លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ាបានស្នើឈ្មោះលោក ជីម យុង គីម (Jim Yong Kim) ប្រធានមានដើមកំណើតកូរ៉េនៃមហាវិទ្យាល័យ ដាតមោទ (Dartmouth) ឱ្យកាន់តំណែងជាប្រធានធនាគារពិភពលោកជំនួសលោក រ៉ូប៊ីត ហ្សូលីខ (Robert Zoellick) ដែលបានប្រកាសអំពីការចុះចេញពីតំណែងរបស់លោកចាប់តាំងពីដំណាច់ខែមិថុនា។ នេះជាការភ្ញាក់ផ្អើលមួយ នៅពេលជនជាតិអាមេរិកាំងម្នាក់តែងតែកាន់តំណែងជាប្រធានធានាគារពិភពលោក។
លោកអូបាម៉ាបានមានប្រសាសន៍កាលពីថ្ងៃសុក្រថាលោក Kim មានគុណវុឌ្ឍិល្អ មានការពិសោធន៍សាកលដោយពិតប្រាកដ ដែលបានធ្វើការពីទ្វីបអាស៊ី ទៅដល់ទ្វីបអាហ្វ្រ៊ិក ដល់ទ្វីបអាមេរិក ពីរដ្ឋធានីដល់ភូមិតូចតាច។ ហើយនេះជានិមិត្តរូបមួយនៃភាពប្លែកៗគ្នារបស់ប្រជារាស្ត្រអាមេរិកាំង ជាមួយនឹងជំនាញទូលំទូលាយខាងការថែរក្សាសុខភាពនៅទូទាំងពិភពលោក។ លោកប្រធានាធិបតីបានបន្តមានប្រសាសន៍ថាលោកជាឧទាហរណ៍មួយនៃភាពប្លែកគ្នាដ៏ធំនៃប្រទេសរបស់យើង និងការពិតជាក់ស្ដែងដែលថានរណាក៏អាចសម្រេចបំណងបានដែរដរាបណាគេធ្វើការច្រើននិងជួយអ្នកឯទៀត។
ជប៉ុន៖ បាននិយាយថាខ្លួនប្រុងប្រៀបប្រព័ន្ធការពារនឹងកាំជ្រួចផ្លោងរបស់ខ្លូនហើយដើម្បីបាញ់ទម្លាក់កាំជ្រួចកូរ៉េខាងជើងណាមួយដែលគំរាមកំហែងទឹកដីជប៉ុន។
ចិន៖ និយាយថាខ្លួននឹងបំបាត់ចោលការយកសរីរាង្គមនុស្សពីពួកអ្នកទោសត្រូវប្រហារជីវិតក្នុងរយៈពេលពី៣ទៅ៥ឆ្នាំទៀត។
បារំាង៖ លោកនាយករដ្ឋមន្ត្រីបារាំង Francois Fillon បានច្រានចោលការចោទប្រកាន់ដែលថារដ្ឋាភិបាលលោកអាចបញ្ចៀសមិនឱ្យមានការបាញ់សម្លាប់ដោយអ្នកកាន់សាសនាអ៊ីស្លាមនិយមជ្រុលម្នាក់ដែលបានបណ្តាលឱ្យមនុស្ស៧នាក់ស្លាប់។
ម៉ាលី៖ សហភាពអាហ្វ្រ៊ិកបាននិយាយថាលោកប្រធានាធិបតីម៉ាលី អាម៉ាដូ ទួម៉ានី ទួរ (Amadou Toumani Toure) មានសុវត្ថិភាពមួយថ្ងៃក្រោយពីពួកទាហានប្រព្រឹត្តតាមតែអំពើចិត្តបានប្រកាសថាពួកគេបានទម្លាក់រដ្ឋាភិបាលរបស់លោកហើយ។
សហភាពអាហ្វ្រ៊ិក៖ នឹងបញ្ជូនទាហានបន្ថែម៥ពាន់នាក់ទៀតដើម្បីស្វែងរក ជួសេផ កូនី (Joseph Kony) មេដឹកនាំឧទ្ទាមរត់គេចខ្លួនដែលជាប្រធាននៃកងទ័ពតស៊ូរបស់ព្រះអាទិទេពដែលហៅកាត់ថា LRA។
រុស្ស៊ី៖ ឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសរុស្ស៊ី លោកមីឆែល ម៉ាក់ ហ្វល បាននិយាយថាលោកមានការភ្ញាក់ផ្អើល ដោយមនោសញ្ចេតនាប្រឆាំងនឹងអាមេរិកាំងដែលលោកបានជួបប្រទះ នៅពេលលោកកាន់តំណែងថ្មីរបស់លោក តែពួកមន្ត្រីរុស្ស៊ីនិងអាមេរិកាំងមិនចង់វិលត្រទ្បប់ទៅកាន់ភាពតានតឹងខាងការទូត នៅពេលមានការប្រកួតប្រជែងអាវុធបរមាណូកាលពីពាក់កណ្តាលសតវត្សរ៍ទី២០ទេ។
រុស្សី៖ លោកប្រធានាធិបតីរុស្សី ឌីមីទ្រី មេដវីដេវ (Dmitry Medvedev) បានមានប្រសាសន៍ថា ជិតអស់ពេលវេលាហើយសម្រាប់អាមេរិកដាក់ស្នើផែនការមួយដើម្បីឱ្យមានការយល់ព្រមពីរុស្ស៊ីដល់ប្រព័ន្ធការពារនឹងកាំជ្រួចផ្លោងរបស់អង្គការអូតង់ដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងទ្វីបអឺរ៉ុប។
គុយបា៖ សម្តេចប៉ាប បេនីឌីក (Benedict) បានមានបន្ទូលថាព្រះវិហារគ្រឹស្តសាសនា កាតូលីក (Catholic) ប្រុងប្រៀបជួយប្រទេស នេះឱ្យងាកចេញពីលទ្ធិកុម្មុយនិស្តដោយព្រះអង្គបានមានបន្ទូលថាមនោគមវិជ្ជាម៉ាស៊ីស លែងស៊ីគ្នានឹងការពិតជាក់ស្តែងហើយ។
ស៊ីរី៖ សហភាពអឺរ៉ុបបានដាក់ការហាមប្រាមមិនឱ្យធ្វើដំណើរ និងផ្អឹបទ្រព្យសម្បតិ្តទៅលើប្រពន្ធរបស់ប្រធានាធិបតី បាសារ អាល អាសាទ (Bashar al-Assad) ដែលកើតក្នុងប្រទេសអង់គ្លេសនិងសមាជិកមួយចំនួននៃគ្រួសារនិងរដ្ឋបាលរបស់លោកកាលពីថ្ងៃសុក្រ។