ប៉ាគីស្ថាន៖ គណៈកម្មាធិការមួយនៃសភាប៉ាគីស្ថានបានទាមទារឱ្យមានការសុំអភ័យទោសដោយគ្មានល័ក្ខខ័ណ្ឌពីអាមេរិកចំពោះការវាយប្រហារតាមអាកាសរបស់អង្គការអូតង់កាលពីឆ្នាំទៅដោយមានការភ័ន្តច្រទ្បំនាំឱ្យទាហានប៉ាគីស្ថាន២៤នាក់ស្លាប់នៅតាមព្រំដែនជាមួយអាហ្វហ្គានីស្ថាន។
លោកប្រធានមីអាន រ៉ាហ្សា រ៉ាប៊ីនី បានអានអនុសាសន៍របស់គណៈកម្មាធិការនេះកាលពីថ្ងៃអង្គារទៅកាន់់សម័យប្រជុំសភា។
គណៈកម្មាធិការនេះបានហៅឧប្បត្តិហេតុកាលពីខែវិច្ឆិកាថា «គ្មានបំណងបង្កហេតុ» ដោយលោកបាននិយាយថាវាជា «ការរំលោភជាក់ច្បាស់លើអធិបតេយ្យភាពប៉ាគីស្ថាន»។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានសម្តែងការសោកស្តាយដល់ការបាត់បង់ជីវិត ហើយបានទទួលការខុសត្រូវដោយផ្នែកលើការវាយប្រហារតាមអាកាសនោះ តែរហូតមកដល់ពេលនេះបានប្រកែកមិនព្រមសុំអភ័យទោសទេ ដោយបានថ្លែងថាកងកម្លាំងអូតង់បានធ្វើសកម្មភាពការពារខ្លួនឯង។
បារាំង៖ ពួកប៉ូលីសរាប់រយនាក់បានចូលរួមក្នុងការស្វែងរកជនប្រដាប់អាវុធម្នាក់ដែលជាប់សង្ស័យក្នុងការបាញ់សម្លាប់បព្វជិតសាសនាជ្វីហ្វម្នាក់និងកុមារបីនាក់នៅឯសាលារៀនជ្វីហ្វមួយក្នុងក្រុងទូលូ នាប៉ែកខាងត្បូងប្រទេស នៅពេលដែលសាលារៀននៅទូទាំងប្រទេសបាននៅស្ងាត់ស្ងៀមមួយរយៈដើម្បីរំលឹកដល់ពួកជនរងគ្រោះ។
រុស្ស៊ី៖ បានស្នើផ្តល់ការគាំទ្រមានល័ក្ខខ័ណ្ឌដល់កិច្ចខិតខំប្រឹងប្រែងរបស់បស្ចឹមប្រទេសដើម្បីនិយាយបញ្ចុះបញ្ចូលក្រុមប្រឹក្សាសន្តិសុខឱ្យយល់ព្រមដល់ផែនការសន្តិភាពមួយសម្រាប់ប្រទេសស៊ីរីដែលបានត្រូវព្រាងដោយលោក ខូហ្វី អាណាន់ ដែលជាប្រេសីតអន្តរជាតិ។
អាហ្វហ្គានីស្ថាន៖ អគ្គមេបញ្ជាការនៃកងទ័ពអាមេរិកនិងអូតង់នៅក្នុងប្រទេស បាននិយាយថាចំណងទាក់ទងរវាងកងកម្លាំងចម្រុះជាតិសាសន៍និងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននៅតែខ្លាំង ហើយថាយុទ្ធនាការយោធាមានដំណើរការល្អ ទោះណាជាមានដំណើរថយក្រោយកាលពីពេលថ្មីៗនេះក៏ដោយ។
កុងហ្គោ៖ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថាកងកម្លាំងសន្តិសុខរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានសម្លាប់មនុស្សយ៉ាងតិចណាស់៣៣នាក់ នៅក្នុងរយៈពេលនៃការបោះឆ្នោតរបស់ប្រទេសកាលពីចុងឆ្នាំទៅមិញ។
សហរដ្ឋអាមេរិក៖ ពួកសាធារណរដ្ឋនៅក្នុងរដ្ឋ អ៊ីលីណយ ដែលជារដ្ឋដែលលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ធ្លាប់តំណាងក្នុងសភាបាននាំគ្នាទៅបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីជ្រើសរើសបេក្ខជនខាងគណបក្សសាធារណរដ្ឋ ដែលពួកគេចង់ឱ្យប្រកួតប្រជែងជាមួយប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យក្នុងខែវិច្ឆិកា។
អ៊ីរ៉ង់៖ លោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា បានប្រើប្រាស់សារមួយដើម្បីកំណត់បុណ្យចូលឆ្នាំថ្មី ពែរស៍នូវរុស ដើម្បីអំពាវនាវឱ្យមានការបំបាត់អ្វីដែលលោកហៅថា «វាំងននអេឡិចត្រូនិច» នៅជុំវិញប្រទេសអ៊ីរ៉ង់។
ទីបេត៍៖ សកម្មជនទីបេត៍ម្នាក់ដែលបានធ្វើកូដកម្មបង្អត់អាហារខ្លួនឯងជិតមួយខែមកហើយនៅខាងក្រៅអង្គការសហប្រជាជាតិបន្តការតវ៉ារបស់លោកពីមន្ទីរពេទ្យមួយក្នុងបុរីញូយ៉កកាលពីថ្ងៃអង្គារ។