ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រជាធិបតេយ្យ​ភូមា​បដិសេដ​មិន​ចូលរួម​សច្ចា​ប្រណិធាន


អ្នក​តាក់តែង​ច្បាប់សភាជាន់ទាប​ចូលរួម​ក្នុង​ការ​ពិភាក្សាក្នុង​រដ្ឋសភា នៅ Naypyitaw ក្នុង​ប្រទេស​ភូមា ថ្ងៃទី២៣ មេសា ២០១២។
អ្នក​តាក់តែង​ច្បាប់សភាជាន់ទាប​ចូលរួម​ក្នុង​ការ​ពិភាក្សាក្នុង​រដ្ឋសភា នៅ Naypyitaw ក្នុង​ប្រទេស​ភូមា ថ្ងៃទី២៣ មេសា ២០១២។

គណបក្ស​នយោបាយ​របស់​លោកស្រី​អោង សានស៊ូជី​មេដឹកនាំ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ភូមា​ដែល​មាន​កំណត់​នឹង​ចូលអង្គុយ​ក្នុង​សភា​ជា​លើក​ដំបូង​នៅថ្ងៃ​ច័ន្ទ​នេះ​និយាយ​ថា​ពួក​គេ​នឹង​មិន​ចូល​រួម​ក្នុង​ពិធី​សច្ចា​ប្រណិធាន​ទេ​ពី​ដោយ​សារ​ជម្លោះអំពី​ពាក្យ​ពេចន៍​នៅ​ក្នុង​អត្ថបទ​នៃ​ការ​ស្បថ​ចូល​កាន់​តំណែង។​ ជ័យលាភី​រង្វាន់​ណូបែល​រូប​នេះ​ជា​ឥស្សរជន​ម្នាក់​ក្នុង​បណ្តា​ឥស្សរជន​៤៣​នាក់​ពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ហៅ​កាត់​ថា​NLD របស់​លោក​ស្រី​ដែល​បាន​ជាប់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាល​ពីថ្ងៃ​ទី​១​ខែ​មេសា។

ពួក​មន្ត្រី​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ពួក​សមាជិក​សភា​របស់​គណបក្ស​ NLD ​នឹង​មិន​មាន​វត្តមាន​ទេ​លុះត្រា​ពាក្យ​ពេចន៍​នៅ​ក្នុង​អត្ថបទ​នៃ​ពាក្យ​សម្បថ​ដែល​តម្រូវ​ឱ្យ​ពួក​គេ​ការពារ​រដ្ឋធម្មនុញ្ញ​ដែលសរសេរ​ដោយ​អតីតក្រុម​ប្រឹក្សា​យោធា​របស់​ប្រទេស​បាន​ត្រូវ​កែប្រែ​សិន។​គណបក្ស​ប្រឆាំង​នេះ​ចង់​ឱ្យ​ដូរ​ពាក្យ​«ការពារ​»ឱ្យ​ទៅ​ជា​ពាក្យ​«គោរព»​វិញ​។ ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​គណបក្ស​គ្រប់​គ្រង​ប្រទេស​របស់​លោក​ប្រធានាធិបតី​ធាន​ ស៊ាន​ Thein Sein ​បាន​ប្រកែក​មិន​ព្រម​ធ្វើ​តាម​សេចក្តី​ស្នើ​នេះ​ទេ។​

នៅ​ពេល​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃអាទិត្យ​លោក​ស្រី​អោង​ សាន​ស៊ូជី​មិន​បាន​ហៅ​សកម្មភាព​នេះ​របស់​គណបក្ស​លោកស្រី​ថា​ជា​ការ​ធ្វើ​ពហិការ​មួយទ្បើយ។

​មេដឹកនាំ​កូរ៉េខាង​ជើង​គីម ជុងអ៊ុន
​មេដឹកនាំ​កូរ៉េខាង​ជើង​គីម ជុងអ៊ុន

កូរ៉េខាងជើង៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP ​បាន​ផ្សាយ​ថា​កាល​ពី​ថ្ងៃ​អាទិត្យ​កាសែត​ស្វ៊ីស ​ឈ្មោះ​Le Matin Demanche ​បាន​រាយការណ៍​ថា​លោក​មេដឹកនាំ​កូរ៉េខាង​ជើង​គីម ជុងអ៊ុន​ Kim Jong-Un បាន​រស់​នៅ​ក្នុង​ប្រទេស​ស្វ៊ីស ​ចាប់​តាំង​ពី​អាយុ​៧​ឆ្នាំ​មក​ដោយ​បាន​ទៅ​ដល់​ប្រទេស​នេះ​២​ឆ្នាំមុន​ការ​ដែល​គេ​ដឹង​ពី​ពេល​មុន។​

កាល​ពី​ពេល​មុន​បណ្តាញ​ផ្សាយ​ព័ត៌មានស្វ៊ីស ​បាន​ផ្សាយ​ថា​លោក​បាន​ទៅ​ដល់​ប្រទេស​ស្វ៊ីស​កាល​ពី​ឆ្នាំ​១៩៩៣ ​នៅ​ពេល​លោក​មាន​អាយុ​ប្រមាណ​៩​ឆ្នាំ។​ តែ​កាសែត​នេះ​បាន​និយាយ​យោង​ដល់​ឯកសារ​ដែល​ខ្លួន​បាន​ទទួល​ពី​បណ្ណាសារ​ប៉ូលីស​សហព័ន្ធ​នៅ​ក្នុង​ក្រសួង​សាធារណៈ​ដែល​បង្ហាញ​ថា​លោក​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ស្វ៊ីស ​នៅ​ចន្លោះ​ចុង​ឆ្នាំ​១៩៩១​និង​ដើម​ឆ្នាំ​២០០១។​ សារព័ត៌មាន​នេះ​បាន​និយាយ​ថា​ខ្លួន​បាន​ទទួល​ឯកសារ​មួយ​ដែល​បង្ហាញ​សេចក្តី​ស្នើ​សុំ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​លោក​ ណាម ជុល ប៉ាក់​ Nam Chol Pak ​ឱ្យ​ធ្វើ​ជាមន្ត្រី​សម្រាប់ក្រសូង​ការបរទេស​កូរ៉េ​ខាង​ជើង។​

ឯកសារ​នេះ​បាន​បង្ហាញ​ថា​មន្ត្រី​រូប​នេះ​បាន​ទៅ​ដល់​ប្រទេស​ស្វ៊ីស ​នៅ​ថ្ងៃ​ទី​២៥​ខែ​វិច្ឆិកា​១៩៩១​ជាមួយ​ភរិយា​លោក​ កូន​ប្រុស​២​នាក់​និង​កូន​ស្រី​ម្នាក់។​ កុមារា​ពីរ​នាក់នោះ​ជា​កូន​ប្រុស​ពៅ​របស់​លោក​គីម ជុងអ៊ីល​ Kim Jong-Il​ ដែល​បាន​គ្រប់គ្រង​ប្រទេស​កូរ៉េ​ខាង​ជើង​ពី​ឆ្នាំ​១៩៩៤ ​ដល់​ពេល​ដែល​លោក​បាន​ទទួល​មរណភាព​កាល​ពី​ខែ​ធ្នូឆ្នាំ​ទៅ​។ តែ​កុមារា​ទាំង​ពីរ​នាក់​នេះ​បាន​ប្រើ​ឈ្មោះ​ ជុល ប៉ាក់ Chol Pak ​និង​ហ៊ុន ប៉ាក់​ Hun Pak ​នៅ​ពេល​ដែល​ពួក​គេ​រស់​នៅ​ក្នុង​ប្រទេស​ស្វ៊ីស​។ ​កាសែត​នេះ​បាន​និយាយ​ថា​ហ៊ុន ប៉ាក់​ Hun Pak ​ជា​ឈ្មោះ​ក្លែង​បន្លំ​របស់​លោក​គីម ជុង​អ៊ុន​។​ គេ​ដឹង​តែ​បន្តិច​បន្តួច​អំពី​របស់​រយៈពេល​ដែល​លោក​គីម ជុង​អ៊ុន ស្នាក់​នៅ​រៀន​សូត្រ​ក្នុង​ប្រទេស​ស្វ៊ីស ​ពីព្រោះ​សាលារៀន​ដែល​គេ​រាយការណ៍​ថា​លោក​បាន​ចុះ​ឈ្មោះ​រៀន​នោះ​បាន​ប្រកែក​មិន​ព្រម​ពិភាក្សា​អំពី​ពេល​វេលា​ដែល​លោក​ស្ថិត​នៅ​ទី​នោះ​ទេ។

អ៊ីរ៉ង់៖ ប្រធាន​គណៈកម្មាធិការ​សន្តិសុខ​មាតុភូមិ​នៃ​ព្រឹទ្ធសភា​ស.រ.អ.​បាន​បដិសេធ​ការ​អះអាង​របស់អ៊ីរ៉ង់​ដែល​ថា​ខ្លួន​បាន​រុះរើ​ម៉ាស៊ីន​យន្តហោះ​ចារកម្ម​គ្មាន​មនុស្ស​បើក​របស់​អាមេរិកមួយ​គ្រឿង​ដែល​ខ្លួន​រឹប​អូស​យក​បាន​កាល​ពី​ឆ្នាំ​ទៅ​មិញ។​ លោក Joe Lieberman ​សមាជិក​សភា​អាមេរិកបាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​តាម​ទូរទស្សន៍​ក្នុង​កម្មវិធី ​Fox News Sunday ​ថា​លោក​ចាត់​ទុក​ការ​អះអាង​នេះ​ថា​ជា ​«​ភាព​ក្អេងក្អាង​របស់​អ៊ីរ៉ង់»​។​

បារាំង៖ លទ្ធផល​ជា​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​បង្ហាញ​ថា​លោក​ Francois Hollande ​បេក្ខជន​គណបក្ស​សង្គម​និយម​និង​លោក​ Nicolas Sarkozy​ ប្រធានាធិបតី​កំពុង​កាន់​តំណែង​បាន​ជម្រុល​ទៅ​មុខ​ទៅ​កាន់​ការ​បោះឆ្នោត​ជុំ​ទី​ពីរ​។​

អាហ្វហ្គានីស្ថាន៖ និងអាមេរិកបាន​បញ្ចប់​កិច្ច​ព្រមព្រៀង​ដៃគូ​យុទ្ធសាស្ត្រ​មួយ​ដែល​គូស​បញ្ជាក់​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ នៅ​ក្រោយ​ការ​ដក​ថយ​របស់​ក្រុម​ទាហាន​ប្រយុទ្ធ​បស្ចឹម​ប្រទេស​នៅ​ក្នុង​ប្រទេស​នេះ​ក្នុង​ឆ្នាំ​២០១៤។​

ស៊ីរី៖ ពួក​សកម្មជនបាន​និយាយ​ថា​ការ​វាយ​ប្រហារ​ដោយ​កងកម្លាំង​រដ្ឋាភិបាល​និង​កង​កម្លាំង​ពួក​ឧទ្ទាម​បាន​បណ្តាល​ឱ្យ​មនុស្ស​១៦​នាក់​ស្លាប់​នៅ​ទូទាំង​ប្រទេស ​នៅ​ពេល​ដែល​ក្រុម​តូច​មួយ​របស់​អង្គការ​សហប្រជាជាតិបាន​ទៅ​មើល​ក្រុង​ច្រើន​ជាង​មុន​ដើម្បី​សង្កេត​អំពី​កិច្ច​ឈប់​បាញ់​គ្នា​ដែល​មាន​រយៈពេល​១០​ថ្ងៃ​មក​ហើយ​ដែល​គ្មាន​ជោគជ័យ​ក្នុង​ការ​បញ្ចប់​ជម្លោះ​មាន​រយៈពេល​មួយ​ឆ្នាំ​មក​នេះ។

XS
SM
MD
LG