ពួកនាយកនៃធនាគារពិភពលោកបានតែងតាំងពលរដ្ឋអាមេរិកាំងម្នាក់ទៀតគឺលោក Jim Yong Kim ឱ្យកាន់តំណែងជាប្រធាននៃទីភ្នាក់ងារអភិវឌ្ឍន៍សាកលនេះ។
លោក Jim Yong Kim ជាវេជ្ជបណ្ឌិត នរវិទូនិងជាប្រធាននៃសាកលវិទ្យាល័យ Dartmouth។ កាលពីពេលមុនលោកបានចាត់ចែងកិច្ចខិតខំប្រឹងប្រែងរបស់អ.ស.ប.ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ បានបង្កើតអង្គការមិនមែនជារបស់រដ្ឋាភិបាលមួយដើម្បីឧបត្ថម្ភគម្រោងផ្តួចផ្តើមការថែរក្សាសុខភាពក្នុងប្រទេសជាតិក្រីក្រ ហើយលោកបានបង្រៀននៅឯសាកលវិទ្យាល័យ Harvard ផងដែរ។ លោកបណ្ឌិត Kim នឹងបម្រើអណត្តិមួយមានរយៈពេល៥ឆ្នាំដែលចាប់ផ្តើមនៅថ្ងៃទី១ខែកក្កដា។ លោកនឹងបន្តតំណែងពីលោក Robert Zoellick ដែលអណត្តិរបស់លោកនឹងចប់ក្នុងខែមិថុនា។
តាមរយៈកិច្ចព្រមព្រៀងមិនផ្លូវការមួយ ជនជាតិអាមេរិកាំងម្នាក់តែងតែដឹកនាំធនាគារពិភពលោក ចំណែកឯជនជាតិអឺរ៉ុបម្នាក់តែងតែកាន់តំណែងជានាយកនៃអង្គការមូលនិធិរូបិយប័ណ្ណអន្តរជាតិ។
ពួកអ្នករិះគន់បាននិយាយថាកិច្ចព្រមព្រៀងនោះចាស់ហួសសម័យហើយមិនយុត្តិធ៌មទេ។
កូរ៉េខាងជើង៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំងដល់ប្រទេសកូរ៉េខាងជើងដែលបានប៉ុនប៉ងបង្ហោះកាំជ្រួចផ្លោងមានវង់ប្រតិបត្តិការឆ្ងាយមួយគ្រឿងកាលពីសប្តាហ៍មុន។
ថៃ៖ កាសែត Bangkok Post បានផ្សាយកាលពីថ្ងៃច័ន្ទថាពាណិជ្ជកម្មបែបថ្មីមួយនៃគ្រឿងញៀន crystal methamphetamine ដោយមានពួកអ្នកជួញដូរមកពីផ្នែកខាងលិចនៃទ្វីបអាហ្វ្រិកនិងអ៊ីរ៉ង់ចូលមកច្រើនក្នុងប្រទេសថៃបាននាំឱ្យពួកប៉ូលីសថៃព្រួយបារម្ភ។
អាហ្វហ្គានីស្ថាន៖ ក្រសួងការពារប្រទេសសហរដ្ឋអាមេរិកបាននិយាយថាបណ្តាញពួកជនសកម្មប្រយុទ្ធ Haqqani ដែលមានមូលដ្ឋាននៅប៉ាគីស្ថានទំនងជាស្ថិតនៅពីក្រោយការវាយប្រហារមានការសម្របសម្រួលនៅទូទាំងអាហ្វហ្គានីស្ថាន។
ប៉ាគីស្ថាន៖ អាជ្ញាធរក្នុងប៉ែកពាយ័ព្យនៃប្រទេសកំពុងស្វែងរកពួកអ្នកទោសជាង៣រយនាក់ដែលបានរត់គេចខ្លួនចេញពីគុកមួយកន្លែង ក្រោយពីពួកជនសកម្មប្រយុទ្ធតាលីបាន់បានឆ្មក់វាយប្រហារលើពន្ធនាគារនេះកាលពីថ្ងៃអាទិត្យ។
ស៊ីរី៖ ក្រុមទៅមុនមួយនៃពួកអ្នកសង្កេតការអង្គការសហប្រជាជាតិ៦នាក់បានចាប់ផ្តើមបេសកកម្មរបស់ពួកគេក្នុងការឃ្លាំមើលកិច្ចឈប់បាញ់គ្នាមិនមាំទាំមួយក្នុងប្រទេសស៊ីរី នៅពេលដែលពួកសកម្មជនបាននិយាយថាពួកទាហានរដ្ឋាភិបាលនៅតែបន្តបាញ់ផ្តក់ទៅលើសង្កាត់ពួកបះបោរនៅក្នុងសំបុកសំខាន់មួយនៃពួកប្រឆាំង។
ស៊ីរី៖ អ្នកនាំពាក្យម្នាក់របស់លោកកូហ្វី អាណាន់ ប្រេសីតអន្តរជាតិបាននិយាយថាបេសកកម្មនេះ «នឹងចាប់ផ្តើមតាំងទីបញ្ជាការធំនិងទាក់ទងជាមួយរដ្ឋាភិបាលស៊ីរីនិងកងកម្លាំងប្រឆាំងដើម្បីឱ្យភាគីទាំងពីរយល់ឱ្យបានសព្វគ្រប់អំពីមុខនាទីនៃពួកអ្នកសង្កេតការអង្គការសហប្រជាជាតិ។
អ៊ីរ៉ង់៖ រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់បាននិយាយថារដ្ឋាភិបាលក្រុង Teheran ប្រុងប្រៀបស្រេចហើយដើម្បីដោះស្រាយកង្វល់អំពីកម្មវិធីបរមាណូរបស់ផងខ្លួនជាថ្នូរនឹងការន្ធូរបន្ថយការដាក់ទ័ណ្ឌកម្ម។