មេដឹកនាំពីប្លុកប្រទេសប្រាំដែលមានសេដ្ឋកិច្ចលូតលាស់ដ៏ធំបំផុតក្នុងពិភពលោក ហៅកាត់ថា BRICS កំពុងធ្វើចលនាឆ្ពោះទៅរកការបង្កើតធនាគារអភិវឌ្ឍន៍រួមគ្នាមួយ។
ប្លុកប្រទេសប្រាំនេះមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិង អាហ្វ្រិកខាងត្បូង បានបញ្ចប់សន្និសីទកំពូលរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ នៅក្រុង ញូដេលី ដោយបានអំពាវនាវឲ្យមានរចនាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិមួយដែលតំណាងប្រទេសរបស់ខ្លួនជាងមុន។
នាយកសេដ្ឋវិទូ រ៉ាជីវ បីសវ៉ាស នៃនៃវិទ្យាស្ថានទស្សនៈពិភពលោក (IHS Global Insight) នៅ សិង្ហបូរី បានប្រាប់វីអូអេកាលពីថ្ងៃព្រហស្បត៍ថា ធនាគារបែបនេះមួយអាចជួយទប់ទល់និងផលប៉ះពាល់ពីវិបត្តិប្រាក់បំណុលនៅក្នុងទ្វីបអឺរ៉ុបបានខ្លះ ហើយអាចស្វែងរកថវិកាឲ្យបានគ្រប់គ្រាន់សម្រាប់ផ្តល់ដល់ការលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ។
ថៃ៖ ទីភ្នាក់ងារទេសចរណ៍មួយដែលមានឈ្មោះថា រេឌីទួរ ៩៩៩ (Redtour 999) បានផ្សាយពី ការរៀបចំដំណើរទេសចរណ៍ឱ្យក្រុមអាវក្រហមទៅប្រទេសកម្ពុជាចំនួនបីថ្ងៃក្នុងពេលបុណ្យចូលឆ្នាំខ្មែរ ដើម្បីជួបជាមួយនឹងលោក ថាក់ស៊ីនស្ហ៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃ ដែលកំពុងភៀសខ្លួនគេចពីការចាប់ដាក់ពន្ធនាគារ នៅថ្ងៃទី១៤ខែមេសាក្នុងខេត្តសៀមរាប។
ជប៉ុន៖ ទីភ្នាក់ងារ ជីជី (Jiji) របស់ជប៉ុនរាយការណ៍ថារដ្ឋាភិបាលជប៉ុននឹងផ្តល់ប្រាក់កម្ចីប្រហែលជា ៨៦.៥លានដុល្លារដល់ប្រទេសកម្ពុជា ដើម្បីប្រើប្រាស់សម្រាប់ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិងស្តារប្រព័ន្ធបង្ហូរទឹកសម្អុយ នៅក្នុងខេត្តសៀមរាបប្រទេសកម្ពុជា។
វៀតណាម៖ ទីភ្នាក់ងារ VNA របស់វៀតណាម បានរាយការណ៍ថា ប្រទេសកម្ពុជានិងវៀតណាមបានចុះហត្ថលេខាលើអនុស្សារណៈស្តីពីការយោគយល់គ្នាមួយដើម្បីផ្តោះប្តូរព័ត៌មានទាក់ទងនឹងការលប់លាងលុយកខ្វក់និងការផ្តល់មូលនិធិរបស់ក្រុមភេរវករ។ កិច្ចសហប្រតិបត្តិការនេះនឹងអនុញ្ញាតឱ្យទីភ្នាក់ងារស៊ើបអង្កេតខាងផ្នែកហិរញ្ញវត្ថុនៃប្រទេសទាំងពីរ ប្តូរបទពិសោធគ្នា ទាក់ទងនឹងការតាមដាន ទប់ស្កាត់ និងលុបបំបាត់ ការលាងលុយកខ្វក់និងផ្តល់មូលនិធិរបស់ក្រុមភេរវករក្នុងប្រទេសទាំងពីរ។
ជប៉ុន៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុន លោក ថូស៊ីអូ អូហ្គាវ៉ា បានបញ្ជាក់ពីសេចក្តីសម្រេចរបស់តុលាការថា ឃាតករបីនាក់ត្រូវបានគេនាំយកទៅប្រហារជីវិតដោយព្យួរក ក្នុងប្រទេសជប៉ុន – ជាលើកទីមួយដែលទោសប្រហារជីវិតត្រូវបានអនុវត្តក្នុងពេលជិតពីរឆ្នាំកន្លងទៅនេះ ដោយលោកបានច្រានចោលការរិះគន់របស់អង្គការការពារសិទ្ធិមនុស្ស។
សហរដ្ឋអាមេរិក៖ បេក្ខជនប្រធានាធិបតីអាមេរិកនៃគណបក្សសាធារណរដ្ឋ លោក មីត រ៉ូមនី បានទទួលការគាំទ្រដ៏សំខាន់មួយកាលពីថ្ងៃព្រហស្បត៍ ពីលោកអតីតប្រធានាធិបតី George H.W. Bush និងការគាំទ្រសំខាន់មួយទៀតនៅថ្ងៃពុធ ពីលោក ម៉ាកូ រ៉ូបលីអូ សមាជិកព្រឹទ្ធសភានៃរដ្ឋ ផ្លរីដា។ លោករ៉ូមនី ជាតារាថ្មីម្នាក់ដែលកំពុងឡើងប្រជាប្រិយភាពក្នុងគណបក្សសាធារណរដ្ឋ និងជាអ្នកដែលមនុស្សជាច្រើននាក់ចាត់ទុកលោកថា អាចក្លាយជាបេក្ខជនអនុប្រធានាធិបតីរបស់គណបក្ស។
ស៊ីរី៖ អំពើហិង្សាពាសពេញស៊ីរី បានសម្លាប់មនុស្ស២២នាក់ ភាគច្រើនជាជនស៊ីវិល នៅពេលដែលមេដឹកនាំអារ៉ាប់ នៅក្នុងសន្និសីតកំពូលមួយនៅរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់ បានគាំទ្រផែនការសន្តិភាព ដែលផ្តោតការយកចិត្តទុកដាក់ទៅលើការដោះស្រាយវិបត្តិរយៈពេលមួយឆ្នាំរបស់ស៊ីរី។ មានជនស៊ីវិលយ៉ាងតិច១៦នាក់បានសម្លាប់ដោយកងទ័ពលោកបាសាទ អាលអាសាទ នៅក្នុងការវាយលុកក្នុងទីតាំងរបស់ពួកប្រឆាំងនៅស៊ីរី ភាគកណ្តាលនិងខេត្ត អាយឌីលីប នៅភាគខាងជើង កាលថ្ងៃព្រហស្បត៍។
ម៉ាលី៖ គណប្រតិភូមួយរបស់ប្រធានាធិបតីនៃប្រទេសក្នុងទ្វីបអាហ្វ្រីកភាគខាងលិច គឺលោកប្រធានាធិបតី អាឡាសានី អូតារ៉ា (Alassane Outtara) នៃប្រទេស ហ្គូតេ ដឺហ្វរ (Cote d'Ivoire) បានបោះបង់ចោលផែនការដើម្បីទៅជួបជាមួយមេដឹកនាំយោធា Junta នៃប្រទេស ម៉ាលី (Mali) ក្រោយពីមានបាតុកម្មគាំទ្ររដ្ឋប្រហារនៅចំណតយន្តហោះ និងនៅក្នុងរដ្ឋធានី។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានអំពាវនាវឲ្យមានការបញ្ចប់ប្រាក់ជំនួយខាងពន្ធដារ សម្រាប់ក្រុមហ៊ុនប្រេង ដោយលោកថ្លែងថា ក្រុមហ៊ុនទាំងនេះបានទទួលប្រាក់ចំណេញដ៏ច្រើនជាឯតទគ្គ នៅពេលដែលជនជាតិអាមេរិកាំងកំពុងមានបញ្ហាត្រដាបត្រដួសនឹងប្រេងសាំងឡើងថ្លៃ។