កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ានិងពួកមេដឹកនាំពិភពលោកឯទៀតបានអំពាវនាវឱ្យមានវិធានការខ្លាំងក្លាសម្រាប់ប្រយុទ្ធប្រឆាំងការគំរាមកំហែងនៃភេរវកម្មបរមាណូ ដោយថ្លែងបិទសន្និសីទកំពូលនៃប្រទេសទាំង៥៣ដែលបានត្រូវគ្របដណ្តប់ដោយគម្រោងបង្ហោះកាំជ្រួចរបស់ប្រទេសកូរ៉េខាងជើង។
នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយមួយពីរដ្ឋធានីនៃប្រទេសកូរ៉េខាងត្បូង ពួកមេដឹកនាំទាំងនេះ ដែលរួមមានលោកប្រធានាធិបតីចិនហ៊ូ ជីនតាវ និងលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន យូស៊ូហ្វ រ៉ាហ្សា ជីឡានី ផងដែរបានអំពាវនាវឱ្យមានវិធានការដើម្បីកាត់បន្ថយការប្រើប្រាស់ខាងផ្នែកស៊ីវិលនៃសារធាតុអ៊ុយរ៉ាញ៉ូមសំរិទ្ធសំរាំងខ្ពស់ ដែលជាធាតុផ្សំសំខាន់មួយសម្រាប់ផលិតអាវុធបរមាណូ។
កាលពីថ្ងៃអង្គារ លោកប្រធានាធិបតីអូបាម៉ាបានមានប្រសាសន៍ថាសហគមន៍អន្តរជាតិត្រូវធ្វើ«ការខិតខំប្រឹងប្រែងដោយម៉ត់ចត់និងមាននិរន្តរភាព»ដើម្បីកាត់បន្ថយឃ្លាំងអាវុធបរមាណូក្នុងពិភពលោក។
អឺរ៉ុប៖ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍OECDបាននិយាយថា ប្លុកប្រទេសប្រើប្រាស់ប្រាក់អឺរ៉ូត្រូវការបង្កើតមូលនិធិសម្រាប់ជួយសង្គ្រោះធំជាងមុនសម្រាប់គ្រាមានអាសន្នខាងហិរញ្ញវត្ថុក្នុងពេលអនាគត ហើយត្រូវតែធំជាងមូលនិធិដែលប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសមានសដ្ឋកិច្ចធំជាងគេក្នុងទ្វីបអឺរ៉ុបព្រមទទួលយក។
គុយបា៖ សម្តេចប៉ាប បេណេឌិក បានសម្តែងការគោរពដល់សន្តីដែលគេជឿបំផុតក្នុងប្រទេសគុយបា ដោយព្រះអង្គបានមានបន្ទូលប្រាប់ពួកអ្នកស្តាប់ព្រះអង្គនិយាយថាព្រះអង្គបានសុំបួងសួងដល់សេចក្តីត្រូវការរបស់ជនដែលរងទុក្ខវេទនានិងជនដែលគ្មានសេរីភាព។
ប៉ាគីស្ថាន៖ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ាបានមានប្រសាសន៍ថាការពិនិត្យសើរើជាថ្មីលើទំនាក់ទំនងជាមួយប៉ាគីស្ថានមិនគួរគោរពតែអធិបតេយ្យភាពនៃប្រទេសនេះប៉ុណ្ណោះទេ តែក៏ត្រូវតែគោរពដល់សេចក្តីត្រូវការខាងសន្តិសុខរបស់អាមេរិកផងដែរ។
រុស្ស៊ី៖ កាលពីថ្ងៃអង្គារ លោកប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ាបានបំភ្លឺអំពីការកត់សម្គាល់ផ្ទាល់ខ្លួនស្តីពីកិច្ចការពារកាំជ្រួចទៅកាន់លោកប្រធានាធិបតីរុស្សី ឌីមីទ្រី មេឌ្វេដេវ ដែលគេបានឮដោយសារមីក្រូហ្វូនមួយបានបើកដោយអចេតនា។
ស៊ីរី៖ លោក ខួហ្វី អាណាន់ ប្រេសីតសន្តិភាពអន្តរជាតិបានមានប្រសាសន៍ថារដ្ឋាភិបាលស៊ីរីបានទទួលយកផែនការរបស់លោកដើម្បីដោះស្រាយការបះបោររបស់ក្រុមប្រឆាំងក្នុងប្រទេសដែលមានរយៈពេលមួយឆ្នាំមកហើយ។ តែការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលនិងពួកឧទ្ទាមនៅតែបន្ត។
ស៊ូដង់ខាងត្បូង៖ បានចោទប្រកាន់ប្រទេសស៊ូដង់ថាបានធ្វើការវាយប្រហារតាមអាកាសក្នុងថ្ងៃទីពីរទៅលើដែនដីសំបូរប្រេងនៅតាមបណ្តោយព្រំដែនមានជម្លោះរបស់ពួកគេ មួយថ្ងៃនៅក្រោយការប្រឈមមុខខាងយោធាដោយផ្ទាល់មួយដែលមិនសូវមានរវាងប្រទេសជាគូប្រជែងគ្នាទាំងពីរនេះ។