ប្រទេសកូរ៉េខាងជើងបានប្រកាសនៅថ្ងៃសៅរិ៍នេះថាខ្លួន នឹងបើកសម័យប្រជុំសភាប្រចាំឆ្នាំនៅខែក្រោយប្រហាក់ប្រហែលពេលវេលានៃផែនការបាញ់បង្ហោះកាំជ្រួចរ៉ុកកែតដែលបានបណ្តាលឲ្យមានការថ្កោលទោសយ៉ាងខ្លាំង។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើងរាយការណ៍ថាសភាកំពូលប្រជាជននឹងបើកសម័យប្រជុំនៅថ្ងៃទី១៣ ខែមេសា។ អ្នកវិភាគ និយាយថាសភាទំនងនឹងដំឡើង លោក គីម ជុង អ៊ុន (Kim Jong Un) ដែលជាមេដឹកនាំប្រទេសនេះឲ្យធ្វើជាប្រធានគណៈកម្មការការពារប្រទេស ជាតំណែងមួយដែលបានកាន់កាប់ដោយ លោក គីម ជុង អ៊ីល (Kim Jong Il) ជាឪពុកដែលបានស្លាប់នៅខែធ្នូឆ្នាំទៅ។
ទីភ្នាក់ងារព័តមានក៏បានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងដែលបាននិយាយថាការបាញ់បង្ហោះផ្កាយរណបជាការអនុវត្តនូវសិទ្ធិឯករាជ្យនិងច្បាប់ដែលស្របនឹងច្បាប់អន្តរជាតិ។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងៗទៀត៖
ស.រ.អា៖ សន្និសីទកំពូលនុយក្លេអ៊ែរចុងក្រោយបានធ្វើនៅរដ្ឋធានីវ៉ាស៊ីនតោន (Washington) នៅឆ្នាំ២០១០។ សន្និសិទនេះបាននាំប្រទេស៤៧និងអង្គការ៣មកជួបជុំគ្នា។ នៅសន្និសីទកំពូលនេះ មេដឹកនាំដែលចូលរួមបានព្រមព្រៀងធ្វើការជាមួយគ្នាឆ្ពោះទៅកាន់គោលដៅការពារឧបករណ៍នុយក្លេអ៊ែរប្រកបដោយគ្រោះថ្នាក់ទាំងអស។អាមេរិកឡាទីន៖ សម្តេចប៉ាប បេនេឌីក (Pope Benedict) បានជួបជាមួយប្រធានាធិបតី ហ្វឺលីផេ ខាលដឺរុន (Felipe Calderon) នៃប្រទេសម៉ិកស៊ិកនៅថ្ងៃសៅរិ៍នេះ នៅពេលដែលមេដឹកនាំបព្វជិតរ៉ូម៉ាំងកាតូលិក (Roman Catholic) អង្គនេះ បំពេញដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃទៅកាន់តំបន់អាមេរិកឡាទីនដែលគាត់ក៏នឹងបំពេញទស្សនកិច្ចក្នុងប្រទេសគុយបាផងដែរ។
ឥណ្ឌូណេស៊ី/ចិន៖ លោក ស៊ូស៊ីឡូ យូដូយូណូ (Susilo Yudhoyono) ប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៊ីបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃទៅកាន់រដ្ឋធានីប៉េកាំង ដែលជាទីកន្លែងលោកបានជួបជាមួយប្រធានាធិបតីចិន ហ៊ូ ជីនតាវ (Hu Jintao)។
ឥណ្ឌា៖ ពួកមន្រ្តីឥណ្ឌា និយាយថាពួកឧទ្ទាមម៉ៅនិយមបានចាប់ជំរិតតំណាងរាស្រ្តម្នាក់នៅក្នុងរដ្ឋ អូរីសា (Orrisa) នាភាគខាងកើតដែលជាទីកន្លែងដែលជនជាតិអ៊ីតាលី២នាក់បានត្រូវពង្រត់ដោយពួកឧទ្ទាមកាលពីសប្តាហ៍មុន។
ស.រ.អា/អេហ្ស៊ីប៖ លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បានចុះហត្ថលេខាអនុញ្ញាតិឲ្យមានការផ្តល់ជំនួយយោធាប្រចាំឆ្នាំដែលមានទឹកប្រាក់ 1,3 ពាន់លានដុល្លារដល់ប្រទេសអេហ្ស៊ីប ទោះបីជាមានការព្រួយកង្វល់ថាប្រទេសនេះមិនបានធ្វើឲ្យមានកំណែទម្រង់តាមបែបប្រជាធិបតេយ្យក៏ដោយ។
ម៉ាលី៖ មេដឹកនាំរដ្ឋប្រហារនៃប្រទេសម៉ាលី លោក អាម៉ាឌូ សានូហ្គូ (Amadou Sanogo) បានប្រកាសប្រឆាំងការប្លន់របស់ទាហាននិងប៉ូលីស ប៉ុន្តែបានច្រានចោលពីការទទួលខុសត្រូវរបស់កូនទាហានលោក។
អវកាស៖ អាកាសយានិក៦នាក់នៅស្ថានីយអវកាសអន្តរជាតិ បានជ្រកនៅក្នុងបន្ទប់គេចខ្លួននៅថ្ងៃសៅរិ៍នេះនៅពេលដែលដុំកំទិចអវកាសប្រកបដោយគ្រោះថ្នាក់បានហោះមកកាន់តែជិត។