ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារំាង​បាន​បាញ់​សម្លាប់​ជន​ជាប់​សង្ស័យ​សម្លាប់​មនុស្ស​៧​នាក់


រូបភាព​ពីទូរទស្សន៍​បារាំង France 2 បង្ហាញ​ពីបុរស​ជនជាតិ​បារាំង​ដើមកំណើត​អាល់ហ្សេរី Mohamed Merah ដែល​ត្រូវបាន​សង្ស័យ​ពីបទ​បាញ់​ប្រហារ​នៅ ទូលូស្ស និង Montauban ដែល​បាន​សម្លាប់​មនុស្ស​ប្រាំពីរនាក់ ដោយរួម​មាន​ទាំង​កុមារ​បីរូបផង។ AFP PHOTO / FRANCE 2
រូបភាព​ពីទូរទស្សន៍​បារាំង France 2 បង្ហាញ​ពីបុរស​ជនជាតិ​បារាំង​ដើមកំណើត​អាល់ហ្សេរី Mohamed Merah ដែល​ត្រូវបាន​សង្ស័យ​ពីបទ​បាញ់​ប្រហារ​នៅ ទូលូស្ស និង Montauban ដែល​បាន​សម្លាប់​មនុស្ស​ប្រាំពីរនាក់ ដោយរួម​មាន​ទាំង​កុមារ​បីរូបផង។ AFP PHOTO / FRANCE 2

ជន​ជាប់​សង្ស័យ​ឈ្មោះ មូហាមីទ មឺរ៉ាហ អាយុ​២៣​ឆ្នាំ ដែល​ជាប់​សង្ស័យ​ពី​បទ​សម្លាប់​មនុស្ស​៧​នាក់​នៅ​ទី​ក្រុង​ ទូលូស្ស​ នៅ​ភាគ​ខាង​ត្បូងប្រទេស​បារាំង​ បាន​បាត់​បង់​ជីវិត​ បន្ទាប់​ពី​កង​កង​កុម៉្មង់ដូ​ បារាំង​បាន​វាយ​លុក​ចូល​ទៅ​ក្នុង​ផ្ទះ​ល្វែង​របស់​ជន​នេះ។

លោក​ ហ្វ្រាងកូ មូលីន រដ្ឋអាជ្ញា​បារាំង​ថ្លែង​ថា លោក មឺរ៉ាហ បាន​ត្រូវ​គ្រាប់​ចំ​ក្បាល​ស្លាប់​នៅ​លើ​ដី​ ដោយ​សារ​កាំភ្លើង​របស់​ប៉ូលីស នៅ​ពេល​លោក​លោត​ចេញ​តាម​បង្អួច​ ដៃ​កាន់​កាំភ្លើង​ ហើយ​នៅ​តែ​បាញ់​ជា​បន្ត។ លោក Claude Gueant​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ប៉ូលីស​បាន​ទទួល​ពាក្យ​បញ្ជា​ឲ្យ​ព្យាយាម​គ្រប់​មធ្យោបាយ​ដើម្បី​ចាប់​ខ្លួន​ជន​ជាប់​សង្ស័យ​ឲ្យ​នៅ​រស់​ជីវិត ហើយ​ឲ្យ​បាញ់​តែ​ក្នុង​ករណី​ការពារ​ខ្លួន​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ប៉ូលីស​បាន​បាញ់​ត​ទៅ​វិញ​ដើម្បី​ការពារ​ខ្លួន នៅ​ពេល​ជន​ជាប់​សង្ស័យ​បាន​ធ្វើ​ការ​បាញ់​យ៉ាង​ខ្លាំង​ពី​បន្ទប់​ទឹក ដែល​បង្កប៉ូលីស​ពីរ​នាក់​ត្រូវ​រង​របួស​នៅ​ក្នុង​ការ​បាញ់​គ្នា​នេះ។

កូរ៉េ​ខាង​ជើង៖ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គី មូន (Ban Ki-moon) នឹង​លើក​រឿង​នេះ​ទៅ​និយាយ​នៅ​ក្នុង​សន្និសីទ​កំពូល​ស្តី​អំពី​សន្តិសុខ​នុយគ្លេអ៊ែរនៅ​ទី​ក្រុង​សេអ៊ូល នៅ​សប្តាហ៍​ក្រោយ លើ​ផែនការ​របស់កូរ៉េ​ខាង​ជើង​ដែល​ចង់​បង្ហោះ​ផ្កាយ​រណប​មួយ​ចូល​ទៅ​ក្នុង​តារា​វិថី​ ដែល​ត្រូវថា​ជា​លេស​មួយ​សម្រាប់​ធ្វើ​ការ​សាក​ល្បង​ប្រព័ន្ធ​ដឹក​នាំ​អាវុធ​នុយគ្លេអ៊ែរ​មួយ​នោះ ជា​ការ​គំរាម​ដល់​សន្តិសុខ​ក្នុង​តំបន់ និង​ការ​រំលោភ​លើ​សេចក្តី​សម្រេច​ចិត្ត​មួយ​របស់​អង្គការ​សហប្រជាជាតិដែល​បាន​ហាម​ក្រុង​ព្យុងយ៉ាង មិន​ឲ្យ​ប្រើ​បច្ចេកវិជ្ជា​កាំជ្រួច​ផ្លោង​អន្តរទ្វីប​នោះ​ដែរ។

ចិន៖ ប្រទេស​ចិន​បាន​ការពារ​សេចក្តី​សម្រេច​ឃុំ​ខ្លួន​អ្នក​នេសាទ​ត្រី​ជាតិ​វៀតណាម​២១​នាក់​នៅ​ក្នុង​តំបន់​មាន​ជម្លោះ​មួយ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ នៅ​ជិត​កោះ​ ផារ៉ាសែល បន្ទាប់​ពី​វៀតណាម​បាន​អំពាវនាវ​ឲ្យ មាន​ការ​ដោះ​លែង «ជា​បន្ទាន់​និង​ដោយ​ឥត​លក្ខខ័ណ្ឌ» ហើយ​ថា​ការ​ចាប់​ខ្លួន​នេះ​ជា​ការ​«រំលោភ​ធ្ងន់​ធ្ងរ»​ទៅ​លើ​ការ​ទាម​ទារ​របស់​ខ្លួន​យក​កោះ​ទាំង​នេះ​ ដែល​វៀតណាម​ឲ្យ​ឈ្មោះ​ថា​ កោះ​ ហួង​សា។

ភូមា៖ នៅ​ក្នុង​ការ​សម្រប​សម្រួល​គ្នា​ជា​មួយ​រដ្ឋាភិបាល​ប្រទេស​ភូមា​ អង្គការ​យូនេស្កូ​បាន​ធ្វើ​សិក្ខា​សាលា​មួយ​ដើម្បី​ពិនិត្យ​មើល​ទំនាក់​ទំនង​របស់​រដ្ឋាភិបាល​ភូមា​ជា​មួយ​បណ្តាញ​ផ្សាយ​ព័ត៌មាន។ យូនេស្កូ​និយាយ​ថា​ ការ​ពិភាក្សា​បាន​ផ្តោត​ទៅ​លើ​ការ​គោរព​បទដ្ឋាន​អន្តរជាតិ​ខាង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស​អំពី​សិទ្ធិ​មនុស្ស​ជា​សាកល។

សហរដ្ឋអាមេរិក៖ ទាហាន​ម្នាក់​នៃ​កង​ម៉ារីន​អាមេរិក ឈ្មោះ ការី ស្តែន កំពុង​ប្រឈម​មុខ​នឹង​លទ្ធភាព​នៃ​ការ​បណ្តេញ​ចេញ​ពីកងទ័ព​ចំពោះ​ទំព័រ​ Facebook របស់​គាត់​ដែល​រិះគន់​ប្រធានាធិបតី​អូបាម៉ា ពី​បទ​រំលោភ​នយោបាយ​របស់​កង​ទ័ព។ តែលោក ស្តែន បាន​និយាយ​ថា លោក​គ្រាន់​តែ​អនុវត្ត​សិទ្ធិ​តាម​រដ្ឋ​ធម្មនុញ្ញ​នៃ​ការ​និយាយ​ស្តី​ដោយ​សេរី​របស់​គាត់​ ហើយ​គាត់​មិន​ដែល​និយាយ​តំណាង​ឲ្យ​ទាហាន​ម៉ារីន​ ឬ​ពេល​ស្លៀក​ពាក់​ឯក​សណ្នាន​ទេ។

ម៉ាលី៖ អាមេរិក​បាន​ចូល​រួម​ជា​មួយ​ក្រុម​ប្រទេស​កាន់​តែ​ច្រើន​ឡើង​ ក្នុង​ការ​ផ្តន្ទាទោស​រដ្ឋ​ប្រហារ​មួយ​របស់​ពួក​ទាហាន​បះបោរ​ លើ​លោក​ប្រធានាធិបតី​ អាម៉ាដូ ទួម៉ានី ទួរ​ នៃ​ប្រទេស​ ម៉ាលី។​ អាមេរិកបង្ហាញ​នូវ​ចំហរ​គាំទ្ររដ្ឋាភិបាល​ដែល​បាន​ជាប់​ឆ្នោត​ដោយ​ស្រប​ច្បាប់​របស់​លោក​ ទួរនិង​អំពាវនាវ​ឲ្យ​មាន​ការ​រៀបចំ​ឲ្យ​មាន​ការ​គ្រប់​គ្រង​តាម​រដ្ឋ​ធម្មនុញ្ញ​ឡើង​វិញ​នៅ​ក្នុង​ប្រទេសនោះ។

ស៊ីរី៖ ការ​វាយ​ប្រយុទ្ធ​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត​នៅ​ពាស​ពេញ​ប្រទេសស៊ីរី​ មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​និង​ក្រុម​ប្រឆាំង អនុវត្ត​ផែនការសន្តិភាព​មួយ ​ដែល​ប្រេសិត​អង្គការ​នេះបាន​ដាក់​ស្នើ​ដើម្បី​បញ្ចប់​ការ​បង្ហូរ​ឈាម​របស់​ក្រុម​ប្រឆាំង។ ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​គំរាមស៊ីរី​ អំពី​«ជំហាន​បន្ថែម»​ បើ​សិន​ជា​សេចក្តី​ស្នើ​សន្តិភាព​ប្រាំ​មួយ​ចំណុច​របស់​ប្រេសិត​អន្តរជាតិ​ កូហ្វី អាណាន់​ នឹង​បាន​ទទួល​ការ​បដិសេធ។

សហរដ្ឋអាមេរិក៖ នៅ​ក្នុង​ទិវា​ទឹក​ពិភពលោក​ឆ្នាំ​២០១២ លោក​ស្រី​រដ្ឋមន្រ្តី​ការ​បរទេស​ ហ្លីលឺរី គ្លីនតុន ​ បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​អាច​មាន​ធន​ធាន​ទឹក​ប្រើ​ប្រាស់។ លោក​ស្រី​មាន​ប្រសាសន៍​ថា​ ការ​បាន​ទទួល​ទឹក​ស្អាត​ប្រើ​ប្រាស់​ជា​ការ​ចាំបាច់​សម្រាប់​សុខភាព​និង​ភាព​លូត​លាស់​នៃ​សង្គម​ នៅ​ពេល​ដែល​របាយការណ៍​សម្ងាត់​ថ្មី​មួយ​របស់​អាមេរិក បាន​ព្រមាន​អំពី​គ្រោះ​ថ្នាក់​ខាង​ការ​ខ្វះ​ស្ថិរភាព​ ដែល​កើត​មាន​ឡើង​ដោយ​សារ​ការ​ខ្វះ​ទឹក​ប្រើ​ប្រាស់​ ក្នុង​ពេល​មួយ​ទសវត្សរ៍​ខាង​មុខ។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG