កូរ៉េខាងជើង៖ អ្នកកាន់ទុក្ខកូរ៉េខាងជើងរាប់សែននាក់ ដែលភាគច្រើនមានកាន់ផ្កាពណ៌សបានប្រមូលផ្តុំគ្នានៅកណ្តាលរដ្ឋធានីព្យុងយ៉ាងកាលពីថ្ងៃពុធនេះ ដើម្បីសម្តែងមរណទុក្ខជូនសពលោកគីម យុងអ៊ីល។ បណ្តាញផ្សាយព័ត៌មានរដ្ឋរបស់កូរ៉េខាងជើងបានឲ្យដឹងថា មនុស្សរាប់លាននាក់បានចេញមកគោរពរូបសំណាកនិងរូបថតរបស់សព «មេដឹកនាំសំណព្វចិត្ត» របស់ពួកគេ តាំងពីលោកបានទទួលមរណភាពដោយសារជំងឺគាំងបេះដូងដែលគេបានប្រកាសឲ្យដឹងកាលពីថ្ងៃច័ន្ទមក។ ពិធីបុណ្យសពជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ។
អាហ្វហ្គានីស្ថាន៖ មន្រ្តីអង្គការណាតូ និយាយថា ទាហានជាតិប៉ូឡូញ៥នាក់បានស្លាប់ ក្នុងការវាយប្រហារដោយគ្រាប់បែកតាមដងផ្លូវមួយនៅអាហ្វហ្គានីស្ថានភាគខាងកើត បណ្តាលឲ្យស្លាប់សមាជិកកងកម្លាំងចម្រុះដ៏ច្រើនបំផុតក្នុងសង្គ្រាមក្នុងប្រទេស។
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីបារ៉ាក់ អូបាម៉ា បាននិយាយទូរស័ព្ទជាមួយមេដឹកនាំសភាតំណាងរាស្រ្ត ចន បូន័រ ដោយអំពាវនាវឲ្យសភាតំណាងរាស្រ្ត អនុម័តការបន្តការកាត់ពន្ធប្រាក់ចំណូលក្នុងរយៈពេលពីរខែ ដែលព្រឹទ្ធសភាបានអនុមត្តិកាលពីសប្តាហ៍មុន។
ស៊ីរី៖ ក្រុមប្រឆាំងឈ្មោះ ក្រុមប្រឹក្សាជាតិស៊ីរី បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់ឲ្យចាត់វិធានការ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាកងទ័ពរដ្ឋាភិបាលបាន «សម្លាប់រង្គាល» មនុស្សជាង២០០នាក់ក្នុងរយៈពេលពីរថ្ងៃ។
អ៊ីរ៉ាក់៖ អនុប្រធានាធិបតី អ៊ីរ៉ាក់ តារីក អាល់ហាស្ហេមី និយាយថាពាក្យចោទប្រកាន់លើរូបលោក ដែលថាលោកបានរួមគំនិតដើម្បីសម្លាប់មន្រ្តីរដ្ឋាភិបាលដទៃទៀត ជារឿងនយោបាយប្រឌិតឡើងដោយនាយករដ្ឋមន្រ្តីម្នាក់ដែលចង់ប្រមូលក្តាប់អំណាច បន្ទាប់ពីកងទ័ពអាមេរិកទាំងអស់ដកចេញនៅចុងខែនេះ។
អេហ្ស៊ីប៖ រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប និយាយថា រដ្ឋាភិបាលរបស់លោកមិនព្រមទទួលយកអន្តរាគមន៍បរទេសនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនទេ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងក្រោយការថ្កោលទោសយ៉ាងខ្លាំងរបស់លោកស្រីរដ្ឋមន្រ្តីការបរទេសអាមេរិក ហ៊ីលឡារី គ្លីនតុន កាលពីពេលថ្មីៗនេះ ចំពោះការប្រមាថមើលងាយស្រ្តីនៅទីនោះ។