កូរ៉េខាងជើង៖ បានប្រកាសពីការចាប់ផ្តើមយុគ្គរបស់លោកគីម យុងអ៊ុន កាលពីថ្ងៃព្រហស្បតិ៍។ គីម យុងអ៊ុនត្រូវបានគេប្រកាសថាជា «អ្នកកាន់តំណែងបន្ត» នៅក្នុងដំណើរការបដិវត្តិរបស់ប្រទេសជាតិ «និងជាមេដឹកនាំរបស់ប្រជារាស្រ្តកូរ៉េខាងជើង»។
អ៊ីរ៉ាក់៖ មន្រ្តីអ៊ីរ៉ាក់និយាយថាកាលពីថ្ងៃព្រហស្បតិ៍មានការផ្ទុះគ្រាប់បែកជាងដប់លើក បានកើតឡើងនៅក្នុងរដ្ឋធានីបាកដាដ បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៦៣នាក់ និងធ្វើឲ្យរបួសជាង១៨០នាក់ រឿងនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកងទ័ពសហរដ្ឋអាមេរិកបានដកថយចេញពីប្រទេសនេះ។
ប៉ាគីស្ថាន៖ ក្រសួងការពារប្រទេសសហរដ្ឋអាមេរិកនិយាយថា ការសម្របសម្រួលគ្នាមិនគ្រប់គ្រាន់រវាងកងកម្លាំងប៉ាគីស្ថាននិងកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក ដែលនាំឲ្យទាហានប៉ាគីស្ថានចំនួន២៤នាក់ត្រូវបានសម្លាប់ ដោយច្រឡំនៅក្នុងការវាយប្រហារមួយកាលពីខែមុននៅតាមព្រំដែនជាមួយអាហ្វហ្គានីស្ថាន។
រុស្សី៖ ប្រធានាធិបតីរុស្ស៊ី ឌីមីទ្រី មេតវីដេវបានស្នើឲ្យមានកំណែទម្រង់នយោបាយដោយបន្ថយតម្រូវការសម្រាប់ចុះឈ្មោះរបស់គណបក្សនយោបាយ និងបេក្ខជនប្រធានាធិបតី បន្ទាប់ពីមានបាតុកម្មកាលពីពេលថ្មីៗនេះប្រឆាំងនឹងការចោទប្រកាន់អំពីការលួចបន្លំក្នុងការបោះឆ្នោត។
នីហ្សេរីយ៉ា៖ អាជ្ញាធរនីហ្សេរីយ៉ាកំពុងខំព្យាយាមការពារការលេចប្រេងពីអណ្តូងប្រេងមួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ដាច់ស្ហែលដ៏អាក្រក់បំផុតមួយតាមឆ្នេរសមុទ្រក្នុងពេលមួយទសវត្សរ៍កន្លងទៅនេះ មិនឲ្យអណ្តែតមកដល់ឆ្នេរខ្សាច់ភាគខាងត្បូងនៃប្រទេសនៅ អាហ្រ្វិកខាងលិច។
សហរដ្ឋអាមេរិក៖ លោកមីត ម៉ាក់ខលកូននីល មេដឹកនាំព្រឹទ្ធសភាសហរដ្ឋអាមេរិកនៃគណបក្សសាធារណរដ្ឋ បានអំពាវនាវឲ្យសភាតំណាងរាស្រ្តសរអាអនុម័តការបន្តការកាត់ពន្ធប្រាក់ចំណូលក្នុងរយៈពេលពីរខែទៀត ដែលព្រឹទ្ធសភាបានអនុម័តកាលពីសប្តាហ៍មុន។
សហរដ្ឋអាមេរិក៖ ទីផ្សារការងារនៅអាមេរិកមានភាពប្រសើរឡើងបន្តិច កាលពីសប្តាហ៍មុន នៅពេលដែលមនុស្សដាក់ពាក្យសុំជំនួយសម្រាប់ការឥតការងារធ្វើបានចុះថយដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាងបីឆ្នាំកន្លងទៅនេះ គឺបានចុះថយចំនួន ៤០០០នាក់ មកនៅត្រឹម៣សែន៦ម៉ឺន៤ពាន់នាក់សរុបទូទាំងប្រទេស។ គេរំពឹងថាភាពប្រសើរនៃទីផ្សារការងារអាចបង្កើនតម្រូវការអតិថិជន ដែលជាកត្តាជួយរុញច្រានសេដ្ឋកិច្ចអាមេរិកចំនួន៧០%។
ស៊ីរី៖ ក្រុមទីមួយរបស់អ្នកសង្កេតការណ៍នៃសហគមន៍អារ៉ាប់បានទៅដល់ស៊ីរីហើយ ពេលដែលចំនួនមនុស្សស្លាប់កាន់តែច្រើនឡើងពីការបង្រ្កាបមួយលើការបះបោររបស់ក្រុមអ្នកប្រឆាំង។ ក្រុមអ្នកតាមដាននឹងចាំឃ្លាំមើលថាតើស៊ីរីនឹងធ្វើតាមសេចក្តីសន្យាមួយដែលថាខ្លួននឹងឈប់ធ្វើការវាយប្រហារទៅលើក្រុមបាតុករអ្នកប្រឆាំងនឹងរដ្ឋាភិបាលនោះឬដូចម្តេច?