តុលាការកំពូលអាមេរិកបានបើកសវនាការក្នុងថ្ងៃទីបី ដែលជាថ្ងៃបញ្ចប់ កាលពីថ្ងៃពុធនេះ ស្តីពីច្បាប់កំណែទម្រង់កម្មវិធីថែទាំសុខភាពរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា។
ការពិភាក្សាដេញដោលគ្នាបានពិនិត្យមើលបញ្ហាថាតើច្បាប់នេះគួរទុកនៅឬទេ បើសិនជាមាត្រាដ៏សំខាន់មួយ ត្រូវតុលាការកំពូលសម្រេចសេចក្តីថាមិនត្រឹមត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញ។
មាត្រានេះ ហៅថា «បញ្ញត្តិបុគ្គល» ដែលតម្រូវឲ្យជនជាតិអាមេរិកាំងទិញធានារ៉ាប់រងសុខភាព បើមិនដូច្នោះទេនឹងត្រូវពិន័យជាប្រាក់។ ក្រុមអ្នកគាំទ្រនិយាយថា បញ្ញត្តិនេះជាការចាំបាច់ ដើម្បីជួយចែករំលែកប្រាក់ចំណាយទៅលើការថែទាំសុខភាព ក្នុងចំណោមពលរដ្ឋអាមេរិកាំងគ្រប់រូប ជាពិសេសមនុស្សដែលមានសុខភាពល្អ ដែលប្រហែលមិនចង់ទិញការធានារ៉ាប់រងសុខភាព ដើម្បីជួយរំលែកជាមួយពលរដ្ឋអាមេរិកាំងជាង៣០លាននាក់ទៀត ដែលគ្មានការធានារ៉ាប់រងសុខភាព។
តែរដ្ឋចំនួន២៦ និងក្រុមពាណិជ្ជកម្ម បានប្រឆាំងជំទាស់និងច្បាប់នេះ ដោយតវ៉ាថា ការតម្រូវនេះ ជាការពង្រីកអំណាចរដ្ឋាភិបាលសហព័ន្ធហួសពីច្បាប់រដ្ឋធម្មនុញ្ញ។
ចិន៖ បានរិះគន់គណកម្មាធិការមួយរបស់ព្រឹទ្ធសភាអាមេរិកចំពោះការអនុម័តសេចក្តីសម្រេចមួយដែលបាននិយាយថា គណកម្មាធិការសំដែងមរណៈទុក្ខចំពោះជនជាតិទីបេត៍ ដែលបានដុតសម្លាប់ខ្លួន នៅក្នុងបាតុកម្មមួយចំនួនដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន ក្នុងពេលមួយឆ្នាំនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហុង ឡី បានថ្លែងនៅក្រុង ប៉េកាំង កាលពីថ្ងៃពុធថា សមាជិកព្រឹទ្ធសភាខ្លះបាន«យល់ខុសអំពីរឿងត្រូវនិងខុស» ក្នុងការអនុម័តសេចក្តីសម្រេចចិត្តកាលពីថ្ងៃអង្គារ នៅក្នុងគណកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភា។
សេចក្តីសម្រេចចិត្តរបស់ព្រឹទ្ធសភាអាមេរិក និយាយថាគណកម្មាធិការសំដែងសេចក្តីសោកស្តាយចំពោះ«នយោបាយសង្កត់សង្កិនដែលតម្រង់ទៅរកទៅរកជនជាតិទីបេត៍» ហើយបានអំពាវនាវឲ្យក្រុង ប៉េកាំង «ចាប់ផ្តើមកិច្ចចរចាជាមួយមេដឹកនាំពុទ្ធសាសនារបស់ទីបេត៍ ដោយរួមទាំង សម្តេចដាឡៃ ឡាម៉ា មេដឹកនាំសាសនានិរទេសផង។
ស៊ីរី៖ សកម្មជនសិទ្ធិមនុស្សស៊ីរី និយាយថា កងកម្លាំងរដ្ឋាភិបាលបានវាយប្រហារទៅលើទីតាំងជាច្រើនរបស់ពួកឧទ្ទាម បណ្តាលឲ្យមានការប្រយុទ្ធគ្នាដែលបានសម្លាប់មនុស្ស ១៣ នាក់ នៅចំពេលដែលអារ៉ាប់ បានចាប់ផ្តើមកិច្ចប្រឹងប្រែងការទូតថ្មីមួយ ដើម្បីបញ្ចប់ជម្លោះមួយឆ្នាំរបស់ប្រទេសនេះ។
បារាំង៖ បានឲ្យដឹងថាខ្លួនបានត្រៀមខ្លួនជាស្រេចហើយដើម្បីបញ្ចេញប្រេងយុទ្ធសាស្រ្តបម្រុងរបស់ខ្លួន ដែលអាចជាកិច្ចប្រឹងប្រែងរួមមួយជាមួយអាមេរិកនិងអង់គ្លេស ដើម្បីទប់តម្លៃប្រេងឆៅមិនឲ្យឡើងថែមទៀត និងកាត់បន្ថយតម្លៃប្រេសាំង។
អ៊ីរ៉ង់៖ សមាជិកសភាជាន់ខ្ពស់អាមេរិកអំពាវនាវឲ្យរដ្ឋាភិបាលលោក អូបាម៉ា ប្រកាន់យកជំហរតឹងរ៉ឹងខ្លាំងឡើងជាមួយអ៊ីរ៉ង់ អំពីកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេហេរ៉ង់ ដោយចោទសំណួរថាតើការបន្ថែមទណ្ឌកម្មសេដ្ឋកិច្ចនឹងមានប្រសិទ្ធភាពឬទេ។
ប៉ាគីស្ថាន៖ អគ្គមេបញ្ជាការយោធាប៉ាគីស្ថាន បានជួបជាមួយមេបញ្ជាការកំពូលរបស់អាមេរិកជាលើកទីមួយ ចាប់តាំងពីមានការវាយប្រហារផ្លូវអាកាសរបស់អង្គការណាតូ កាលពីខែវិច្ឆិកាមុន ទៅលើបន្ទាយព្រំដែនមួយ ដែលបានសម្លាប់ទាហាន ប៉ាគីស្ថាន២៤នាក់ បណ្តាលឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ដល់កំរិតទាបបំផុត។
គុយបា៖ សម្តេចប៉ាប បេណេឌិក Pape Benedict បានជួបជាមួយអតីតមេដឹកនាំបដិវត្តប្រទេស គុយបា លោកហ្វីដែល កាស្ត្រូ បន្ទាប់ពីព្រះអង្គបានអំពាវនាវឲ្យមានសេរីភាពសាសនាច្រើនជាងមុននៅលើកោះនេះ។
ម៉ាលី៖ មនុស្សជាច្រើនពាន់នាក់ បានចេញដើរក្នុងរដ្ឋធានីប្រទេសម៉ាលី កាលពីថ្ងៃពុធ ដើម្បីសំដែងការគាំទ្រចំពោះក្រុមមេដឹកនាំយោធាផ្តាច់ការ ទោះជាការប្រឆាំងរបស់អន្តរជាតិទល់នឹងមេដឹកនាំរដ្ឋប្រហារកំពុងរីកកាន់តែធំឡើងក៏ដោយ។