់ៗនេះ។
ស.រ.អា៖បេក្ខជនប្រធានាធិបតីពីគណបក្សសាធារណរដ្ឋ លោក មិត រមនី (Mitt Romney) បានផ្ដោតទៅលើការបោះឆ្នោតជាតិ នៅខែវិច្ឆិកា និងមកលើប្រធានាធិបតី លោកបារ៉ាក់ អូបាម៉ាក្រោយពីលោកបានពង្រឹងការតែងតាំងខ្លួនលោកពីគណបក្សរបស់លោក ដោយបានយកជ័យជន្នះ ក្នុងរដ្ឋ៥ក្នុងការបោះឆ្នោតបឋមកាលពីថ្ងៃអង្គារ។
អង់គ្លេស៖ ប្រទេសអង់គ្លេសវិលចុះមករកដំណើរយឺតនៃសេដ្ឋកិច្ចម្ដងទៀតហើយ។ ការិយាល័យជាតិ សម្រាប់ស្ថិតិ កាលពីថ្ងៃពុធនេះ និយាយថា សេដ្ឋកិច្ចជាតិបានចុះរួញ ពីរ ភាគ ដប់ នៃ ១ភាគរយ ជាលើកដំបូង ក្នុង៣ខែ កាលពីឆ្នាំនេះ។