កាលពីថ្ងៃច័ន្ទ លោកប្រធានាធិបតីចីសេ រ៉ាម៉ូស ហរតា បានទទួលស្គាល់បរាជ័យរបស់លោកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកឱ្យបានឈ្នះឆ្នោតសម្រាប់អណត្តិទីពីរ។
ដោយជាង៧០ភាគរយនៃសន្លឹកឆ្នោតបានត្រូវរាប់រួចស្រេចហើយ លទ្ធផលបង្ហាញថាលោក ហ្វ្រង់ស៊ីស្កូ ហ្គូតេរ៉េស មកពីគណបក្ស ហ្វ្រេទីលីន ដែលជាគណបក្សប្រឆាំងធំជាងគេ បាននាំមុខគេដោយមានសន្លឹកឆ្នោតគាំទ្រប្រមាណ២៨ភាគរយ។បន្ទាប់មកគឺលោក ចូសេ ម៉ារិយ៉ា ដឹ វ៉ាស្កូសេឡូស អតីតអគ្គមេបញ្ជាការយោធាដែលមានសន្លឹកឆ្នោតគាំទ្រ២៥ភាគរយ។ បេក្ខជនទាងពីរនាក់នេះនឹងប្រកួតគ្នាក្នុងការបោះឆ្នោតជាថ្មីនៅពាក់កណ្តាលខែមេសា។
លោកប្រធានាធិបតី រ៉ាម៉ូស ហរតា ដែលជាជ័យលាភីរង្វាន់ណូបែលសន្តិភាព បានស្ថិតនៅក្រោយគេដោយមានសន្លឹកឆ្នោតគាំទ្រតែ១៨ភាគរយប៉ុណ្ណោះ។ នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃច័ន្ទ លោករ៉ាម៉ូស ហរតា បានសរសើរបេក្ខជនពីរនាក់នេះ ហើយលោកបានមានប្រសាសន៍ថាលោកប្រុងប្រៀបនឹងចុះចេញពីតំណែងហើយ។
គុយបា៖ សេតវិមាននិយាយថាការឃុំឃាំងពួកបាតុករនៅគុយបា នៅមុនទស្សនកិច្ចរបស់សម្តេចប៉ាប គូសបញ្ជាក់ «ការមើលងាយ» ដោយរដ្ឋាភិបាលក្រុង ឡាហាវ៉ាន ដល់សិទ្ធិមនុស្សជាសាកលនៃប្រជារាស្ត្រខ្លួន។
ស៊ីរី៖ កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលស៊ីរីបានប៉ះទង្គិចជាមួយពួកឧទ្ទាមនៅក្នុងសង្កាត់ជាន់ខ្ពស់មួយនៃក្រុងដាម៉ាស់ ដែលជាកន្លែងមានស្ថានទូតនិងផ្ទះសំបែងរបស់ពួកមន្ត្រីជាន់ខ្ពស់ នៅក្នុងការបាញ់គ្នាដ៏អាក្រក់បំផុតនៅក្នុងក្រុងដែលមានការត្រូតត្រាតឹងរ៉ឹងនេះចាប់តាំងពីការចាប់ផ្តើមការបះបោរដែលមានរយៈពេលមួយឆ្នាំមកហើយក្នុងប្រទេសនេះ។
បារាំង៖ ពួកប៉ូលីសនៅប៉ែកនិរតីបារាំងបាននិយាយថាមនុស្សពេញវ័យម្នាក់និងកុមារបីនាក់បានស្លាប់ ក្រោយពីជនប្រដាប់អាវុធម្នាក់បានបាញ់កាំភ្លើងនៅក្នុងសាលារៀនឯកជន ជនជាតិជ្វីហ្វ មួយនៅក្នុងក្រុងទូលូស្ស ។
សូម៉ាលី៖ មានមនុស្សយ៉ាងតិចណាស់៥នាក់បានត្រូវសម្លាប់នៅក្នុងរដ្ឋធានី ម៉ូហ្កាដេស៊ូ នៅពេលដែលពួកបះបោរបានបាញ់កាំភ្លើងត្បាល់ដាក់វិមានប្រធានាធិបតី តែត្រូវចំជំរុំពួកជនអនាថាឃ្លាតពីផ្ទះសំបែងទៅវិញ។
ហ្គីនី ប៊ីសូ៖ ប្រធាននៃគណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេស ហ្គីនី ប៊ីសូ បានសុំឱ្យមានកិច្ចការពារសន្តិសុខច្រើនជាងមុន នៅក្នុងការិយាល័យបោះឆ្នោតក្រោយពីមន្ត្រីយោធាជាន់ខ្ពស់ម្នាក់បានត្រូវធ្វើឃាតនៅថ្ងៃជាមួយគ្នានឹងការបោះឆ្នោតប្រធានាធិបតី។