កងកម្លាំងយោធាហ្វីលីពីននិងស.រ.អ. នៅថ្ងៃច័ន្ទនេះបានបើកសមយុទ្ធយោធា១២ថ្ងៃ ចំពេលដែលមានភាពតានតឹងនៅលើសមុទ្រចិនខាងត្បូង។
មេបញ្ជាការពីភាគីទាំងសង្ខាងបានបើកការហាត់ហ្វឹកហ្វឺនយោធាដោយបើកពិធីតាមផ្លូវការនៅក្នុងក្រុងម៉ានីលដោយមេបញ្ជាការយោធាហ្វីលីពីន Jessie Dellosaព្រមានដោយមិននិយាយចំអំពី ការគំរាមកំហែងដោយ «រឿងអន្ដរជាតិមួយចំនួន»។
មេបញ្ជាការយោធាហ្វីលីពីននោះមិនបានបង្ហាញការគំរាមនោះទេ តែកាលពីសប្ដាហ៍មុន នាវាចិនបានរាំងខ្ទប់នាវាចម្បាំងហ្វីលីពីនមិនឲ្យចូលទៅចាប់នាវាចាប់ត្រីច្រើនគ្រឿងរបស់ចិននៅលើសមុទ្រចិនខាងត្បូង។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
ខ្មែរ-ចិន៖ យោងទៅតាមទីភ្នាក់ងារព័ត៌មាន ស៊ីនហួ ទីប្រឹក្សារដ្ឋចិន លោក តៃ បាំងគួរ បានចូលទៅគាល់អតីតព្រះមហាក្សខ្មែរ នរោត្ដម សីហនុ និងព្រះមហាក្សត្រីយ៍ នរោត្ដម មុន្នីនាថ នៅក្នុងក្រុងប៉េកាំង ប្រទេសចិន។
ឥណ្ឌូនេស៊ី៖ ទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វប៉េ សរសេរថា ការរញ្ជួយផែនដីកម្រិត ៥,៧ បានធ្វើឲ្យកក្រើកតំបន់ឆ្នេរសមុទ្រនៃប្រទេសឥណ្ឌូនេស៊ីនៅលើកោះស៊ូមាត្រាកាលពីថ្ងៃច័ន្ទ តែគេមិនឃើញមានសេចក្ដីរាយការណ៍និយាយអំពីការខូចខាតទេ។ នេះបើយោងទៅតាមទីភ្នាក់ងារភូគុព្ភសាស្រ្ដ។
អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក ហាមិដ កាសៃ ថ្លែងថា ក្រុមប្រយុទ្ធនិយមជ្រុល បានបើកការវាយប្រហារផ្ទួនៗគ្នាទូទាំងប្រទេសអាហ្វហ្គានីស្ថាន ដោយសារតែការខកខានមិនបានទទួលយកព័ត៌មានសម្ងាត់ ជាពិសេសពីសំណាក់ អង្គការអូតង់ហើយនិងពីប្រទេសរបស់លោកដែរ។
អូស្ត្រាលី៖ ប្រទេសអូស្រាលីបានប្រកាសនៅថ្ងៃច័ន្ទនេះថា នឹងដកចេញនូវការដាក់ទណ្ឌកម្មខ្លះមកលើប្រទេសភូមាក្នុងការឆ្លើយតបទៅនឹងការកែទម្រង់របស់រដ្ឋាភិបាលភូមាធ្វើឡើងកាលពីឆ្នាំមុន។
កូរ៉េខាងជើង៖ បណ្ដាញព័ត៌មានរដ្ឋចិនអំពាវនាវដល់ពិភពលោកឲ្យលើកទឹកចិត្ដការប្រែប្រួលនៅក្នុងប្រទេសកូរ៉េខាងជើង ដោយបាននិយាយថា សន្ទរកថាទៅកាន់សាធារណជនរបស់មេដឹកនាំថ្មី គីម ចុងអ៊ុន ជាសញ្ញាបង្ហាញថា រដ្ឋកុម្មុយនីស្ដនិយមស្ដាលីន តែលតោលតែឯកឯងនោះ មានចិត្ដចង់ពាក់ព័ន្ធជាមួយប្រទេសដទៃ។
កូរ៉េខាងជើង៖ អ្នកការទូតអ.ស.ប. ថ្លែងថានឹងប្រកាសសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្ដិសុខអ.ស.ប.នៅថ្ងៃច័ន្ទនេះ ដើម្បីថ្កោលទោសការប៉ុនប៉ងរបស់កូរ៉េខាងជើងដើម្បីបាញ់បង្ហោះកាំជ្រួចរង្វង់ឆ្ងាយកាលពីសប្ដាហ៍មុន។
ស៊ីរី៖ ក្រុមអ្នកសង្កេតការណ៍៦នាក់របស់អ.ស.ប. នឹងចាប់ផ្ដើមការតាមឃ្លំាមើលបទឈប់បាញ់គ្នា មួយដែលមិននឹងនរនៅក្នុងប្រទេសស៊ីរីចំពេលដែលក្រុមសកម្មជននិយាយថា ទាហានរដ្ឋាភិបាលនៅតែបន្ដបាញ់ទម្លាក់គ្រាប់ផ្លោងមកលើតំបន់កាន់កាប់ដោយក្រុមបះបោរ នៅក្នុងទីក្រុងហូមស៍ហើយនៅមានការប៉ះទង្គិចគ្នាជាច្រើនកន្លែង។
ទីម័រខាងកើត៖ ពលរដ្ឋនៃប្រទសទីម័រខាងកើត បានធ្វើការបោះឆ្នោតជាលើកទីពីរកាលពីថ្ងៃច័ន្ទនេះ ដើម្បីជ្រើសតាំងអតីតមេដឹកនាំម្នាក់ក្នុងចំណោមពីរនាក់ដែលបានតស៊ូដើម្បីឯករាជ្យនៅក្នុងសង្រ្គាមនៅអតីតកាល។
ចិន៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិនបានអំពាវនាវដល់រដ្ឋាភិបាលក្រុងប៉េកាំងឲ្យដោះលែងមេធាវីការពារសិទ្ធិមនុស្ស ដែលពិការ លោក នី យូឡង់ និង ស្វាមីដែលបានត្រូវចាប់ដាក់គុកតាមបទបង្កភាពច្របូកច្របល់និងប្រព្រឹត្ដការកេងបន្លំ។