ការខ្វែងគំនិតគ្នារវាងចៅក្រមនៃតុលាការកាត់ក្ដីខ្មែរក្រហម បានផ្ទុះឡើងនៅថ្ងៃច័ន្ទនេះ ដោយចៅក្រមខ្មែរស្វាគមន៍ការលាលែងចេញពីតំណែងរបស់សមភាគីជាតិអឺរុបដែលបានថ្អូញថ្អែរថា មានការជ្រៀតជ្រែកមិនសមរម្យមកលើការស៊ើបអង្កេត។
សហចៅក្រមស៊ើបអង្កេតខ្មែរ លោក យូ ប៊ូនឡេង នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏វែងអន្លាយ ថ្លែងថា លោកមានជំនឿច្បាស់ថា ការលាលែងចេញពីតំណែងរបស់ចៅក្រមស្វ៊ីស លោក ឡូរ៉ង់ កាស្ពែរ អង់ស៊ែរម៉េ (Laurent Kaspar-Ansermet) បង្ហាញថា លោក«ទទួលខុសត្រូវចំពោះកំហុសឆ្គងវិជ្ជាជីវៈ ដ៏ដូចជាកំហុសឆ្គងនីតិវិធី»។
កាលពីសប្ដាហ៍មុន លោកអង់ស៊ែរម៉េថ្លែងថា លោកមិនអាចបន្ដកិច្ចការរបស់លោកបានទេ ដោយសារតែមានការប្រឈមមកលើកិច្ចការរបស់លោកពីសំណាក់លោក យូ ប៊ុនឡេង។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
ចិន-អាមេរិក៖ មន្ដ្រីស.រ.អ.ថ្លែងថា ស.រ.អ.និងប្រទេសចិនយល់ព្រមនឹងសហការគ្នាដើម្បីឆ្លើយតបទៅនឹងការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង ដែលជារឿងគ្របដណ្ដប់មកលើសន្និសីទកំពូលអំពីសន្ដិសុខនៅក្នុងក្រុងសេអ៊ូល។ប្រធានាធិបតី បារាក់ អូបាម៉ា បានជួបពិភាក្សាជាមួយប្រធានាធបតីចិន លោក ហ៊ូ ជីនតាវ កាលពីថ្ងៃច័ន្ទ នៅក្រៅកិច្ចប្រជុំកំពូលរវាងប្រទេស៥៣ អំពីសន្ដិសុខនុយក្លេអ៊ែរ ក្នុងរដ្ឋធានីសេអ៊ូលប្រទេសកូរ៉េខាងត្បូង។
គេរំពឹងថា មេដឹកនាំប្រទេសទាំងពីររូបនឹងពិភាក្សាគ្នាអំពីរឿងទ្វេភាគី រាប់ទាំងកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ងនិងកូរ៉េខាងជើង។
កូរ៉េខាងត្បូង៖ មេដឹកនាំប្រទេស ៥៣បានចាប់ផ្ដើមបើកសន្និសីទកំពូលពីរថ្ងៃក្នុងក្រុងសេអ៊ូល ដោយគេមានការព្រួយបារម្ភអំពីពេលកំណត់នៃការបាញ់បង្ហោះកាំជ្រួចមិស៊ីល។ គោលដៅនៃសន្និសីទកំពូលពីរថ្ងៃនៅក្នុងថ្ងៃច័ន្ទនេះក្នុងក្រុងសេអ៊ូលគឺ ធានាថា សម្ភារៈនុយក្លេអ៊ែរមិនត្រូវធ្លាក់ចូលក្នុងដៃរបស់ភេរវជនទេ។
កូរ៉េខាងជើង៖ រដ្ឋមន្ដ្រីការពារប្រទេសនៃប្រទេសកូរ៉េខាងត្បូងថ្លែងនៅថ្ងៃច័ន្ទនេះថា កូរ៉េខាងត្បូងកំពុងរៀបចំប្រុងប្រៀបបាញ់ទម្លាក់កាំជ្រួចរបស់កូរ៉េខាងជើង ប្រសិនបើវា ហោះចូលក្នុងដែនអាកាសកូរ៉េខាងត្បូង ក្នុងអំឡុងពេលការបាញ់បង្ហោះ ដែលគេគ្រោងធ្វើនៅខែក្រោយ។
អាមេរិក-រុស្ស៊ី៖ ប្រធានាធិបតី បារាក់ អូបាមា ថ្លែងថា នៅមានកន្លែងចន្លោះសម្រាប់កិច្ចព្រមព្រៀងមួយទៀត នៃការកាត់បន្ថយអាវុធបរិមាណូជាមួយរុស្ស៊ី។ ក្រោយពីបានចរចាគ្នាជាមួយប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev នៅក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃច័ន្ទ លោកអូបាមាថ្លែងថា ប្រទេសទាំងពីរអាចបន្ដឲ្យមានការជឿនលឿនទៅមុខនូវការកាត់បន្ថយចំនួនឃ្លាំងអាវុធបរិមាណូ។
អាហ្វហ្គានីស្ថាន៖ អង្គការអូតង់ (Nato) និយាយថា មនុស្សម្នាក់ស្លៀកពាក់ឯកសណ្ឋានទាហានអាហ្វហ្គានីស្ថានបានបាញ់កាំភ្លើងមកលើកងកម្លាំងចម្រុះនៅតំបន់ភាគខាងត្បូង ដោយបានសម្លាប់ទាហានពីរនាក់។
ស៊ីរី៖ ប្រទេសតួកគីបានបិទទ្វារស្ថានទូតរបស់ខ្លួនប្រចាំប្រទេសស៊ីរី ដោយសារអ្វីមួយដែលមន្ដ្រីតួកគីនិយាយថាជាស្ថានការសន្ដិសុខកាន់តែធ្ងន់ធ្ងរ។
សេណេហ្គាល់៖ បេក្ខជននៃគណបក្សជំទាស់លោក Macky Sall ថ្លែងថា យុគថ្មីមួយបានចាប់ផ្ដើមនៅក្នុងប្រទេសសេណេហ្គាល់ ក្រោយពីលោកទទួលជ័យជម្នះក្នុងការបោះឆ្នោតវគ្គទីពីរ ក្នុងការជ្រើសតាំងប្រធានាធិបតី។
គុយបា៖ ខណៈដែលមេដឹកនាំនិកាយវិហាររូម៉ង់កាតូលិក (Roman Catholic Church)ធ្វើដំណើរមកដល់ប្រទេសគុយបានៅថ្ងៃច័ន្ទ ក្រុមសកម្មជននៅមានសេចក្ដីសង្ឃឹមថានឹងអាចបង្ហាញទស្សនៈរបស់ខ្លួន អំពីរដ្ឋាភិបាលកុម្មុយនីស្ដនេះ។
អាមេរិក៖ ច្បាប់ថែទាំសុខភាពមួយរបស់ប្រធានាធិបតី បារាក់ អូបាមា ដែលធ្វើឲ្យមានការខ្វែងគំនិតគ្នា បានធ្វើមកដល់តុលាការកំពូលនៅថ្ងៃច័ន្ទនេះ ខណៈដែលក្រុមជំទាស់បានថ្លែងអះអាងថា វិធានការដូច្នោះជាការបំពានលើរដ្ឋធម្មនុញ្ញ ហើយជាន់ឈ្លី សេរីភាពបុគ្គល។
ទីបេតិ៍៖ ជនជាតិទីបេតិ៍ម្នាក់បានយកភ្លើងមកដុតខ្លួនឯង នៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនទៅឥណ្ឌា។ ជននោះបានត្រូវភ្លើងឆេះទ្រលោមនៅថ្ងៃច័ន្ទនេះ ក្នុងក្រុងញូវដែលី មុននឹងមិត្ដភក្ដិចូលមកពន្លត់ភ្លើង។
ស៊ីរី៖ សេតវិមាននិយាយថា ប្រធានាធិបតី បារាក់ អូបាមា កំពុងពិចារណាផ្ដល់ជំនួយដែល«មិនសម្លាប់មនុស្ស» ដល់ក្រុមបះបោរស៊ីរីដែលកំពុងតស៊ូប្រឆាំងនឹងមេដឹកនាំកាន់អំណាចផ្ដាច់ការ លោក Bashar al Assad។
គុយបា៖ ប្រធានាធិបតីនៃប្រទេស វ៉េណេស៊ុយអេឡា លោក Hugo Chavez បានវិលត្រឡប់មកប្រទេសគុយបាវិញដើម្បីព្យាបាលជំងឺមហារីកក្នុងវគ្គទីពីរ។ លោកបានជួបពិភាក្សាជាមួយប្រធានាធិបតីគុយបា លោក Raul Castro កាលពីយប់ថ្ងៃសៅរ៍នៅក្នុងអាកាសយានដ្ឋាន ឡាហាវ៉ាន (Havanna)។